ជាតិ
សង្គមជាតិ
ហ្គេម​អន​ឡាញ កំពុង​ក្លាយជា​រនាំង​ដល់​ការអប់រំ​តាម​អន​ឡាញ​?
29, Jul 2020 , 9:59 pm        
រូបភាព
​ដោយ៖ ប៉ូ សុភា
ភ្នំពេញ​៖ ការអប់រំ​តាម​អន​ឡាញ គឺជា​ជំហាន​ថ្មី​មួយ ដែល​ស្របតាម​យុវ​សម័យ​បច្ចេកវិទ្យា ៤.0 ។ វា​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ឱ្យ​កុមារ និង​យុវជន អាច​ទទួលបាន​ការអប់រំ​បែប​ទំនើប និង​ដើរ​ទាន់​ការវិវត្ត​នៃ​បច្ចេកវិទ្យា​។ ប៉ុន្តែ​ដំណើរការ​អប់រំ​តាម​អន​ឡាញ​នេះ ក៏​កំពុង​ជួប​ឧបសគ្គ​ដែរ​។ នោះ​គឺ​ការហូរចូល​ហ្គេម​អន​ឡាញ​គ្រប់​ប្រភេទ ដែល​អាច​អូសទាញ​កុមារ និង​យុវជន ងាក​ចេញពី​ការសិក្សា​។​


​រយៈ​៥​ខែ​ហើយ ដែល​និស្សិត សិស្សានុសិស្ស ត្រូវ​អង្គុយ​រៀន​នៅមុខ​កុំព្យូទ័រ ឬ​រៀន​តាម​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ដើម្បី​ទទួលបាន​ចំណេះដឹង ក្រោយពី​ក្រសួង​អប់រំ​ប្រកា​សបិទ​សាលារៀន​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១៣ មីនា កន្លងមក​។ កុមារ និង​យុវជន​មួយចំនួន កំពុង​អនុវត្តបាន​យ៉ាង​ល្អ តាម​គោលការណ៍​ក្រសួង​អប់រំ ដោយ​ពួកគេ​ប្រឹងរៀន​ស្វយ័ត​ដោយ​ខ្លួនឯង តាម​អន​ឡាញ​នេះ​។ ប៉ុន្តែ​ខ្លះទៀត ប្រហែលជា​កំពុង​សម្ងំ​លេង​ហ្គេម​អន​ឡាញ ដោយ​ជ្រក​ក្រោម​ឈ្មោះ «​រៀន​តាម​អន​ឡាញ​»​ទៅវិញ​ទេ​។ 
 
​អ្នកស្រី ប៉ុក វណ្ណា ដែលមាន​កូនប្រុស​ម្នាក់ រៀន​នៅ​ថ្នាក់​ទី​៧​នោះ កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​កូន​ខ្លួន វក់​នឹង​ការលេង​ហ្គេម​អន​ឡាញ​។ អ្នកស្រី វណ្ណា បាន​ទិញ​ស្មា​ត​ហ្វូ​ន​មួយគ្រឿង​ឱ្យ​កូន​គាត់ សម្រាប់​យកមកប្រើ​ប្រាស់​ក្នុង​សិក្សា​តាម​អន​ឡាញ​នេះ ប៉ុន្តែ​កូន​របស់គាត់ បែរជា​លួច​លេង​ហ្គេម​ទៅវិញ​។ ស្ត្រី​វ័យ​៣៤​ឆ្នាំ ដែល​ដឹង​ពី​បញ្ហា​កូន​របស់ខ្លួន​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ចាប់តាំងពី​បាន​ទូរស័ព្ទ យកទៅ​រៀន online​មក កូន​ខ្ញុំ​លែង​រៀន​សុទ្ធ​តែម្ដង ។ មួយថ្ងៃៗ​គិតតែ​សម្ងំ​នៅតែ​ក្នុង​បន្ទប់​លេង​ហ្គេម ជាមួយ​ទូរស័ព្ទដៃ ហើយ​ភ្នែក​ឡើង ក្រហម​អស់ហើយ​»​។​
 
​អ្នកស្រី វណ្ណា ក៏បាន​ព្យាយាម​អប់រំ ណែនាំ និង​លួងលោម​កូន​របស់ខ្លួន ឱ្យ​ប្រឹង​សិក្សា​តាម​អន​ឡាញ​ដែរ​។ ប៉ុន្តែ​ការយកចិត្តទុកដាក់​លើ​ការសិក្សា​កូន​នេះ វា​មិនបាន​ដិតដល់​ឡើយ ព្រោះតែ​អ្នកស្រី ក៏​រវល់​ធ្វើ​ការងារ​ខ្លួន​ដែរ​។​
 
