ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ទោះកូ​វីដ​-១៩​ មិនទាន់​ស្ងប់ស្ងាត់ ពលរដ្ឋ​បន្ត​ហាត់ប្រាណ ដើរលេង និង​រកស៊ី​ជាប្រក្រតី
29, Jul 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អំឡុង​ពេលដែល​កម្ពុជា មានការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩​ក្នុង​ខែកុម្ភៈ​ដល់​ខែមេសា​កន្លងមក ពលរដ្ឋ​បាននាំគ្នា​ភ័យខ្លាច ដោយ​ផ្អាក​សកម្មភាព​មួយចំនួន​នៅតាម​ទីសាធារណៈ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។  ប៉ុន្តែ​បច្ចុប្បន្ន​ទោះបី​មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ កាន់តែ​កើនឡើង​ក្តី តែ​ពលរដ្ឋ​មិន​ចោល​ទម្លាប់​ដើរ​ហាត់ប្រាណ  ដើរលេង​ជួបជុំ​គ្រួសារ និង​មិត្តភក្តិ​ឡើយ​។ ចំណែក​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ក៏​នាំគ្នា​បើក​អាជីវកម្ម​វិញ ហើយ​គ្រូ និង​សិស្ស​ក៏​ចាប់ផ្តើម​មក​បង្រៀន និង​រៀន​តាម​ទម្លាប់​ចាស់​វិញ​។

 
​អនុវត្ត​លំ​ហាត់ប្រាណ​ដើម្បី​ឲ្យ​សុខភាព​រឹងមាំ  
 
​នៅវេលា​ម៉ោង​៥​កន្លះ​ល្ងាច​នៅតាម​ផ្លូវ​ថ្មើរជើង​តាម​ដង​ទន្លេចតុមុខ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​ពេលដែល​ពលរដ្ឋ​ជាច្រើន​បាននាំគ្នា​អង្គុយលេង ពិភាក្សាគ្នា អង្គុយ​បរិភោគ​នំចំណី គយ​គន់មើល​ទេសភាព​។ អ្នកខ្លះ​ដើរ​ហាត់ប្រាណ ជិះ​កង់ និង​ជិះ​ស្គី​ជាដើម​។ ក្នុងចំណោម​ពលរដ្ឋ​ទាំងអស់នោះ ដោយ​អ្នកខ្លះ​បាន​ពាក់​ម៉ាស់ ហើយ​អ្នក​ខ្លះទៀត​ក៏​មិនបាន​ពាក់​ម៉ាស់​ទាល់តែសោះ​។ 
 

សកម្មភាពពលរដ្ឋ​ហាត់ប្រាណនៅតាម​បណ្តោយផ្លូវថ្មើរជើងតាមដងទន្លេចតុ​មុខ

​តាម​បណ្តោយ​ផ្លូវ​ថ្មើរជើង​តាម​ដងផ្លូវ​មាត់ទន្លេ​ចតុមុខ ដែល​ស្ថិតនៅ​ទល់មុខ​កំពង់ចម្លង​អរិយ​ក្សត្រ ជាទី​កន្លែង​ដែល​អ្នកស្រី ទួន សូរិយា ចូលចិត្ត​មក​ហាត់ប្រាណ ដោយ​កាយវិការ​លើកដៃ លើកជើង និង​ដើរ​ជា​រៀងរាល់​ល្ងាច តាំងពី​មិនទាន់មាន​ជំងឺ​រាតត្បាត​មកម្ល៉េះ ដើម្បី​ប្រឆាំងនឹង​ជំងឺ​ប្រចាំកាយ​របស់​អ្នកស្រី​។ ប៉ុន្តែ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ឡើងមក អ្នកស្រី​បាន​ផ្អាក​ហាត់ប្រាណ​នៅតាម​ទីសាធារណៈ​ចំនួន​៤​ខែ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ 
 
