ជាតិ
​លី​ហៀ​ង និង​មិត្តភក្តិ​៣​នាក់​ទៀត​ដែលមាន​ជំនាញ​ទីផ្សារ ទេសចរណ៍ និង​គ្រប់គ្រង នាំគ្នា​ចិញ្ចឹម​ពពែ​
29, Jul 2020 , 2:55 pm        
រូបភាព
ដោយ:
​លោក ហ៊ិ​ម លី​ហៀ​ង ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ពពែ​លក្ខណៈ​គ្រួសារ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ លោក ហ៊ិ​ម លី​ហៀ​ង បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ លោក និង​មិត្តភក្តិ​៣​នាក់​ទៀត ដែលមាន​ជំនាញ​ខុសៗ​គ្នា​គឺ​ជំនាញ​ទីផ្សារ​, ទេសចរណ៍ និង​ជំនាញ​គ្រប់គ្រង បាន​ងាក​មក​ចិញ្ចឹម​ពពែ​វិញ នៅ​ឆ្នាំ​២០១៨ ក្រោយ​ការចិញ្ចឹម​គោ​របស់ខ្លួន មិនសូវ​កាក់កប​នោះ​។ 

 
​យុវជន លី​ហៀ​ង ដែលមាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទីផ្សារ នៅ​ឆ្នាំ​២០១៦ បាន​អះអាង​ប្រាប់ ThmeyThmey25 ថា​របរ​ចិញ្ចឹម​ពពែ​នេះ បានផ្តល់​ចំណូល​ពី ៨​ពាន់​ដុល្លារ ទៅ ១​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ដល់​ក្រុម​របស់ខ្លួន​។ 


 
​យុវជន លី​ហៀ​ង​រៀបរាប់​ដូច្នេះ​៖«​ចាប់ផ្ដើម​ចិញ្ចឹម​ដំបូង​ពពែ​មេ​ចំនួន ៣០​ក្បាល និង​ពពែ​ឈ្មោល ៤​ក្បាល ។ បច្ចុប្បន្ន​មាន​ពពែ​ចំនួន ១៥០​ក្បាល ក្នុង​មួយឆ្នាំ​លក់បាន​ពពែ ៥០​ក្បាល (​ក្នុង​មួយ​គីឡូ​លក់បាន ២០ ០០០​រៀល​ទៅ ៣២ ០០០​រៀល​) បើ​គិត​ជា​ប្រាក់​ពី ៨​ពាន់​ដុល្លារ​ទៅ ១​ម៉ឺន​ដុល្លារ​»​។  
 
​លោក​បាន​បន្តថា មុននឹង​ចាប់ផ្ដើម​ចិញ្ចឹម​ពពែ លោក​បាន​ចិញ្ចឹម​គោ ប៉ុន្តែ​ដោយសារ​ការចិញ្ចឹម​គោ​ត្រូវ​ប្រើ​រយៈពេល​យូរ ទើប​លោក​ងាក​មក​ចិញ្ចឹម​ពពែ​វិញ​។ ដោយ​ស្រួល​ចិញ្ចឹម ហើយ​មេ​ពពែ ១​ក្បាល អាច​ផ្ដល់​កូន​ពពែ​ពី ៣​ក្បាល ទៅ ៤​ក្បាល​ក្នុង​មួយឆ្នាំ ដោយ​ការ​ពពោះ​ម្ដង​របស់​មេ​ពពែ​អាច​ផ្ដល់ កូន​ពពែ យ៉ាងហោច​២​ក្បាល​។ នេះ​បើតាម​លោក ហ៊ិ​ម លី​ហៀ​ង ជា​អ្នក​ចិញ្ចឹម​ពពែ​។​


 
​លោក ក៏​គ្រោង​ពង្រីក​ការចិញ្ចឹម​ពពែ​បន្ថែមទៀត ដើម្បី​ឲ្យ​ស្រប​នឹង​តម្រូវការ​ទីផ្សារ ខណៈ​កំពុងមាន​តម្រូវការ​ខ្បស់ និង​ទីផ្សារ​ទូលាយ​ផង​។ យុវជន លី​ហៀ​ង ក៏​រីករាយ​សហការ​ជាមួយ​កសិករ​ដែលមាន​បំណង​ចិញ្ចឹម​ពពែ ដោយ​ផ្ដល់​មេ​ពូជ​ដល់​អ្នក​ចិញ្ចឹម និង​ជួយ​រក​ទីផ្សារ​ឲ្យ​ពួកគាត់​ផងដែរ​
 
​សព្វថ្ងៃ​ទីផ្សារ​ពពែ​រប​ស់លោក​អាច​ផ្គត់ផ្គង់​ក្នុង​ខេត្តសៀមរាប និង​នាំចេញ​ទៅកាន់​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​៕


ក្រុមយុវជនដែលបើកកសិដ្ឋាននៅខេត្តសៀមរាប


ពពែក្នុងកសិដ្ឋានចិញ្ចឹមពពែក្នុងខេត្តសៀមរាប រូបភាពពីលោក ហ៊ិម លីហៀង


© រក្សាសិទ្ធិដោយ thmeythmey.com