« ខ្ញុំ​ធ្វើការ​មួយអាទិត្យ មាន​ពេល​នៅផ្ទះ​ត្រឹមតែ ៣​ថ្ងៃ​ប៉ុណ្ណោះ ។ អ៊ីចឹង​ហើយ​មិនដឹងថា កូន​លេង​ហ្គេម​តាំងពី​ពេលណា​មក​។ កត្តា​សំខាន់​មួយទៀត ខ្ញុំ​ដើរ​មិនទាន់​សម័យកាល​បច្ចេក​វិទ្យា​ទំនើប​ទេ​។ នេះ​ជាហេតុ​ធ្វើឱ្យ​កូន​មិន​ស្ដាប់ ព្រោះ​គាត់​ចេះ​ជាង​ខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ប៉ុក វណ្ណា​។​
 
​កញ្ញា សួន សុ​ភ័​ណ្ឌ ដែលមាន​ក្មួយ​រៀន​ថ្នាក់​ទី​៧ ក៏​ជួប​បញ្ហា​ក្មួយ​លេង​ហ្គេម​ច្រើនជាង​រៀន​ដែរ​។ មាន​ស្រុកកំណើត​នៅ​ខេត្តកណ្ដាល អាណាព្យាបាល​របស់​សិស្ស​រូបនេះ បាន​បញ្ជាក់ថា ក្មួយប្រុស​របស់ខ្លួន តែងតែ​បន្លំ​លេង​ហ្គេម ជាមួយ​ការសិក្សា​តាម​អន​ឡាញ​នេះ ខណៈ​ខ្លួន​មិនសូវមាន​ពេល​តាមដាន​ការសិក្សា​ដិតដល់​។​
 
« ចាប់តាំងពី​ក្រសួង​អប់រំ បើក​ឲ្យ​មានការ​សិក្សា​តាម​អន​ឡាញ មក​ក្មួយ​របស់ខ្ញុំ មានឱកាស​បាន​នៅ​ជិត​ទូរស័ព្ទ​ច្រើនជាង​មុន ដែល​ធ្វើ​ឲ្យ​គាត់​មានឱកាស​ក្នុងការ​ឆ្លៀត​លេង​ហ្គេម នៅក្នុងពេល​កំពុង​រៀន ដោយសារ​ថា គាត់​ត្រូវតែមាន​ទូរស័ព្ទ​ទើប​អាច​រៀន​បាន​។ អ៊ីចឹង​ពេល​ម៉ោង​រៀន​មិនដឹងថា គាត់​មើល​អ្វីខ្លះ​ទេ ព្រោះ​ខ្ញុំ​មិនបាន​នៅ​ជិត​គាត់​រហូត​នោះទេ ហើយ​តាម​ខ្ញុំ​បាន​សួរ​គេ បញ្ហា​នេះ​មិនមែន​កើតឡើង​តែ​ចំពោះ​ក្មួយ​របស់ខ្ញុំ​ទេ កូនៗ​របស់​អ្នកជិតខាង និង​មិត្តភក្តិ​របស់ខ្ញុំ​មួយចំនួន​ក៏​ប្រឈម​នឹង​បញ្ហា​នេះដែរ »​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា សួន សុ​ភ័​ណ្ឌ​។​
 
​យុវ​សិស្ស ស៊ឹង សុវណ្ណ​កិ​ត្យា ដែល​ត្រូវជា​កូន​របស់​អ្នកស្រី ប៉ុក វណ្ណា បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​លួច​លេង​ហ្គេម នៅ​អំឡុងពេល​សិក្សា​តាម​អន​ឡាញ​មែន​។ សុវណ្ណ​កិ​ត្យា បែ​ជា​អះអាងថា ខ្លួន​យក​ពេល​លេង​ហ្គេម​ច្រើនជាង​ម៉ោង​រៀន ដោយសារ​ខ្លួន​រៀន​តាម​អន​ឡាញ​នេះ ចាប់​អ្វីដែល​គ្រូបង្រៀន​មិនទាន់ ដែល​ធ្វើឱ្យ​ខ្លួន​មាន​អារម្មណ៍​ធុញទ្រាន់​។​
 