​ប៉ុន្តែ​អំឡុងពេល​ផ្អាក​ហាត់ប្រាណ​នេះ ជំងឺ​ក្នុង​ខ្លួន​អ្នកស្រី ចាប់ផ្ដើម​ធ្វើទុក្ខ​ឡើងវិញ​។ ជំងឺ​សន្លាក់ ជំងឺ​ក្រពះ រលាក​ច្រមុះ ជំងឺលើសឈាម និង​ជំងឺ​តម្រងនោម​របស់​អ្នកស្រី ចាប់ផ្តើម​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នកស្រី​ទន់ខ្សោយ​។ ដោយ​យល់ថា​ស្ថានភាព​នៃ​ជំងឺ​របស់ខ្លួន​ធ្ងន់ធ្ងរ ស្របពេល​ជំងឺ​កូ​វីដ​-១៩​មិនទាន់​ឆ្លង​ចូល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ អ្នកស្រី​ក៏​សម្រេចចិត្ត​ចំណាយពេល​២​ម៉ោង​ក្នុង​មួយថ្ងៃ​ដើរ​ហាត់ប្រាណ​តាម​ទម្លាប់​ចាស់​របស់​អ្នកស្រី​វិញ តាំងពី​ខែមិថុនា​មកម្ល៉េះ​។​
 
​មាន​វ័យ​៦៥​ឆ្នាំ អ្នកស្រី សូរិយា បាន​និយាយថា  ការណ៍​ដែល​ខ្លួន​ត្រឡប់មក​ហាត់ប្រាណ​វិញ ដោយសារតែ​ខ្លួន​ភ័យខ្លាច​នឹង​ជំងឺ​ប្រចាំកាយ​ជា​ឆ្នាំ​មកហើយ ជាង​ជំងឺ​កូ​វីដ​-១៩​ទៅទៀត​។ អ្នកស្រី​អះអាង​ដូច្នេះ ដោយ​អ្នកស្រី យល់ថា​ជំងឺ​កូ​វីដ​-១៩ ជា​ជំងឺ​ដែល​អាច​ព្យាបាល​ជា សម្រាប់​មនុស្ស​ដែលមាន​សុខភាព​ល្អ ប៉ុន្តែ​បើ​កើត​លើ​មនុស្ស​ដែលមាន​ជំងឺ​វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​។ 
 
​អ្នកស្រី​រៀបរាប់​ដូច្នេះ​ថា​៖«​ដោយសារ​ខ្ញុំ​ភ័យខ្លាច​ជំងឺ​របស់ខ្ញុំ​វា​ធ្វើទុក្ខ​។ ខ្ញុំ​ហាត់ប្រាណ​ដើម្បី​ឲ្យ​ចេញ​ជាតិពុល​។ កាលណា​ខ្ញុំ​ហាត់ប្រាណ​គឺ​ខ្ញុំ​ទៅ​កន្លែង​ណា​ដែល​គ្មាន​មនុស្ស​ច្រើន​»​។  
 
​អ្នកស្រី សូរិយា មិនមាន​ទម្លាប់​ហាត់ប្រាណ​នៅផ្ទះ​ឡើយ ព្រោះ​នៅពេលដែល​ហាត់ប្រាណ​នៅផ្ទះ​គឺ​រំខាន​ដល់​ការតាំង​ចិត្ត​ហាត់ប្រាណ​របស់​អ្នកស្រី​។ អ្នកស្រី បាន​រៀបរាប់​ដូច្នេះ​ថា​៖«​មក​ហាត់ប្រាណ​នៅទីនេះ យើង​អាច​ឃើញ​គេ ឃើញ​ឯង ធ្វើ​ឲ្យ​អារម្មណ៍ល្អ ចង់តែ​ហាត់ប្រាណ​។ តែបើ​នៅផ្ទះ ខ្ញុំ​ខ្ជិល​។ យើង​ធ្វើៗ​ទៅ ចេះតែ​ចង់​ដេក​។ ដល់ពេល​មក​ហាត់​នៅ​នេះ យើង​អាច​ស្រប​យក​ខ្យល់អាកាស​បាន​»​។ 
 
