អន្តរជាតិ
លោក វ៉ាង យី​៖ ចិន​ជា​ឱកាស​របស់​អង់គ្លេស មិនមែន​ការ​គំរាម​ឡើយ​
29, Jul 2020 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Dominic Raab ចាប់ដៃសមភាគីចិន វ៉ាង យី នាជំនួបនៅថៃ។ រូបភាព Xinhua
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Dominic Raab ចាប់ដៃសមភាគីចិន វ៉ាង យី នាជំនួបនៅថៃ។ រូបភាព Xinhua
​ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​ប្រាប់​សម​ភាគី​ចក្រភព​អង់គ្លេស Dominic Raab នៅ​ថ្ងៃទី​២៨ ខែកក្កដា ថា ចិន ជា​ឱកាស​របស់​អង់គ្លេស មិនមែន​ការ​គំរាម​អ្វី​ឡើយ​។ លោក វ៉ាង និយាយ​បែបនេះ ស្រប​ពេលដែល​ទំនាក់ទំនង​ចិន និង​អង់គ្លេស​ដែល​កន្លងមក​ឡើងដល់​យុគមាស​នោះ បែរជា​ថមថយ​ទៅវិញ​។ បញ្ហា​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង និង​ការហាម​ប្រាម​ក្រម​ហ៊ុន Huawei ជា​មូល​ចម្បង​នៃ​ការធ្លាក់ចុះ​ទំនាក់ទំនង​នេះ​។​

 
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Dominic Raab នៅ​ថ្ងៃទី​២៨ ខែកក្កដា ដោយ​ផ្ដោតលើ​ទំនាក់ទំនង​ទ្វេភាគី​ដែល​កំពុង​ល្អក់កករ​ដោយសារ​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង និង​ការបិទផ្លូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​ជំនា​ន់ទី​៥ (5G) របស់​ក្រុមហ៊ុន Huawei ពី​សំណាក់​រដ្ឋាភិបាល​ចិន​។ លោក វ៉ាង និយាយ​ក្នុងជំនួប​តាម​ទូរ​សព្ទ​នេះ ភាគី​ទាំងពីរ​គួរ​មាន​ហេតុផល ចាស់ទុំ ហើយ​គោ​រពប​ញ្ញ​តិ្ត​អន្តរជាតិ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លោក វ៉ាង ប្រា​ប់លោក Raab ត្រង់ៗ​ថា សម្រាប់​ចក្រភព​អង់គ្លេស ចិន​គឺជា​ឱកាស មិនមែន​ការ​គំរាម ជាការ​បំពេញបន្ថែម មិនមែន​ការធ្វើ​ឲ្យ​ធ្លាក់ចុះ និង​ជា​ដំណោះស្រាយ ជាជាង​ហានិភ័យ​។ លោក​បញ្ជាក់ថា​៖ «​ចិន និង​ចក្រភព​អង់គ្លេស ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដូចគ្នា ជា​ប្រទេស​មាន​ឥទ្ធិពល ហើយ​មាន​វិស័យ​ជាច្រើន​ដើម្បី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​» 
 
​ទំនង​ចង់​សំដៅ​អាមេរិក ប្រមុខ​ការទូត​ចិន​រូបនេះ​ប្រាប់​សម​ភាគី​អង់គ្លេស​ទៀតថា ទំនាក់ទំនង​ទ្វេភាគី​សព្វថ្ងៃ​ជួប​បញ្ហា និង​ការ​លូកលាន់ ខណៈ​មនុស្ស​ខ្លះ​នៅ​អង់គ្លេស​ចង់​កែប្រែ​ទំនាក់ទំនង​ឡើងវិញ​ទៀតផង​។ ត្រង់ចំណុច​នេះ លោក វ៉ាង អះអាងថា ចិន និង​អង់គ្លេស​ត្រូវតែ​ធ្វើ​អ្វី​តាម​ហេតុផល មានគំនិត​ចាស់ទុំ គោរព​ច្បាប់​អន្តរជាតិ និង​ប្រយោជន៍៍​គ្នា​ទៅមក​។ 
 
​ទាក់ទង​រឿង​ហុងកុង​វិញ លោក វ៉ាង ប្រា​ប់លោក Raab ថា នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ហើយ​ទង្វើ​របស់​អង់គ្លេស​កន្លង​មកលើ​បញ្ហា​នេះ បាន​បំពាន​គោលការណ៍​នៃ​ទំនាក់ទំនង​អន្តរជាតិ​។ ដោយឡែក​ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួងការបរទេស​អង់គ្លេស លោក Raab លើកឡើងថា អង់គ្លេស​នឹង​តាម​ការបោះឆ្នោត​សភា​ហុងកុង​យ៉ាង​ដិតដល់​បំផុត ហើយ​ស្នើ​ឲ្យ​ចិន​គោរព​តាម​កា​ត្វ​កិច្ច​អន្តរជាតិ​របស់ខ្លួន​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីន​ជាំ​ង​។​
 
​ចំណែក​រឿង 5G វិញ អ្នកការទូត​ចិន ក៏​និយាយ​ដោយ​ឥត​លាក់លៀម​ថា ក្រោម​សម្ពាធ​ប្រទេស​ខាងក្រៅ អង់គ្លេស​យក​ការរកស៊ី​ធ្វើជា​នយោបាយ និង​ចាត់វិធានការ​រើសអើង​ក្រុមហ៊ុន​ចិន​។ កន្លងទៅ រដ្ឋាភិបាល​អង់គ្លេស ប្រកាស​ហាមប្រាម​ក្រុមហ៊ុន​ប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​របស់ Huawei ដោយ​សំអាងថា ដើម្បី​ការពារ​សន្តិសុខ​ជាតិ​។ លោក វ៉ាង ស្នើ​ឲ្យ​អង់គ្លេស​បើកចំហ​បរិយាកាស​រក​ស៊ី​របស់ខ្លួន​សម្រាប់​ក្រុមហ៊ុន​ទាំងអស់ រាប់ទាំង​ក្រុមហ៊ុន​ចិន​ផង​៕
 
 

Tag:
 ចិន​
 ​អង់គ្លេស​
  វ៉ាង យី​
  Dominic Raab
© រក្សាសិទ្ធិដោយ thmeythmey.com