​យុវ​សិស្ស​ថ្នាក់​ទី​៧​រូបនេះ និយាយ​ដោយ​ក្លាហាន​ដូច្នេះ​ថា​៖ « តាមពិតទៅ​ការលេង​ហ្គេម​ហ្នឹង ខ្ញុំ​ចង់​លេង​ដោយ​ខ្លួនឯង ខ្ញុំ​អត់​ខ្វល់​រឿង​រៀន​ទេ ព្រោះ​មិន​ចូលចិត្ត​រៀន​ទេ​តាម​អន​ឡាញ​។ រៀន​តាម​ប្រព័ន្ធ​នេះ ខ្ញុំ​រៀន​អត់​ទាន់​ទេ គ្រូ​ពន្យល់​លឿន​ពេក ហើយ​ពេល​ខ្ញុំ​ឆ្ងល់​ឆា​តទៅ​សួរ​(​គ្រូបង្រៀន​) មួយថ្ងៃ ឬ​ពីថ្ងៃ បាន​(​គ្រូ​)​ឆ្លើយ​។ អ៊ីចឹង​ខ្ញុំ​គ្មាន​អារម្មណ៍​រៀន​ទេ ចេះតែ​យក​ម៉ោង​រៀន​លេង​ហ្គេម​ជាមួយ​មិត្តភក្តិ​ទៅ​សប្បាយ​ជាង តែ​ពេលខ្លះ​ក៏​លេង​ម្នាក់ឯង​ដែរ​»​។​
 
​សម្រាប់​យុវ​សិស្ស​រូបនេះ ការរៀន​នៅ​សាលា អាចឱ្យ​ខ្លួន​យកចិត្តទុកដាក់​រៀន ជាង​តាម​អន​ឡាញ​។​«​ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​ក្រសួង​អប់រំ​ឆាប់​បើក​សាលា​វិញ ខ្ញុំ​ចង់ទៅ​រៀន​នៅ​សាលា​ជាង​រៀន​តាម​អន​ឡាញ ។​ពេល​រៀន​នៅ​សាលា​មាន​គ្រូ ចាំ​ពន្យល់ ពេល​ឆ្ងល់​អាច​សួរ​បាន​ភ្លាមៗ ឆាប់​ចេះ រៀន​ងាយស្រួល​ជាង​រៀន​តាម  អន​ឡាញ ឆ្ងាយ​ណាស់ »​។ នេះ​ជាការ​អះអាង​របស់ ស៊ឹង សុវណ្ណ​កិ​ត្យា ដែល​កំពុង​សិក្សា​ថ្នាក់​ទី​៧​។​
 
​តាមពិតទៅ​ការរៀន​និង​បង្រៀន​អន​ឡាញ​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​ការអប់រំ​តាមបែប​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចងក្រង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា ដែល​បាន​បន្ថែមថា ក្រសួង​បាន​បង្វែ​បញ្ហា​ប្រឈម​លើ​ការរៀន​អន​ឡាញ​ឱ្យទៅជា​ឱកាស​ពង្រឹង​ការអប់រំ​បែប​ឌីជីថល​។ 
 
​នៅពេល​សួរថា ក្រោយពី​ក្រសួង​ដាក់ចេញ​កម្មវិធី​រៀន​តាម​អន​ឡាញ​នេះ តើ​មាន​ប្រសិទ្ធភាព​កម្រិតណា​? លោក សុ​វាចា មិនបាន​បកស្រាយ​អ្វី​ច្រើន​ឡើយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អាណាព្យាបាល​សិស្ស​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ThmeyThmey តាម​បណ្ដាញ​តេ​ឡេ​ក្រាម អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​ជាទូទៅ មាតាបិតា សិស្សានុសិស្ស និង​គ្រប់ភាគី​ពាក់ព័ន្ធ​មានការ​ស្វាគមន៍ និង​គាំទ្រ​សេវា​សិក្សា​តាម​អន​ឡាញ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​ជាមួយនឹង​ការផ្សាយ​តាមរយ​:​ទ​ទក​២ ដែល​អាច​បន្ត​ឲ្យ​មានការ​រៀន និង​បង្រៀន​នៅ​ទីក្រុង និង​ជនបទ​ទូទាំង​២៥​ខេត្ត រាជធានី ស្រប​នឹង​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​។ គ្រួសារ​ដែល​មិនទាន់មាន​ទូរទស្សន៍​អាច​រៀន​តាម​ទូរទស្សន៍​ជាមួយ​អ្នកជិតខាង​មិន​ឲ្យ​លើសពី​១០​នាក់ ដោយ​តម្រូវឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រក្សា​គម្លាត​សុវត្ថិភាព និង​អនុវត្តន៍​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​»​។​
 