​ចម្ងាយ​៤០​គីឡូម៉ែត្រ ពី​ភ្នំពេញ ទៅ​ជ្រាយ​ក្រុង ដោយ​ជិះ​កង់​ធ្វើដំណើរ​ទៅមក គឺជា​ទម្លាប់​មួយ របស់លោក ឡាក់ ចំរើន ដែល​តែងតែ​ចំណាយពេល​៤​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង​៥​ភ្លឺ ដល់​ម៉ោង​៨​ព្រឹក​ជា​រៀងរាល់ថ្ងៃ មុនពេល​មិនទាន់​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ។ ប៉ុន្តែ​ក្រោយពី​មានការ​រាតត្បាត​ជំងឺ​នេះ​មក លោក​បន្ថយ​មក​ជិះ​កង់​ត្រឹម​៣​ដង​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​។  
 
​លោក ចំរើន ដែលជា​ម្ចាស់​យានដ្ឋាន​មួយរូប យល់ថា ការ​ជិះ​កង់​ហាត់ប្រាណ​នៅ​សម័យ​កូ​វីដ​-១៩ នេះ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​សម្រាប់​ជួយ​ឲ្យ​រាងកាយ​របស់លោក​មាំមួន​។ លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ដំបូង​ខ្ញុំ​ធាត់ អ៊ីចឹង​ខ្ញុំ​រាល់ថ្ងៃ​ជិះ​ឲ្យ​ស្រក​គីឡូ​។  ការហាត់​ប្រាណ​ដោយ​ជិះ​កង់វា​ខុសពី​ការលេង​បាល់ និង​ហាត់​នៅក្នុង​ក្លិប​ដែល​នៅ​ជិតគ្នា និង​ប៉ះពាល់​គ្នា​។ ប៉ុន្តែ បើ​ជិះ​កង់ យើង​មាន​កង់​ម្នា​ក់មួយៗ ដែល​យើង​នៅ​ចម្ងាយ​ពីរ ឬ​បី​ម៉ែត្រ​ពីគ្នា​»​។  
 
​កម្សាន្ត​នៅតាម​ព្រៃភ្នំ ជួយ​ឲ្យ​សុខភាព​ផ្លូវចិត្ត​ល្អប្រសើរ 
 
​ខណៈ​ពលរដ្ឋ​នាំគ្នា​គិតគូរ​ពី​ការអនុវត្ត​វិធានការ​អនាម័យ និង​ការអនុវត្ត​លំ​ហាត់ប្រាណ ដើម្បី​ឲ្យ​សុខភាព​របស់​ពួកគេ​រឹងមាំ នៅក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ នេះ​។ ពលរដ្ឋ​មួយចំនួន ជាពិសេស​យុវជន ក៏បាន​ធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ហើយ​ខ្លះទៀត​ក៏​កំពុងតែ​រៀបចំ​គម្រោង​ដើរលេង ដើម្បី​ឲ្យ​ជីវិត និង​ផ្លូវចិត្ត​របស់​ពួកគេ​ស្រស់ស្រាយ​។  
 
 
​នៅ​តំបន់​ជួរ​ភ្នំ ដែល​សម្បូរ​ដោយ​ព្រៃព្រឹក្សា រមណីយដ្ឋាន​ធម្មជាតិ ដែល​ស្ថិតនៅតាម​ខេត្តព្រះវិហារ សៀមរាប និង​បាត់ដំបង ជា​កន្លែង​ដែល កញ្ញា គឹម លី​ហៀ​ង យុវជន​ស្ម័គ្រចិត្ត​នៅ​ក្រុមយុវជន​ក្រៀល​កម្ពុជា បាន​ទៅដល់​ក្នុង​រយៈពេល​ខែមិថុនា និង​ខែកក្កដា ក្រោយ​ពេលដែល​កញ្ញា ផ្អាក​ដើរ​កម្សាន្ត​អស់​រយៈពេល​៤​ខែ​មកហើយ​។ តំបន់​ទេសចរណ៍​ដែល លី​ហៀ​ង បាន​ទៅដល់​នោះ ភាគច្រើន​ស្គាល់​តាមរយៈ​ការផ្សព្វផ្សាយ​យ៉ាង​ផុសផុល តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ 
 

កញ្ញា គឹម លីហៀង យុវជនស្ម័គ្រចិត្តនៅក្រុមយុវជនក្រៀលកម្ពុជា កំពុងតែឈរ​នៅលើ​ភ្នំត្បែង ខេត្ត​ព្រះវិហារ

