អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្មួយប្រុស​នាយករដ្ឋមន្ត្រី លី សៀន​ឡុង ត្រូវ​ពិន័យ​ជិត​១១០០០​ដុល្លារ​ពីបទ​មិន​គោរព​តុលាការ​
29, Jul 2020 , 3:31 pm        
រូបភាព
លោក Li Shengwu ក្មួយប្រុសលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី។ រូបភាព Strait Times
លោក Li Shengwu ក្មួយប្រុសលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី។ រូបភាព Strait Times
​លោក Li Shengwu ក្មួយប្រុស​បង្កើត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ត្រូវបាន​តុលាការ​ក្នុងស្រុក​ពិន័យ​ជិត​១១០០០​ដុល្លារ ពីបទ​មិន​គោរព​តុលាការ​តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​បី​ឆ្នាំ​។ លោក Li ទាត់ចោល​ការកាត់ទោស​បែបនេះ​។​

 
​នៅ​ឆ្នាំ​២០១៧ លោក Li Shengwu កូនប្រុស​លោក លី សៀន​យ៉ាន​ដែលជា​ប្អូនប្រុស​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​ចែករំលែក (Share) អត្ថបទ​មួយ​របស់​កាសែត New York Times ។ លោក​បាន​សរសេរ​ឃ្លា​ភ្ជាប់​ថា​៖ «​កុំភ្លេចថា រដ្ឋាភិបាល​សិង្ហ​បុរី ចូលចិត្ត​ប្ដឹង ហើយ​មាន​តុលាការ​ដែល​ងាយ​បញ្ជា​។​» 
 
​សំណេរ​នេះហើយ ដែល​នាំ​ឲ្យ​មាន​ក្ដីក្ដាំ​រហូតមកដល់​បច្ចុប្បន្ន​។ ប៉ុន្តែ​លោក Li ដែល​ប​ច្ច​ប្បន្ន​ជា​សាស្ត្រាចារ្យ​រង​ផ្នែក​សេដ្ឋកិច្ច​នៅ​អាមេរិក​នោះ មិនដែល​បានបង្ហាញ​វត្ត​មាននៅ​តុលាការ​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​ទូរទស្សន៍ Channel NewsAsia ។ មិន​បង្ហាញខ្លួន​ផ្ទាល់ តែ​លោក Li ក៏មាន​មេធាវី​តំណាង ប៉ុន្តែ​ក៏ត្រូវ​បាន​ដកខ្លួន​ចេញ​ដោយនៅ​ដើម​ឆ្នាំនេះ ព្រោះ​លោក Li ប្រកាស​លែង​ចូលរួម​ដំណើរការ​សវនាការ​ទៀ​ត​។ 
 
​ក្នុង​សវនាការ​កាត់សេចក្ដី​នៅ​ថ្ងៃទី​២៩ ខែកក្កដា ចៅក្រម Kannan Ramesh ប្រកាសថា លោក Li មាន​កំហុស​ពីបទ​មិន​គោរព​តុលាការ ហើយ​ត្រូវ​ពិន័យ​១០,៨៨០​ដុល្លារ​អាមេរិក​។ ក្នុងករណី​មិន​បង់ថ្លៃ​ពិន័យ​ទេ រូបគេ​ត្រូវ​ជាប់គុក​មួយ​សប្ដាហ៍​។ 
 
​រដ្ឋអាជ្ញា​សិង្ហ​បុរី​ចោទ​លោក Li ថា សារ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ បង្ក​ឲ្យ​ជា​រឿងអាស្រូវ​ក្នុង​ប្រព័ន្ធយុត្តិធម៌​តាមរយៈ​ការបង្កើត​ឲ្យ​មាន​ហានិភ័យ​ដែល​ប៉ះពាល់​ទំនុកចិត្ត​របស់​ប្រជាជន​លើ​តុលាការ​សិង្ហ​បុរី​។ ចៅក្រម Kannan Ramesh រកឃើញថា រដ្ឋអាជ្ញា​បង្ហាញ​ព័ស្តុតាង​ដែល​អាចសន្និដ្ឋាន​ពី​ការមិន​គោរព​តុលាការ​។ នោះ គឺ​លោក Li មាន​ចេតនា​បង្ហោះ​សារ​, សារ​ដែល​បង្ហោះ​នោះ បង្ក​ជាការ​ហានិភ័យ​ប៉ះពាល់​ទំនុកចិត្ត​លើ​តុលាការ ហើយ​សារ​នោះ មិន​តំណាង​ឲ្យ​ការរិះគន់​ដើម្បី​ស្ថាបនា​ឡើយ​។​
 
​នៅលើ​ហ្វេ​ស​ប៊ុ​ក​ក្រោយ​ការ​តុលាការ​ប្រកាស​ការសម្រេច​ចិត្ត លោក Li លើកឡើងថា លោក​មិន​យល់ស្រប​នឹង​តុលាការ​ឡើយ​។ ក្មួយប្រុស​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​រូបនេះ សរសេរថា គ្រាន់តែ​ពាក្យ​ចំនួន​បី​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន រដ្ឋាភិបាល​ខ្ជះខ្ជាយ​ពេលវេលា​មន្ត្រី​រដ្ឋ​បី​ឆ្នាំ​៕ 
 
 

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង​
  Li Shengwu
© រក្សាសិទ្ធិដោយ thmeythmey.com