Mariono ខ្សែប្រយុទ្ធ Real Madrid ឆ្លង COVID-19 មុន​ក្រុម​ប៉ះ Man City សប្តាហ៍​ក្រោយ​
កីឡាអន្តរជាតិ
អន្តរជាតិ
Mariono ខ្សែប្រយុទ្ធ Real Madrid ឆ្លង COVID-19 មុន​ក្រុម​ប៉ះ Man City សប្តាហ៍​ក្រោយ​
29, Jul 2020 , 10:44 am        
រូបភាព
Mariano ខ្សែប្រយុទ្ធ​ក្រុម Real Madrid បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ ក្លិប​យក្ស​អេ​ស្ប៉ា​ញ​បញ្ជាក់​ដូច្នេះ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ខណៈ​ក្រុម​ត្រូវធ្វើ​ដំណើរ​ទៅ​អង់គ្លេស ដើម្បី​ជួប Manchester City ក្នុង​ក្របខណ្ឌ Champions League នៅ​សប្តាហ៍​ក្រោយ​។​


​សេចក្តីប្រកាស​របស់ Real Madrid សរសេរ ថា​កីឡាករ​ដែលមាន​ដើមកំណើត​អេ​ស្ប៉ា​ញ វ័យ ២៦ ឆ្នាំ​រូបនេះ​នៅតែមាន​សុខភាព​ល្អ​ដដែល បើ​បាន​ឆ្លង​ជំងឺ​រាតត្បាត​សកល​ក្តី​។ សព្វថ្ងៃ Mariono ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក និង​ទទួល​ការមើល​ថែ​ពី​ក្រុមគ្រូពេទ្យ​នៅឯ​ផ្ទះ​របស់គេ​។​
 
​បើតាម​ការបញ្ជាក់​បន្ថែម​ពី​សំណាក់​ក្រុម​ជើងឯក La Liga កីឡាករ Mariono មិន​ស្ថិតក្នុង​បញ្ជី​របស់លោក Zinedine Zidane ចាប់តាំងពី Real Madrid ប្រកួត​ស្មើ​ជាមួយ Leganes ២-២ នា​ជំនួប​បិទ​រដូវ​កាល នៅ​ថ្ងៃទី​១៩ ខែកក្កដា​ម្លេះ​។​
 
​ការឆ្លង COVID-19 ទៅលើ​កីឡាករ Mariono នេះ បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ដ្បិត​ក្រុម​លោក Zidane នឹងត្រូវ​ស្វាគមន៍ Manchester City ក្របខណ្ឌ​កំពូល​អឺរ៉ុប សម្រាប់​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃទី​៧ ខែសីហា​។​
 
​ជុំវិញ​ករណីនេះ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) លើកឡើងថា ខ្លួន​កំពុង​ទាក់ទង​ជាមួយ​ក្លិប Real Madrid និង​តាមដាន​ទាំង​ស្ថានភាព ព្រមទាំង​ការសម្រេចចិត្ត​របស់​អា​ជ្ញា​ធរ​ពាក់ព័ន្ធ​របស់​អេ​ស្ប៉ា​ញ​។ យ៉ាងណាក៏ដោយ UEFA ជឿជាក់ថា ករណីនេះ​នឹងមិន​ប៉ះពាល់​ដល់​ការប្រកួត​រវាង Real Madrid និង Man City ឡើយ ស្របពេល​ក្រុម​លោក Pep Guardiola កំពុង​តាមដាន​ស្ថានការណ៍ ដ្បិត​ពួកគេ​មានការ​ព្រួយបារម្ភ​តិចតួច​ដែរ​។​
 
​កាលពី​ជើង​ទី​១ Man City បាន​យកឈ្នះ Real Madrid ក្នុង​លទ្ធផល ២-១ នៅ​ទឹកដី Bernabeu ហើយ​ជើង​ទី​២ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Etihad ក្នុង​ទឹកដី​អង់គ្លេស​វិញ​៕
 

Tag:
 Mariono
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com