​ធ្លាប់ជា​យុវជន​ស្ម័គ្រចិត្ត ដែល​ធ្វើការ​ជាមួយ​យុវជន និង​ពលរដ្ឋ​តាម​សហគមន៍ កញ្ញា លី​ហៀ​ង ក៏​គិតថា ការធ្វើដំណើរ​មក​កម្សាន្ត​លេង​នៅតាម​តំបន់​ព្រៃភ្នំ ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩ បាន​ជំរុញ​ចិត្ត​នាង ឱ្យ​ស្រឡាញ់​ធម្មជាតិ និង​ឲ្យ​អារម្មណ៍​ស្រស់បស់​ជាមួយនឹង​សម្រស់​ធម្មជាតិ​។ លើសពីនេះ​ក៏​ជា​ឱកាស​ឲ្យ​លី​ហៀ​ង​អាច​ស្គាល់ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​យុវជន និង​ពលរដ្ឋ​នៅ​តំបន់​ដទៃទៀត​ផងដែរ​។​
 
​មាន​វ័យ​២៤ ឆ្នាំ កញ្ញា លី​ហៀ​ង និយាយ​ដូច្នេះ​ថា​៖«​ពេល​ទៅ​ដើរលេង​ភ្នំ វា​ជួយ​ឲ្យ​យើង​រឹងមាំ​ជាង​មុន​។ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ពី​ធម្មជាតិ មាន​ភាពស្ងប់ស្ងាត់ បាន​ស្គាល់​ពលរដ្ឋ និង​យុវជន​ជាច្រើន​តាមរយៈ​ដំណើរ​កម្សាន្ត​»​។ 
 
​ក្រៅពី​ដោះស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍​នោះ កញ្ញា លី​ហៀ​ង យល់ថា ការដើរ​កម្សាន្ត​នៅតាម​តំបន់​ធម្មជាតិ​ក្នុងប្រទេស អាចរួមចំណែក​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក ឲ្យ​មាន​ចំណូល​ដល់​ពលរដ្ឋ ដែល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​ទៀតផង ។ កញ្ញា លី​ហៀ​ង បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការដើរ​លេង​វា​ជា​ចំណែក​មួយ​ជួយ​ឲ្យ​ពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​ទេសចរណ៍​មាន​ចំណូល​ពី​យើង​។ ព្រោះ​ពេល​មាន​ជំងឺ​កូ​វីដ គឺ​ពួកគាត់​បាត់បង់​ចំណូល​ច្រើន​។ នៅពេលដែល​គាត់​ឃើញ​យើង​ទៅដល់ ពួកគាត់​សប្បាយចិត្ត គាត់​ញញឹម​។ នេះ​ជា​ក្តីសង្ឃឹម​របស់គាត់​មួយ​»​។ 
 

 អាហារ​​របស់​កញ្ញា គឹម លីហៀង ដែល​​​ពិសានៅ​លើភ្នំ គូលេន ខេត្ត​ព្រះវិហារ  រូបផ្ទាល់​​ពី​កញ្ញា គឹម​ លីហៀង

​ក្រោយ​កម្ពុជា​បាន​ស្ងប់ស្ងាត់​ពី​ជំងឺ​កូ​វីដ​-១៩ ក្នុងអំឡុង​ខែឧសភា សម្រាប់​កញ្ញា សាំង លី​ណែ​ត ក៏​យល់ថា ពេលនោះ​ជា​ឱកាស​អំណោយផល​ឲ្យ​កញ្ញា អាច​ទៅ​កម្សាន្ត​អារម្មណ៍ និង​លំហែកាយ​នៅតាម​តំបន់​ព្រៃភ្នំ និង​ទឹកធ្លាក់ ដោយ​គ្មាន​ភាព​ភ័យព្រួយ​ពី​ជំងឺ​នោះឡើយ​។ ដោយសារ​ជឿជាក់​លើ​ការ​អនាម័យ​របស់ខ្លួន​ជាប្រចាំ​ថ្ងៃនោះ ទើប​បច្ចុប្បន្ន​កញ្ញា លី​ណែ​ត ហ៊ាន​ចេញ​ជួបជុំ បរិភោគ​អាហារ​ជាមួយ​មិត្តភក្តិ​តាម​កន្លែង​សាធារណៈ​ផងដែរ​។​
 
​ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កញ្ញា លី​ណែ​ត​បាន​និយាយ​ដូច្នេះ​ថា​៖«​ទើប​ពេលដែល​បាត់​កូ​វីដ​ទេ បាន​ពួក​ខ្ញុំ​រៀប​គម្រោង​ដើរលេង តែ​ភាគច្រើន​ខ្ញុំ​ចុះទៅ​ខេត្ត មិនមែន​ទៅ​ទីប្រជុំជន​ទេ ខ្ញុំ​ភាគច្រើន​ដើរទៅ​បោះតង់​នៅលើ​ភ្នំ ឬ​ទៅលេង​នៅ​ជ្រោះ នៅ​ព្រៃ​អី  គឺ​មានតែ​គ្នា​ខ្ញុំ​ប៉ុន្មាន​នាក់​ទេ អត់​មាន​អ្នកផ្សេង​ទេ​។  ពេល​ខ្ញុំ​ចេញទៅ​ទីណា​អ៊ីចឹង ខ្ញុំ​ពាក់​ម៉ាស់ និង​លាងដៃ ហើយ​ពេល​ខ្ញុំ​ទៅ​ហាង​អាហារ​ដ្ឋា​ន​អី គឺ​ខ្ញុំ​ទៅ​តែ​កន្លែង​ណា​ដែល​គេ​មានទឹក​អាល់កុល និង​គេ​វាស់​កម្តៅ​»​។ 
 
​ម្ចាស់​អាជីវករ​ខ្លាច​ធ្លាក់ចុះ​សេដ្ឋកិច្ច ជាង​ខ្លាច​ជំងឺ​កូ​វីដ​-១៩ 
 
​ថ្វី​ដ្បិត​ករណី​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​កាន់តែ​បន្ត​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​-​ធំ​ខ្លះ មិន​ហ៊ាន​ផ្អាក​លក់ដូរ​នោះទេ ដោយសារ​ខ្លាច​គ្មាន​លុយ​សងបំណុល​គេ​មិនទាន់​។  ចំណែក​ម្ចាស់​អាជីវកម្ម​ខ្លះទៀត​បាន​ផ្អាក​អាជីវកម្មរ​មួយរយៈ​ដែរ​។ តែ​ក្រោយមក​ក៏​បើក​អាជីវកម្ម​វិញ​។ ពីព្រោះ​ពួកគេ​សុទ្ធតែ​ភ័យខ្លាច​នឹង​ការបាត់បង់​ចំណូល​ជាង​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​ទៅទៀត​។ 
 
​អ្នកស្រី ហាយ សុខុម ដែលជា​អាជីវករ​លក់​បន្លែ​ផ្លែឈើ​នៅ​ផ្សារ​ដើម​គរ មិនបាន​ផ្អាក​របរ​របស់ខ្លួន​ឡើយ តាំងពី​ជំងឺ​នោះ​ចូលមក​កម្ពុ​ជាដំបូង​។ អ្នកស្រី សុខុម និយាយថា បើកាលណា​ផ្អាក​របរ​នេះ នឹងធ្វើ​ឲ្យ​អ្នកស្រី​គ្មាន​លុយ​បង្វិល​ឲ្យ​ធនាគារ ថ្លៃ​តូប ថ្លៃ​ផ្ទះជួល ទឹក​ភ្លើង និង​ថ្លៃ​ការផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ឡើយ​។ ស្ថិតក្នុង​ភាព​មមាញឹក​នឹង​ការរៀបចំ​បន្លែ​ទៅតាម​កន្លែង​នីមួយៗ​ក្នុង​តូប អ្នកស្រី សុខុម បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​ខាន​លក់​ទៅ យើង​នឹង​អត់​មាន​លុយ​សង​គេ​។ ទោះបី​តិចតួច ក៏​ចេះតែ​ប្រឹងរក ដើម្បី​មក​ទប់​ជីវភាព​គ្រួសារ​ដែលមាន​កូន​បីនាក់ និង​បាន​លុយ​ខ្លះមក​សង​គេ​»​។  
 

