ជាតិ
មន្ទីរកសិកម្មខេត្តតាកែវចងក្រងបណ្តុំអាជីវកម្មដើម្បីជួយពង្រីកទីផ្សារបន្លែ-សត្វដល់កសិករ
× មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានបង្កើតបណ្ដុំអាជីវកម្មកសិកម្ម បន្លែ និងសត្វ ចំនួន ៨០បណ្ដុំ ដើម្បីប្រមូលទិញផលិតកម្មកសិកម្មពីកសិករ និងផ្ដល់បន្លែ សាច់ មានសុវត្ថិភាពដល់អ្នកបរិភោគ។ នេះបើតាម លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីកសិកម្មខេត្តតាកែវ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទ។
តាមលោកប្រធានមន្ទីរកសិកម្ម បន្ថែមថា បណ្ដុំអាជីវកម្មនេះ គឺជួយរកទីផ្សារដល់កសិករ អាចផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុក និងនាំចេញទៅតាមផ្សារមួយចំនួន នៅរាជធានីភ្នំពេញ អាចលើកកម្ពស់ជីវភាពគ្រួសារកសិករ និងកាត់បន្ថយការធ្វើចំណាកស្រុក។
តាមលោក ញ៉ិប ស្រ៊ន បច្ចុប្បន្នខេត្តតាកែវ មានបណ្ដុំអាជីវកម្ម៨០បណ្ដុំ ក្នុងនោះអាវជីវកម្មបន្លែមាន ១៧បណ្ដុំ។ ក្នុងមួយបណ្ដុំៗ មានសមាជិកជាមធ្យម ពី២៥ ទៅ៣០គ្រួសារ ហើយក្នុងមួយបណ្ដុំអាជីវកម្មបន្លែ អាចផលិតបន្លែប្រមាណ ៣តោន ក្នុងមួយថ្ងៃ។ លោក ញ៉ិប ស្រ៊ន បានបន្ថែមប្រាប់ thmeythmey25 ថា មន្ទីរកសិកម្មខេត្ត បានអនុវត្តអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដល់អ្នកផលិតបន្លែសុវត្ថិភាព និងការចុះកុងត្រារវាងអ្នកផលិត និងក្រសួងកសិកម្ម ដើម្បីធានាថា ផលិតផលកសិកម្មរបស់គាត់ មានសុវត្ថិភាព និងស្របតាមការណែនាំពីបច្ចេកទេសដាំដុះ និងផលិតពីក្រសួងកសិកម្ម។
សូមបញ្ជាក់ថា ខេត្តតាកែវ ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីខេត្តព្រៃវែង និងបាត់ដំបង លើវិស័យកសិកម្ម ដែលពលរដ្ឋប្រមាណ ៧៩ភាគរយ ប្រកបរបរកសិកម្ម ដូចជាធ្វើស្រែចម្ការ នេសាទ និងចិញ្ចឹមសត្វ៕
© រក្សាសិទ្ធិដោយ thmeythmey.com