COVID-19
ជាតិ
COVID-19៖ កម្ពុជាមានករណីថ្មី៧នាក់បន្ថែម និង៧នាក់ទៀតសះស្បើយ
× ក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធនេះ បានប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន៧ករណីទៀត ហើយស្របជាមួយគ្នាអ្នកជំងឺ៧នាក់បានជាសះស្បើយ។ ករណីបន្ថែមធ្វើឲ្យអ្នកជំងឺដែលឆ្លងនៅកម្ពុជាកើនដល់២៣៣នាក់ រីឯករណីសះស្បើយឡើងដល់១៥៤នាក់ ដែលស្មើនឹង៦៦.០៩ភាគរយ។
តាមសេចក្តីជូនដំណឹង អ្នកឆ្លងថ្មីទាំង៧រូប មាន៤រូបជាសមាជិកក្រុមមួកខៀវមកពីម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងចំណោម៨០នាក់។ លទ្ធផលតេស្តលើកទី៣កាលពីថ្ងៃទី២៨ ខែកក្កដា រកឃើញពួកគាត់មានវិជ្ជមានកូវីដ-១៩។ រីឯ៣នាក់ទៀត ស្ថិតក្នុងចំណោមក្រុមអ្នកដំណើរពីឥណ្ឌូណេស៊ី ដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ជាមួយមនុស្ស៥៩នាក់ទៀត។
ដោយឡែកករណីសះស្បើយទាំង៧ មានបុរស៦នាក់ដែលមានប្រវត្តិធ្វើដំណើរពីបណ្តាប្រទេសផ្សេងៗ និងស្រ្តី១នាក់ដែលជាសមាជិកក្រុមមួកខៀវ។ ពួកគាត់មានលទ្ធផលតេស្តអវិជ្ជមាន២ដង ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com