អ្នកស្រី ហាយ សុខុម ដែលជាអាជីវករលក់បន្លែផ្លែឈើនៅផ្សារដើមគរ

​បុរស​ម្នាក់​កំពុង​អង្គុយ​សម្រាក​ប្រមាណ​២០​នាទី​នៅ​សួនច្បារ​ក្បែរ​រូបសំណាក​សម្តេចឪ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ គឺ​លោក សែម ទិ​ត្យ ដែលជា​អាជីវករ​លក់​លៀស​ហាល ក៏​មិន​ខុសពី​អាជីវករ​ខាងលើ​ដែរ​។ ពាក់អាវ​ក្រឡា​ឆ្នូត​ក្រហម​ស ពាក់​ម៉ាស់ និង​ពាក់មួក​ត្នោត ដោយបាន​ដើរ​រុញ​រទេះ ពោរពេញ​ទៅដោយ​លៀស​ហាល​ប្រឡាក់​គ្រឿង ក្នុង​ចម្ងាយ​៥​គីឡូម៉ែត្រ​ម្តង ឈប់សម្រាក​នោះ  បាន​និយាយថា​៖«​ចេះតែ​ហ៊ាន​ដើរ​លក់ បើ​យើង​មិន​លក់ ហើយ​បើ​យើង​ចាំតែ​ភ័យ​នោះ បាន​លុយ​ណា​ចាយ ហើយ​បាន​លុយ​ណា​ទិញ​ម្ហូប​ទៅ​»​។ 
 

លោក សែម ទិត្យ ជាអាជីវករលក់លៀសហាល ដែលបណ្តើរ​លក់​ពីបឹងត្របែក មក​ដល់​សួន​ច្បារសម្តេច ហ៊ុន​ សែន

​សម្រាប់ លោក ឃុ​ត សាវឿន ដែលជា​អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌា​វិញ មិនដែល​ផ្អាក​មុខរបរ និង​ជួប​បញ្ហា​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​ដូច​ឆ្នាំ​នេះឡើយ ។ លោក​បាន​ប្រកបមុខរបរ​នេះ អស់​រយៈពេល​១០​ឆ្នាំកន្លងមក ដោយ​រត់​ម៉ូតូ​កង់​បី​ខ្មែរ​៨​ឆ្នាំ ហើយ​២​ឆ្នាំ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​។ «​កាល​ផ្ទុះ​ខ្លាំង យើង​រកលុយ​អត់​បាន ដោយ​កាលនោះ​មនុស្ស​អត់​សូវ​ចេញ និង​ជិះ​កង់​បី​ទេ ហើយ​ពេលនោះ​ក៏​យើង​អត់​សូវ​ហ៊ាន​ចង់​ដឹក​ទៀត​។ ប្រាក់ចំណូល​កាល​ហ្នឹង​សឹងតែ​បាត់​៨០​ភាគរយ​»​។  នេះ​ជាការ​រៀបរាប់​របស់ លោក សាវឿន ដែល​និយាយ​ទាំង​ពាក់​ម៉ាស់ បាន​បន្តថា បច្ចុប្បន្ន​លោក​លែង​ភ័យ​ពី​ជំងឺ ដោយ​ភ័យ​ពី​បាត់បង់​ចំណូល​វិញ​។ 
 
​តាមរយៈ​ការពាក់​ម៉ាស់ បាញ់​ទឹក​អាល់កុល​សម្លាប់​មេរោគ​ជុំវិញ​កន្លែង​អង្គុយ​ក្រោយពី​ដឹក​ភ្ញៀវ​រួច និង​តាមដាន​ពី​ស្ថានភាព​ជំងឺ តាម​ការផ្សព្វផ្សាយ​រប​ស់​ក្រសួងសុខាភិបាល​ជាប្រចាំ​ថ្ងៃ​មក បានធ្វើ​ឲ្យ​បុរស​វ័យ​៤៥​ឆ្នាំ​រូបនេះ លែង​ភ័យ​ពី​ជំងឺ​ដូច​មុន ។ សម្រាប់​លោក ខិតខំ​ប្រឹងប្រែង​រកថ​វិកា​មក​ផ្គត់ផ្គង់​គ្រួសារ គឺជា​រឿង​សំខាន់​ជាង​ជំងឺ​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ឥឡូវ​ខ្ញុំ​អន់​ភ័យ​ហើយ ឥឡូវ​ខ្ញុំ​ភ័យ​រឿង​អត់លុយ​វិញ​។ ណាមួយ​ខ្ញុំ​តែងតែ​មើល​ព័ត៌មាន​ថា មាន​គេ​ព្យាបាល​ជាសះស្បើយ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ខ្ញុំ​អត់​សូវ​ជា​ភ័យ​ទេ​។ ទោះ​ខ្ញុំ​មិនសូវ​ភ័យ តែ​ខ្ញុំ​នៅតែ​ប្រុងប្រយ័ត្ន​ការពារ​ជានិច្ច​។ ឥឡូវ​ខ្ញុំ​ចេញមក​រកស៊ី​វិញ ទោះបីជា​អត់​សូវ​រកបាន តែ​ខ្ញុំ​ចេះតែ​ខំប្រឹង​រក​ទៅ វា​គ្រាន់បើ​ជាង​អត់​រក​ដែរ​»​។  
 

