កីឡាអន្តរជាតិ
អន្តរជាតិ
កាតា គ្រោង​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក ២០៣២
28, Jul 2020 , 10:59 pm        
រូបភាព
​កាតា នឹងចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវក្តៅ ឆ្នាំ ២០៣២​។ បើតាម​ការផ្សាយ​របស់ AFP នៅ​ថ្ងៃទី​២៨ ខែកក្កដា កាតា​នឹង​ដោះស្រាយ​បញ្ហា​សីតុណ្ហភាព​ក្តៅ​នៅក្នុង​ប្រទេស​ដើម្បី​ទទួលបាន​អ្នកចូលរួម​ច្រើន​កុះករ​សម្រាប់​ការដឹកនាំ​ព្រឹត្តិការណ៍​កីឡា​នេះ បើសិន​ឈ្នះ​សិទ្ធិ​រៀបចំ​។​


​ក្រៅពី​កាតា ឥណ្ឌា អូស្ត្រាលី ចិន និង​ការរួម​គ្នា​របស់​កូរ៉េ​ខាង​ត្បួ​ង​ជាមួយ​កូរ៉េខាងជើង​ក៏​កំពុង​ត្រៀមខ្លួន​សម្រាប់​ការដេញថ្លៃ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ ២០៣២ នេះ​ផងដែរ​។​
 
​ក្រោម​ការផ្លាស់ប្តូរ​ច្បាប់​ថ្មី​មួយចំនួន​ដែល​បាន​ដាក់ចេញ​ក្នុង​ឆ្នាំ ២០១៤ ប្រទេស​ដែលមាន​ចំណាប់អារម្មណ៍​បានដាក់​សំណើ​ដើម្បី​ចូលរួម​ពិភាក្សា​លើ​លក្ខខណ្ឌ​ផ្សេងៗ​ដើម្បី​ឈានទៅរ​ការដេញថ្លៃ​។ ក្នុងនោះដែរ កាតា​បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ខ្លួន​បានធ្វើ​លិខិត​មួយ​ទៅ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Lausanne ប្រទេស​ស្វ៊ី​ស​រួចហើយ​។​
 
​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​កាតា Sheikh Joaan bin Hamad bin Khalifa Al-Thani បាន​រៀបរាប់​ប្រាប់ AFP ថា​៖« សេចក្តីប្រកាស​នៅថ្ងៃនេះ​គឺជា​ការចាប់ផ្តើម​នៃ​កិច្ចពិភាក្សា​ប្រកបដោយ​អត្ថន័យ​ជាមួយ​គណៈកម្មាការ Future Host Commission របស់ IOC ដើម្បី​ស្វែងយល់​ពី​ចំណាប់អារម្មណ៍​របស់​យើង​បន្ថែមទៀត និង​កំណត់​ពី​របៀប​ដែល​អូឡាំពិក​អាច​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​រយៈពេល​វែង​របស់​ប្រទេស​កាតា​»​។ 
 
​កន្លងមក កាតា​បាន​បរាជ័យ​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​ពីរដង​រួចមកហើយ​ក្នុង​ឆ្នាំ ២០១៦ និង ២០២០​។ អូឡាំពិក​ឆ្នាំ​២០២០ បាន​ធ្លាក់​ទៅក្នុង​ដៃ​ក្រុង​តូ​ក្យូ​របស់​ជប៉ុន ខណៈ​កាតា​ដែល​ចាប់​ដៃគូ​ដេញថ្លៃ​រួមគ្នា​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​មិន​ស្ថិតក្នុង​បេក្ខភាព​ចុងក្រោយ​ឡើយ​។​
 
​អូឡាំពិក ២០២០ ត្រូវបាន​ពន្យារពេល​ដ​ល់​ឆ្នាំ ២០២១ ដោយសារតែ​ជំងឺ​រាតត្បាត COVID-19​។ ជប៉ុន​ដែលមាន​បទពិសោធ​អំពី​សីតុណ្ហភាព​នៅ​រដូវ​ក្តៅ​ផង បានរៀបចំ​កាលវិភាគ​ប្រកួត​នៅពេល​ព្រឹក​ព្រលឹម​ដែលជា​ពេល​មាន​អាកាសធាតុ​ត្រជាក់​បំផុត​។​
 
​អាកាសធាតុ​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​កាតា​។ សីតុណ្ហភាព​នៅ​រដូវក្ដៅ​ក្នុងប្រទេស​នេះ​អាច​ឡើងដល់ ៥០ ដែល​ធ្លាប់បាន​បង្ក​ជា​បញ្ហា​សម្រាប់​កម្មវិធី​កីឡា​ប្រណាំង​លើ​ដងផ្លូវ​នា​ព្រឹត្តិការណ៍​ជើងឯក​អត្តពលកម្ម​ពិភពលោក​កាលពី​ឆ្នាំមុន​ដែល​ធ្វើឡើង​នៅ​ក្រុង​ដូ​ហា​រួចមកហើយ​។ 
 
​ក្នុងការ​ដេញថ្លៃ​សម្រាប់​ឆ្នាំ​២០៣២ កាតា​បាន​រក​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ ដោយ​ពួកគេ​អាច​នឹង​ជ្រើស​រើសយក​រដូវ​ត្រជាក់​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​រដូវក្តៅ​នេះ​វិញ​។ ស្របគ្នា​នេះដែរ ប្រធាន IOC លោក​Thomas Bach ក៏បាន​បង្ហាញ​ភាពសប្បាយ​រីករាយ​ផងដែរ​ជុំវិញ​គម្រោង​ដេញថ្លៃ​របស់​កាតា​នេះ​។​
 
​សូមបញ្ជាក់ថា​កាតា នឹងត្រូវ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​តិ្ត​ការណ៍​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០២២​។ ប្រសិនបើ​កាតា​អាច​ទទួលបាន​សិទ្ធិ​រៀបចំ​អូឡាំពិក ឆ្នាំ​២០៣២ មែន មានន័យថា​ប្រទេស​នេះ​នឹង​ក្លាយជា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ដំបូង​ផុត​សម្រាប់​ព្រឹត្តិការណ៍​នេះ​៕ 
 
 

Tag:
 កាតា​
  អូឡាំពិក​
© រក្សាសិទ្ធិដោយ thmeythmey.com