COVID-19
អន្តរជាតិ
WHO សរសើរ​កម្ពុជា​និង​ប្រទេស​៤​ទៀត​លើ​ការទប់ស្កាត់​ការ​រាលដាល COVID-19 ទ្រង់ទ្រាយ​ធំ
29, Jul 2020 , 10:00 am        
រូបភាព
WHO សរសើរកម្ពុជានិងប្រទេស៤ទៀតលើការទប់ស្កាត់ការរាលដាល COVID-19 ទ្រង់ទ្រាយធំ។
WHO សរសើរកម្ពុជានិងប្រទេស៤ទៀតលើការទប់ស្កាត់ការរាលដាល COVID-19 ទ្រង់ទ្រាយធំ។
​អង្គការ​សុខភាព​ពិភពលោក បាន​កោតសរសើរ​កម្ពុ​ជា និង​ប្រទេស​ចំនួន​៤​ទៀត​ដែល​អាច​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស​រៀងៗ​ខ្លួន​។ ការអនុវត្ត​វិធានការ​សុខាភិបាល​មាន​ប្រសិទ្ធភាព ជា​មូលហេតុ​នាំ​ឲ្យ​ស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​ប្រទេស​ទាំង​៥ មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ផ្សេង​។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​២៧ ខែកក្កដា អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​រៀបរាប់​ឈ្មោះ​ប្រទេស​៥ ដែល​អនុវត្ត​ការណែនាំ​បាន​ត្រឹមត្រូវ​ដែល​ឈានដល់​ការទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព​ការផ្ទុះ​ជំងឺ COVID-19 ក្នុងប្រទេស​ពួកគេ ស្របពេល​ប្រទេស​ខ្លះទៀត​អាច​គ្រប់គ្រង​ជំងឺ​បាន​ទៀតផង​។​
 
​លោក Tedros បានលើកឡើង​ជាថ្មី​វិធាន​ការដែល​ត្រូវអនុវត្ត​ដើម្បី​ប្រយុទ្ធ​ជំងឺ​នេះ​រួមមាន​រក្សា​គម្លាត លាងដៃ ជៀសវាង​កន្លែង​មាន​មនុស្ស​កកកុញ និង​ពាក់​ម៉ាស់​ពេល​ចាំបាច់​។ បើ​អនុវត្តតាម​វិធានការ​ទាំងនេះ លោក Tedros អះអាងថា ករណី​ឆ្លង​ធ្លាក់ចុះ ហើយ​បើ​មិន​ធ្វើតាម​ទេ គឺ​ករណី​ឆ្លង​កើនឡើង​។ មកដល់​ត្រង់នេះ អគ្គនាយក WHO ក៏បាន​ចុច​ឈ្មោះ​ប្រទេស​ដែល​ធ្វើ​បានល្អ​។ 
 
«​ប្រទេស និង​សហគមន៍ ដែល​អនុវត្តតាម​ការ​ណែនាំ​នេះ​ដោយ​ប្រយ័ត្ន និង​ជាប្រចាំ មាន​លទ្ធផល​ល្អ មិន​ថា​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ទ្រង់ទ្រាយ​ធំ​ដូចជា​កម្ពុជា នូ​វែ​ល​សេ​ឡង់ រ​វ៉ាន់ដា ថៃ វៀតណាម និង​កោះ​នៅ​តំបន់​កា​រ៉ា​អ៊ី​ប ឬក៏​ការគ្រប់គ្រង​បាន​ផ្ទុះ​រាលដាល​ដូចជា​នៅ​កាណាដា ចិន អាល្លឺម៉ង់ និង​កូរ៉េខាងត្បូង​។​» លោក Tedros និយាយ​បែបនេះ ហើយ​បន្ថែមទៀតថា មាន​ប្រទេស​ជាច្រើន​ទៀត​ក៏​ធ្វើ​បានល្អ​ផងដែរ​។  
 
​គិត​ត្រឹម​ថ្ងៃទី​២៩ ខែកក្កដា កម្ពុជា មាន​ករណី​ឆ្លង COVID-19 ចំនួន ២៣៣​នាក់ រីឯ​ករណី​សះស្បើយ​ឡើងដល់​១៥៤​នាក់ ដែល​ស្មើនឹង​៦៦.០៩​ភាគរយ ហើយ​មិនមាន​ករណី​ស្លាប់​ឡើយ​។ នៅ​កម្រិត​ពិភពលោក​វិញ ករណី​ឆ្លង​ជំងឺ​នេះ​មាន​ច្រើនជាង​១៦​លាន​នាក់ និង​ស្លាប់​ជាង​៦៦​ម៉ឺន​នាក់​៕
 
 

Tag:
 ​កម្ពុជា​
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com