​ លោក ឃុត សាវឿន ដែលជាអ្នករត់ម៉ូតូកង់បីឥណ្ឌា

​តែ​យ៉ាងណា​អ្នក​ប្រក​បរបរ​តូចតាច​ទាំងនោះ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា បើសិន​ជំងឺ​កូ​វីដ​-១៩ ឆ្លង​រាលដាល​ខ្លាំង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ណាមួយ ពួកគេ​នឹង​ផ្អាក​អាជីវកម្ម​របស់ខ្លួន​ជា​បណ្តោះអាសន្ន និង​ប្រើ​ថវិកា​ដែល​ខ្លួន​បាន​សន្សំ​ពី​ការរកស៊ី​ក្នុងសម័យ​កូ​វីដ​-១៩ សម្រាប់​ត្រៀម​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ 
 
​គ្រូ និង​សិស្ស បន្ត​ការអប់រំ​តាម​អន​ឡាញ​ផង និង​តាម​សាលា​ផង 
 
​កម្ពុ​ជាមាន​កំណើន​នៃ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ដែល​សុទ្ធសឹង​ជា​ករណី​ឆ្លង​នាំចូល​ច្រើន​។ ជា​ជំហាន​ដំបូង​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​តែ​សាលា​ឯកជន ដែលមាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​ខ្លះ​បើក​ដំណើរការ​វិញ​។  ចំណែក​សាលា​រដ្ឋ រាជរដ្ឋាភិបាល​នឹង​ប្រកាស​បើក ក្នុងករណី​កម្ពុជា​អាច​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​បាន​។ តែ​យ៉ាងណា ក្នុងស្ថានភាព​នេះ មិនមែន​ឲ្យ​គ្រូ និង​សិស្ស ត្រូវតែ​បង្រៀន និង​រៀន​តាម​អន​ឡាញ​ជា​រៀងរាល់ថ្ងៃ​នោះទេ​។ យ៉ាងហោចណាស់​ពួកគេ​ក៏បាន​ជួបគ្នា​ម្តង ទៅ​២​ដង​ក្នុង​មួយ​សប្តាហ៍​ដែរ​។  
 
​លោក យ៉េ​ង វាសនា ដែលជា​គ្រូបង្រៀន​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ​នៅ​ខេត្តកំពង់ចាម កំពុងតែ​ខ្វាយខ្វល់​ពី​កំណើន​នៃ​ជំងឺ​កូ​វីដ​-១៩​ដែរ ប៉ុន្តែ​លោក​នៅតែ​មិន​បោះបង់​ការបង្រៀន​សិស្ស​ផ្ទាល់​នៅតាម​ផ្ទះ និង​តាម​ភូមិ ២​ទៅ​៣​ដង ក្នុង​មួយ​សប្តាហ៍​ឡើយ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ការចុះទៅ​បង្រៀន​ពួកគាត់​ផ្ទា​ល់វា​ជួយ​ឲ្យ​ពួកគាត់​បាន​យល់​មេរៀន​ជាង​។ ហើយ​ពេល​នោះដែរ​ក៏​យើង​អាច​ណែនាំ​ពួកគាត់​ពី​វិធី​ការពារ​ជំងឺ​ផ្សេងៗ​ផងដែរ​»​។ 
 