​ផ្ទុយ​ពី​ការយល់ឃើញ​របស់​ក្រសួង​អប់រំ , អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម មើលឃើញថា ការអនុវត្ត​កម្មវិធីសិក្សា​តាម​អន​ឡាញ មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ លោក ប៉ា ចាន់​រឿន បាន​សង្កត់ធ្ងន់ថា សិស្ស​មួយចំនួន បាន​លួច​យក​ម៉ោង​រៀន​តាម​អន​ឡាញ​នេះ ទៅលេង​ហ្គេម ឬ​មើល​អ្វី​ផ្សេងទៀត ដែល​ខុស​គោលដៅ​សិក្សា ពោលគឺ​ពួកគេ មិនទាន់​យល់ច្បាស់​អត្ថន័យ​នៃ​ការសិក្សា​តាម​អន​ឡាញ​ឡើយ​។ 
 
​លោក ប៉ា ចាន់​រឿន ដែល​បច្ចុប្បន្ន ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បានបញ្ជាក់​ដូច្នេះ ៖ « ការពិត​ជាក់ស្ដែង​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ មាន​ប្រសិទ្ធភាព​តែ​ចំពោះ​សិស្ស ដែលមាន​ការសិក្សា​កម្រិត​ខ្ពស់ ចាប់ពី​កម្រិត​សកល​វិទ្យាល័យ​ឡើងទៅ ព្រោះ​ពួកគាត់​មានការ​គិត និង​ការពិចារណា​បាន​ដោយ​ខ្លួនឯង ក្នុងការ​សម្រេចចិត្ត​លើ​អ្វីមួយ​»​។ 
 
​ប៉ុន្តែ​ដើម្បី​ធ្វើឱ្យ​ការសិក្សា​តាម​អន​ឡាញ មាន​ប្រសិទ្ធភាព​នោះ លុះត្រាតែ​មានការ​ចូលរួម​ពី​អាណាព្យាបាល​សិស្ស​។ ត្រង់ចំណុច​នេះ លោក ប៉ា ចាន់​រឿន បាន​បន្ថែមថា អាណាព្យាបាល​ទាំងអស់ ត្រូវ​តាមដាន និង​ពិនិត្យមើល​រាល់​កម្មវិធីសិក្សា​កូន​ជាប្រចាំ ទើប​អាច​ជំរុញ​ឱ្យ​ពួកគេ​សិក្សា​តាម​អន​ឡាញ ប្រកបដោយ​គុណភាព​។ «​ប្រសិនបើ​មាតាបិតា មិន​ចង់ឱ្យមាន​ករណី​ខាងលើ​កើតឡើង​ចំពោះ​កូនៗ​របស់ខ្លួន​ទេ ។ ចំពោះ​មាតាបិតា​គួរតែ​សង្កេត​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​លើ​កម្មវិធីសិក្សា​របស់​កូន រួមទាំង​ការតាមដាន​នូវ​រាល់​សកម្ម​ភាពមិនប្រក្រតី​របស់​កូន ខណៈពេល​កំពុង​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​។ ជៀស​ជាង​ទុកឱ្យ​គាត់​នៅតែ​ឯងៗ​ជាមួយនឹង​ទូរស័ព្ទ​»​។ នេះ​បើតាម​លោក ប៉ា ចាន់​រឿន​។​
 
​ចាប់តាំងពី​ផ្ទុះ​ជំងឺឆ្លង​សកល​នេះ​មក ទិន្នន័យ​នៃ​ការទាញយក​កម្មវិធី​ហ្គេម និង​កម្មវិធី​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា ពិតជា​មានការ​កើនឡើង​មែន​។ នេះ​ជាការ​បញ្ជាក់​របស់លោក មាស ប៉ូ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។​
 
«​សព្វថ្ងៃ​ក្រសួង​មិនទាន់បាន​ពិនិត្យ​ទៅលើ​ការទាញយក​កម្មវិធី​ហ្គេម និង​កម្មវិធី​មួយចំនួន ដែល​ធ្វើឱ្យ​ប៉ះ  ពាល់​ដល់​យុវជន​ឬ​កុមា​នៅឡើយ​ទេ​។ តែ​ក្រសួង​នឹង​លើក​ពី​បញ្ហា​នេះ ទៅកាន់​(​ពិភាក្សា​)​មន្ត្រី​ជំនាញ​បច្ចេកទេស នៅក្នុង​កិច្ចប្រជុំ​ពេល​ក្រោយ ថា​តើ​គួរ​ធ្វើយ៉ាងណា​សម្រាប់​ករណីនេះ​» ។ នេះ​ជាការ​បញ្ជាក់​របស់លោក មាស ប៉ូ ដែល​មិនទាន់​អាច​បញ្ជាក់​ពី​ទិន្នន័យ​កើនឡើង​នៃ​ការ​ទាញ​កម្មវិធី​ហ្គេម​នោះទេ​៕
 
 

Tag:
 សិក្សា​អន​ឡាញ​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com