កីឡាអន្តរជាតិ
អន្តរជាតិ
Oscar ចង់​លេង​ឲ្យ​ជម្រើស​ជាតិចិន បើ FIFA អនុញ្ញាត​
29, Jul 2020 , 7:29 pm        
រូបភាព
Oscar ខ្សែបម្រើ​ក្រុម Shanghai SIPG បង្ហាញ​ចំណាប់អារម្មណ៍​ចង់​លេង​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន​វិញ ប្រសិនបើ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) អនុញ្ញាត​ឲ្យ​រូបគេ​ផ្លាស់ប្តូរ​ពី​ជម្រើសជាតិ​ប្រេ​ស៊ី​ល​។ មន្ត្រីជាន់ខ្ពស់​ផ្នែក​កីឡា​របស់​ចិន​មួយរូប​បាន​ប្រាប់ AFP ថា​ក្រុមបាល់ទាត់​ជម្រើស​ជាតិចិន​នឹងត្រូវ​កំណត់​ចំពោះ​កីឡាករ​ដែលមាន​ដើមកំណើត​ប្រេ​ស៊ី​លពី ៣ ទៅ ៤ នាក់​ប៉ុណ្ណោះ​។​



​អតីត​ខ្សែបម្រើ​ឆ្នើម​របស់ Chelsea និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ ចង់​ក្លាយជា​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ចុងក្រោយ​គេ​ដើម្បី​តំណាង​ឲ្យ​ក្រុម​ជា​ម្រើ​ស​ជាតិ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ​។​
 
​ក្នុង​វ័យ​២៨​ឆ្នាំ Oscar ធ្លាប់​បង្ហាញខ្លួន​៤៧​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៤ និង​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់ Confederations Cup ឆ្នាំ ២០១៣​។ Oscar បង្ហាញខ្លួន​ចុងក្រោយ​ឲ្យ​ក្រុម​សាំ​បា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ World Cup ឆ្នាំ​២០១៨ កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៥​។​
 
Oscar ដែល​បាន​ផ្លាស់​ពី​តោ​ខៀវ ទៅ​ចូលរួម​ជាមួយ Shanghai SIPG ក្លិប​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ចិន (CSL) ក្នុងតម្លៃ​៧០​លាន​ដុល្លារ​កាលពី​ខែមករា ឆ្នាំ ២០១៧ នឹង​បំពេញ​តាម​លក្ខខណ្ឌ​ដើម្បី​ទទួលបាន​សញ្ជាតិ​ចិន​នៅ​ឆ្នាំក្រោយ​នេះហើយ​។​
 
​បទបញ្ញត្តិ​របស់ FIFA ហាមឃាត់​កីឡាករ​ផ្លាស់ប្តូរ​ក្រុម​ជម្រើសជាតិ​ប្រសិនបើ​ពួកគេ​ធ្លាប់បាន​បង្ហាញខ្លួន​ជា​អន្តរជាតិ​សម្រាប់​ព្រឹត្តិការណ៍​ធំៗ​រួចហើយ ប៉ុន្តែ Oscar នៅតែ​ចិញ្ចឹមចិត្ត​ក្នុងការ​ពិចារណា​តំណាង​ឲ្យ​ប្រទេស​ចិន ប្រសិនបើ​ច្បាប់​មានការ​ផ្លាស់ប្តូរ​។ 
 
​អតីត​សមាជិក​ក្រុម São Paulo រូបនេះ បាន​ប្រាប់​សារព័ត៌មាន CGTN របស់​ចិន​ថា​៖« ខ្ញុំ​អាច​គិត​អំពី​ការលេង​ឲ្យ​ជម្រើស​ជាតិចិន ព្រោះ​ខ្ញុំ​ពិបាក​នឹង​ត្រឡប់​ទៅកាន់​ក្រុម​ប្រេ​ស៊ី​ល​វិញ​។ នៅពេលនេះ​ខ្ញុំ​នៅ​ប្រទេស​ចិន ហើយ​នៅទីនេះ​ទើប​ពួកគេ​មើលឃើញថា​ខ្ញុំ​លេង​បានល្អ​កម្រិតណា​»​។ Oscar បន្ថែមថា បើ​ជម្រើស​ជាតិចិន​ត្រូវការ​ខ្សែបម្រើ​ល្អ​ម្នាក់​គឺ​រូបគេ​អាចជួយ​បាន ប្រសិនបើ​មានការ​ផ្លាស់ប្តូរ​ច្បាប់​។​


 
​សព្វថ្ងៃ​ចិន​មាន​កីឡាករ​ប្រេ​ស៊ី​លពីរ​នាក់​រួចហើយ​ដែល​រួ​មាន​ខ្សែប្រយុទ្ធ Elkeson និង Aloisio​។ អ្នក​ទាំងពីរ​ត្រូវបាន​ជម្រើស​ជាតិចិន​កោះហៅ​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២២ កាលពី​ឆ្នាំមុន​។​
 
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន យ៉ាងហោចណាស់​មាន​កីឡាករ​ប្រេ​ស៊ី​ល ៣ នាក់​ទៀត ដែល​លេង​ក្នុង​តំណែង​ប្រយុទ្ធ​នឹង​ក្លាយជា​សមាជិក​ក្រុម​ជម្រើស​ជាតិចិន​ឆាប់ៗ​នេះ​។ 
 
​ចំណែក​លោក Liu Yi អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​ចិន មិនបាន​បដិសេធ​ព័ត៌មាន​ទាក់ទង Oscar ឡើយ​។ ចំពោះ​ដំណឹង​ខាងលើនេះ លោក Lui អះអាងថា ចិន​មិន​ចង់​សម្រេច​មហិច្ឆតា​ដោយ​ប្រើ​កីឡាករ​ប្រេ​ស៊ី​ល​បំពេញ​ចន្លោះ ដើម្បី​ឈានទៅ​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​កាតា​ឆ្នាំ​២០២២ នៅឡើយ​៕
 

Tag:
 FIFA
  Oscar
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com