​ទោះបី​បច្ចុប្បន្ន​សិស្ស​លែង​ស្លៀក​សំលៀកបំពាក់​ឯកសណ្ឋាន​សិស្ស និង​លែង​ឮ​សំឡេង​ជួង​ដែល​បន្លឺឡើង និង​ឈរ​គោរព​ទង់ជាតិ​ដូច​មុន​ក្តី ប៉ុន្តែ​សិស្សានុសិស្ស​ខ្លះ​ក៏បាន​វិល​ទៅ​សាលា​វិញ ដើម្បី​ឲ្យ​គ្រូ​ពន្យល់​មេរៀន​បន្ថែម និង​យក​សន្លឹក​កិច្ច​ការដែល​ខ្លួន​បានធ្វើ យកមក​ឲ្យ​គ្រូ​ដាក់ពិន្ទុ​។ 
 

ក្រុម​សិស្សានុសិស្ស​កំពុងតែធ្វើ​កិច្ច​ការសាលានៅតាម​បង់អង្គុយ​នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ

​កំពុង​អង្គុយ​ជុំគ្នា​ជាមួយ​មិត្តភក្តិ​៣​នាក់​ទៀត យុវ​សិស្ស សំ ឈៀង​លី ដែលជា​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មិន​អន់​ចិត្តនឹង​ក្រសួង​ដែល​អនុញ្ញាត​ឲ្យ​សាលា​ឯកជន​បើក​សាលា ឬ​ប្រឡង​បាក់​ឌុប​មុន​សាលា​រដ្ឋ​នោះទេ​។ យុវ​សិស្ស​រូបនេះ​គិត​ដូច្នេះ​វិញ​ថា វា​ជា​ឱកាស​ឲ្យ​ខ្លួន​អាចមាន​ពេល​សិក្សា​បាន​ច្រើន​ទៅវិញ​ទេ​។ សម្រាប់ ឈៀង​លី ក៏​អាចមក​សាលារៀន​២ ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​មក​ស្តាប់​គ្រូ​ពន្យល់​មេរៀន​ផងដែរ ដើម្បី​បង្កើន​ចំណេះដឹង​។ 
 
​មាន​អាយុ​១៧​ឆ្នាំ យុវ​សិស្ស​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុង​មួយ​សប្តាហ៍​ខ្ញុំ​ធ្វើ​លំ​ហាត់​៤​មុខ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា​។ លំ​ហាត់​ដែល​គាត់​ដាក់​ឲ្យ បើ​ខ្ញុំ​អត់​យល់​គឺ​ខ្ញុំ​សួរ​គាត់​បាន​។ បើ​ខ្ញុំ​រៀន​តាម​អន​ឡាញ ពេលខ្លះ​មាន​គេ​សួរ​ច្រើន ហើយ​អ៊ីនធឺណិត​អត់​សូវ​ដើរ​»​។ 
 
​ថ្វី​ដ្បិត​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ដល់ពេល​ឆ្លង​ជា​សហគមន៍ ប៉ុន្តែ​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​រំលឹក​ឲ្យ​ពលរដ្ឋ​កុំ​មើលរំលង​លទ្ធភាព​ឆ្លង​ជា​សហគមន៍ ដែល​អាច​កើតមាន​គ្រប់ពេល បើកាលណា​ពលរដ្ឋ​ធ្វេសប្រហែស​។ 
 
«​លទ្ធភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩  ចូល​សហគមន៍​យើង​មិនអាច​មើលរំលង​បានឡើយ​។ សូមកុំ​ភ្លេចខ្លួន និង​សូមកុំ​សន្តិភាព​និយម ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ឱ វណ្ណឌី​ន ដែល​លោកស្រី​ក៏​ក្រើនរំលឹក​ដល់​អ្នក​មានដំណើ​រ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក​ខាងមុខ​ប្រុងប្រយ័ត្ន និង​អនុវត្ត​ការការពារ​ផងដែរ​៕   
 

Tag:
 ពលរដ្ឋ​
 ​អាជីវករ​
 ​ជំងឺ​
 COVID-19
 ​ជីវភាព​
 ​សេដ្ឋកិច្ច​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com