COVID-19
អន្តរជាតិ
​បុគ្គលិក​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​បារាំង​នាំគ្នា​ស្រាត​ដើម្បី​ជំរុញ​ឲ្យ​អតិថិជន​ពាក់​ម៉ាស​
29, Jul 2020 , 8:29 am        
រូបភាព
 ​បុគ្គលិក​៤រូប​ក្នុង​ផ្សារ​ទំនើប​ E. Leclerc de Luçon ដើម្បីទាញចំណាប់អារម្មណ៍ឲ្យមនុស្សពាក់ម៉ាស់។ រូបថត Leclerc
​បុគ្គលិក​៤រូប​ក្នុង​ផ្សារ​ទំនើប​ E. Leclerc de Luçon ដើម្បីទាញចំណាប់អារម្មណ៍ឲ្យមនុស្សពាក់ម៉ាស់។ រូបថត Leclerc
ដោយ: ធីតា
​បុគ្គលិក​៤​នាក់​នៅ​ផ្សារ​ទំនើប E. Leclerc de Luçon នៃ​ដេ​ប៉ា​តឺ​ម៉​ង់ Vendée ប្រទេស​បារាំង បាននាំគ្នា​ធ្វើ​យុទ្ធនា​ការជំរុញ​ការពាក់​ម៉ាស​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល COVID-19​។ រូបថត​ពី​សកម្មភាព​របស់​ពួកគេ​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម ហើយ​ថៅកែ​ផ្សារ​ក៏បាន​គាំទ្រ​ផងដែរ​។​



​គំនិត​នេះ គឺ​ចង់​ជំរុញ​ឲ្យ​អតិថិជន​របស់​ផ្សារ Luçon ដែល​ស្ថិតក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម La Belle Vie នាំគ្នា​ពាក់​ម៉ាស ក៏ដូចជា​ការពង្រឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​លើ​ការតម្រូវ​ឲ្យ​ពាក់​ម៉ាស​នៅ​ទីសាធារណៈ​។ «​យើង​បន្ត​យុទ្ធនាការ​ជា​អតិបរិមា​ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​ពាក់​ម៉ាស ជាជាង​ការ​ស្រាត​នៅ​ចំពោះមុខ​ជំងឺឆ្លង​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​។​

​តាមរយៈ​រូបភាព ទោះបីជា​ជា​បុគ្គលិក​ទាំង​៤​រូប (​ស្រី​១​រូប​) សុទ្ធតែ​ស្រាត​ក៏ដោយ ប៉ុន្តែ​ពួកគេ​បាន​ពាក់​ម៉ាស ហើយ​ដោយមាន​ផ្ទាំង​អក្សរ «Portez Votre Masque» (​ពាក់​ម៉ាស​របស់​អ្នក​) នៅ​ពីមុខ​។​

​លោក Michel-Edouard Leclerc ដែលជា​ថៅកែ​ផ្សារ បាន​គាំទ្រ និង​រីករាយ​ចំពោះ​គំនិត​ផ្តួចផ្តើម​បែប​សិល្បៈ​របស់​បុគ្គលិក​ខ្លួន​។ លោក​បាន​លើកឡើងថា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ចំពោះ​ការពាក់​ម៉ាស​នៅ​ទីសាធារណៈ ហើយ​កាយវិការ​បុគ្គលិក​រប​ស់លោក​មិនមែន​ធ្វើ​សម្រាប់​ខ្លួនឯង​នោះឡើយ ប៉ុន្តែ​សម្រាប់​អតិថិជន និង​មនុស្ស​ទូទៅ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក Leclerc បាន​លើកឡើងថា ចំនួន​ទេសចរ​កើន​ឡើយ ហើយ​ពួកគេ​ភាគច្រើន នាំគ្នា​ក្នុង​ហាង​នៅតាម​តំបន់​ដែល​ពួកគេ​សម្រាក​វិស្សមកាល ហើយ​បើ​គ្មាន​យុទ្ធនាការ​ត្រឹមត្រូវ​ទេ ឱកាស​ឆ្លង COVID-19 រលក​ទី​ពីរ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា បារាំង​មាន​អ្នក​ឆ្លង COVID-19 ជាង​១៨​ម៉ឺន​ករណី ក្នុងនោះ​ស្លាប់​ជាង​៣​ម៉ឺន​នាក់ និង​សះស្បើយ​ជាង​៨១០០០​នាក់​។

​ចាប់តាំងពី​ថ្ងៃទី​២០ ខែកក្កដា មក រដ្ឋាភិបាល​បារាំង បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាសនៅតាម​ទីសាធារណៈ​បិទ​ជិត ដូចជា​ហាង​ទំនិញ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្ថាប័ន​រដ្ឋបាល ធនាគារ  ផ្សារ ក៏ដូចជា​ក្នុង​បន្ទប់​ប្រជុំ រោងកុន និង​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​ជាដើម​។

​អ្នក​ដែល​រំលោភបំពាន​វិធានការ​របស់​រដ្ឋាភិបាល​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​៕




© រក្សាសិទ្ធិដោយ thmeythmey.com