កុំ​រំលង​! បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​? រូបមន្ត​ធម្មជាតិ​ទាំងនេះ​ជួយ​បាន​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
កុំ​រំលង​! បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​? រូបមន្ត​ធម្មជាតិ​ទាំងនេះ​ជួយ​បាន​
29, Jul 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​មិន​ត្រឹមតែ​បង្ក​ភាព​រំខាន និង​ឈឺចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំឱ្យ​មានការ​រលាក​តម្រង​នោម​ផងដែរ​។ ថា​តើ​មាន​អាហារ​អ្វីដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរលាកតម្រងនោម ឬ​ការឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​ដែរឬទេ​?  ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​នៃ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម ៖

 
១. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​
 
​អ្វី​ដំបូង​បំផុត​ដែល​អ្នក​ត្រូវធ្វើ​នៅពេល​ជួបប្រទះ​បញ្ហា​រលាក​ផ្លូវ​បង្ហូរ​នោម គឺ​បង្កើន​ការទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ ដើម្បី​កម្ចាត់​ជាតិពុល និង​បាក់តេរី​ដែល​បង្កឱ្យមាន​ការឈឺចាប់​។ ការទទួល​ទាន​ទឹក មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត​មួយ​ទប់ស្កាត់​ការឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម ដូច្នេះ​ដើម្បី​ជៀស​ផុតពី​បញ្ហា​តម្រងនោម អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​។​
 
២. ចៀសវាង​ការទទួល​ទាន​អាហារ និង​ភេសជ្ជៈ​មួយចំនួន​
 
​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​បណ្ដាលឱ្យ​ផ្លោក​នោម​ឆ្លង​មេរោគ និង​រលាក ដូច្នេះ​អ្នក​ចាំបាច់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​ដែល​អាចធ្វើឱ្យ​ស្ថានភាព​នៃ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ក្នុងចំណោម​ប្រភេទ​នៃ​អាហារ និង​ភេសជ្ជៈ​ផ្សេងៗ អ្នក​គួរ​ជៀសឱ្យផុត​នូវ​សាច់​ក្រហម សាច់​កែច្នៃ គ្រឿង​ស្រវឹង ជាតិ​នីកូទីន ជាតិ​ផ្អែម​សិប្បនិម្មិត កាហ្វេ អាហារ​ហឹរ និង​ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាបូ​ណាត​។ គួរ​ព្យាយាម​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស​សៃ​និង​ជាតិ​ទឹក​ជំនួស​វិញ​។​
 
៣. ស្អំ​កម្ដៅ​
 
​ការ​ស្អំ​កម្ដៅ​ជួយ​បំបាត់​អា​ការៈឈឺចាប់ និង​ក្រហាយ​បាន​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដាក់​បន្ទះ ឬ​ខ្នើយ​កម្ដៅ​ដាក់​ស្អំ​លើ​តំបន់​ដែល​ទទួលរង​ផលប៉ះពាល់​ឈឺចាប់​សម្រាប់​រយៈពេល ១៥ នាទី​។ ចំណុច​សំខាន់​នោះ គឺ​កុំ​ប្រើប្រាស់​កម្ដៅ​ខ្លាំង ហើយក៏​កុំ​ដាក់​ស្អំ​ផ្ទាល់​លើ​ស្បែក​តែម្ដង និង​មិនត្រូវ​លើសពី ១៥ នាទី​ឡើយ​។​
 
៤. បង្កើន​ការទទួល​ទាន​វីតាមីន C
 
​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ងាយ​មួយទៀត​ទប់ទល់​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម គឺ​បង្កើន​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។ វីតាមីន C ធ្វើឱ្យ​ទឹកនោម​កាន់តែ​មាន​ជាតិ​អាស៊ីត​ខ្ពស់​ដែល​រារាំង​ការរីកលូតលាស់​នៃ​បាក់តេរី​ក្នុង​ផ្លូវ​បង្ហូរ​នោម​។ អ្នក​ក៏​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន C ផងដែរ​។​
 
៥. ទទួលទាន​យ៉ា​អួរ​
 
​បាក់តេរី​ប្រូ​បាយ​អូ​ទិ​ក​ក្នុង​យ៉ាង​អួរ​មាន​ឥទ្ធិពល​ជួយ​ក្នុងការ​ទប់ស្កាត់​និង​ទប់ទល់​អាកា​រៈ​នៃ​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​បាន​យ៉ាង​ប្រសើរ​។ ការទទួល​ទាន​យ៉ា​អួរ​យ៉ាងហោចណាស់ ៣​ដង​ក្នុង​មួយ​សប្តាហ៍​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម​បាន​ខ្ពស់​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com