ជាតិ
សេដ្ឋកិច្ច
ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​៖ ជោគជ័យ​នៃ​ការនាំចេញ​អង្ករ​បាន​១​លាន​តោន អាស្រ័យ​លើ​ការបញ្ជាទិញ​ពី​ចិន​
28, Jul 2020 , 5:29 pm        
រូបភាព
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មី។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មី។
ភ្នំពេញ​៖ កម្ពុជា​អាច​នាំចេញ​អង្ករ​បាន​យ៉ាងតិច​៨០​ម៉ឺន​តោន ក្នុង​២០២០ ហើយ​ឈាន​សម្រេច​គោលដៅ​ក្នុង​ការនាំ​អង្ករ​ឱ្យបាន​១​លាន​តោន នៅ​ឆ្នាំ​២០២១​។ នេះ​ជាការ​លើកឡើង​របស់លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

 
​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា ការសម្រេចបាន​នូវ​ការនាំចេញ​អង្ករ​១​លាន​តោន​នេះ គឺ​អាស្រ័យ​លើ​ការបញ្ជាទិញ​ពី​ប្រទេស​ចិន ខណៈ​បច្ចុប្បន្ន ប្រទេស​មហាអំណាច​មួយ​នេះ ជាទី​ផ្សារ​អង្ករ​ធំ​លំដាប់​ទី​១​របស់​កម្ពុជា​។ បើតាម​លោក សុង សារ៉ន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចិន​នាំ​អង្ករ​ចូល​ពី​កម្ពុជា មាន​កំណើន​ពី​១០​ទៅ​១៥​ភាគរយ ឬ​លើសពីនេះ​។   
 
សូម​អញ្ជើញ​ទស្សនា​វីដេអូ​សម្ភាស រវាង លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជាមួយ​កញ្ញា អ៊ូ សុខ​មាន អ្នកសារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖​
 
 
«​ជោគជ័យ​យើង​[​ក្នុងការ​នាំចេញ​អង្ករ​] ១​លាន​តោន​ហ្នឹង គឺ​អាស្រ័យ​ទៅ​ចិន​ហ្នឹងឯង​»​។ នេះ​ជាការ​លើកឡើង​របស់ លោក សុង សារ៉ន ដោយបាន​បន្តថា ប្រសិនបើ​ចិន អត់​ពង្រីក​ការបញ្ជាទិញ​អង្ករ​ពី​កម្ពុជា ដោយ​នៅមាន​លក្ខណៈ​ទ្រឹង ឬ​ការបញ្ជាទិញ​មាន​ទំហំ​តូច​ជាង​៣៥​ភាគរយ សម្រាប់​ឆ្នាំ​២០២០​នោះ គោលដៅ​នាំចេញ​១​លាន​តោន នឹងត្រូវ​ពន្យារពេល​។​
 
​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២០ ចិន​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​រហូតដល់ ១៤៧ ៩៤៩​តោន ស្មើនឹង​៣៧​ភាគរយ នៃ​ទីផ្សារ​សរុប​របស់​កម្ពុ​ជា​ដែល​ជិត​៤០​ម៉ឺន​តោន​។  នេះ​បើតាម លោក សុង សារ៉ន​។ 
 
​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey លោក សុង សារ៉ន បានបញ្ជាក់​ដូច្នេះ​៖«​កាល​ឆ្នាំ​២០១៩ ចិន​បាន​ចូលរួម​៤០​ភាគរយ​នៃ​ទីផ្សារ​[​អង្ករ​] យើង ចឹ​ង​ឥឡូវ​ហ្នឹង​យើង​ទើបតែ​ឃើញ​គាត់​[​ចិន​ទិញ​អង្ករ​]៣៣-៣៤​ភាគរយ ទេ​។  អ៊ីចឹង ចិន​ត្រូវ​ឡើងដល់​៤០​ភាគរយ​វិញ​»​។ 
 
​លោក សុង សារ៉ន ចង់​សង្កត់ធ្ងន់ថា បើ​ចិន​ទិញ​អង្ករ​ពី​កម្ពុជា​ឱ្យបាន​៤០​ភាគរយ ដោយ​ស្មើ​៣៥​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​នឹង​សម្រេច​ក្នុង​ការនាំ​អង្ករ​ចេញ​បាន​១​លាន​តោន​នៅក្នុង​ឆ្នាំ​២០២១ ស្របតាម​គោលដៅ​របស់​រដ្ឋាភិបាល ដែល​បានកំណត់​តាំង​២០១៥​មក​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ក៏​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ នៅ​មើលឃើញ​សក្កា​នុព​ល​ទីផ្សារ​ដ៏​ធំ​នៃ​ប្រទេស​ចិន និង​ឱកាស​សម្រាប់​កម្ពុជា​នាំ​អង្ករ​ចូល ។​លោក​មាន​សុទិដ្ឋិនិយម​ថា «​ការនាំចេញ​អង្ករ​១​លាន​តោន​របស់​កម្ពុជា​នឹង​អាច​សម្រេចបាន​នៅក្នុង​ឆ្នាំ​២០២១ តាមរយៈ​ការចរចារ​ទីផ្សារ នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច រវាង​ប្រទេស​ចិន​និង​កម្ពុជា​។ 


រូបថត៖ សហព័ន្ធស្រូវអង្ករកម្ពុជា

​លោក សុង សារ៉ន បាន​អះអាងថា ថ្វី​ដ្បិត ចិន​ជាទី​ផ្សារ​អង្ករ​ធំ​របស់​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​កម្ពុជា​មិន​ពឹង​ផ្អែកលើ​ចិន​ទាំងស្រុង​នោះទេ ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ពង្រីក​ការនាំចេញ​អង្ករ​ទៅ​តំបន់​អឺរ៉ុប​បាន​ប្រមាណ​៣០​ភាគរយ​, ទីផ្សារ​អាស៊ាន​មាន​ជាង​១០​ភាគរយ និង​ទីផ្សារ​គោលដៅ​ផ្សេងៗ​ទៀត មាន​ជាង​១៥​ភាគរយ ដើម្បី​រួមគ្នា​សម្រេច​ការនាំ​អង្ករ​ឱ្យបាន​១​លាន​តោន នៅពេល​ខាងមុខនេះ​។​
 
​កាល​ឆ្នាំ​២០១៩ កម្ពុជា​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ បាន​ជាង​៦២​ម៉ឺន​តោន​។ ក្នុងនោះ​នាំទៅ​ចិន បាន​២៤៨,១០៥​តោន​។ សហភាព​អឺរ៉ុប​បាន ២០២,៩៩០​តោន​, ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​៨៣,១៦៤​តោន និង ប្រទេស​ផ្សេងៗ​ទៀត​បាន ៨៥,៨៤៧​តោន​តោន​។ បច្ចុប្បន្ននេះ ចិន​បាន​ដំឡើង​កូតា​៤០​ម៉ឺន​តោន ក្នុងការ​នាំចូល​អង្ករ​ពី​កម្ពុជា​៕ 
 
 

Tag:
 អង្ករ​
  លោក សុង សារ៉ន​
© រក្សាសិទ្ធិដោយ thmeythmey.com