ជាតិ
សង្គមជាតិ
​ក្រសួង​សង្គមកិច្ច និង​អង្គការ​ដៃគូ តាំងចិត្ត​រួមគ្នា​ពង្រឹង​ប្រព័ន្ធ​កិច្ចការពារ​កុមារ​កម្ពុជា​
29, Jul 2020 , 4:32 pm        
រូបភាព
លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែល​មានវត្ត​មាននៅក្នុង​កម្មវិធីផ្សព្វផ្សាយគោលនយោបាយស្តីពីប្រព័ន្ធកិច្ចការពារកុមារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០
លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែល​មានវត្ត​មាននៅក្នុង​កម្មវិធីផ្សព្វផ្សាយគោលនយោបាយស្តីពីប្រព័ន្ធកិច្ចការពារកុមារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រួមគ្នា​នឹង​អង្គការ​ភ្លែ​ន​កម្ពុជា អង្គការ Child Fund និង​អង្គការ Educo បង្កើត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​។ គោលនយោបាយ​នេះ ត្រូវបាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កាល​ហើយ ដែល​បន្ត​អនុវត្ត​សម្រាប់​រយៈពេល​១០​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩-២០២៨ ក្នុង​គោលបំណង​លុបបំបាត់​អំពើហិង្សា​លើ​កុមារ ការកេងប្រវ័ញ្ច ការរំលោភបំពាន និង​ផ្តល់​សមធម៌​សង្គម​ដល់​កុមារ​។

 
​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ នា​ថ្ងៃទី​២៩ ខែកក្កដា លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​បញ្ជាក់ថា​គោលនយោបាយ​នេះ នឹង​ជួយ​ឆ្លើយតប​លើ​ការដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​កុមារ ផ្តល់​វិធានការ​ទាន់ពេលវេលា​ទៅលើ​កុមារ​ដែល​ជួប​ហានិភ័យ​ផ្សេងៗ និង​ជួយ​លើកកម្ពស់​កុមារ​ឲ្យ​ទទួលបាន​សិទ្ធិ​ពេញលេញ​។   
 
​បើតាម​លោក វង សូត ដើម្បី​លុបបំបាត់​អំពើហិង្សា និង​អំពើ​រំលោភបំពាន​លើ​កុមារ រដ្ឋាភិបាល​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ដទៃទៀត និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ​។ លោក វង សូត បានលើកឡើង​ដូច្នេះ​ថា​៖«​ដើម្បី​ឲ្យ​គោលនយោបាយ​កិច្ចការពារ​កុមារ​នេះ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឲ្យ​គ្រប់​ស្ថាប័ន អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ដោះស្រាយ​តាម​មុខសញ្ញា​នីមួយៗ ប្រកបដោយ​សា្មរ​តី​ទទួលខុសត្រូវ​»​។ 

លោកស្រី គ្វី​ន​នេ​ត វ៉ង នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ប្តេជ្ញា​ជាមួយនឹង​អង្គការ​អង្គការ​ឆាល​ហ្វា​ន​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការផ្តល់សេវា​ការពារ​កុមារ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​នូវ​សមិទ្ធផល​ក្នុងការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​កុមារ​ទទួលបាន​សិទ្ធិ​ការពារ ជួយ​កសាង​សមត្ថភាព​បុគ្គលិក​សង្គម​នៅ​គ្រប់​កម្រិត និង​ផ្តល់​សេវា​ដល់​កុមារ គ្រួសារ និង​សហគមន៍​ដែល​ងាយ​រងគ្រោះ ជាពិសេស​ក្មេងស្រី និង​ស្ត្រី​។ 




នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា លោកស្រី គ្វី​ន​នេ​ត វ៉ង  ថ្លែង​សុន្ទរកថានៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។ (​រូបភាព​ផ្តល់​ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​)​
 
​បើតាម​លោកស្រី គ្វី​ន​នេ​ត វ៉ង ក្រោយ​ផ្សព្វផ្សាយ​គោលនយោបាយ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជី​វីត​រស់នៅ​របស់​កុមារ គ្រួសារ និង​សហគមន៍​របស់​ពួកគេ ជំហាន​បន្ទាប់ អង្គការ​នឹង​រៀបចំ​ដំណើរការ​គោលនយោបាយ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ប្រកបដោយ​ការចូលរួម និង​ផលិតភាព ការវិនិយោគ​បន្ថែម​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​បង្កើត​ឯកសារ​ច្បាប់​បន្ថែមទៀត​។​
 
​លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​លើកឡើងថា ទោះបីជា​មានការ​យកចិត្ត​ទុកដាក់​លើ​កិច្ច​គាំពារ​កុមារ​កន្លងមក​ក៏ដោយ ក៏​កុមារ​នៅតែ​ជួប​បញ្ហា​ផ្សេងៗ ដូចជា​កុមារ​ត្រូវបាន​គេ​ជួញដូរ រំលោភបំពាន​ផ្លូវចិត្ត និង​ផ្លូវកាយ កេងប្រវ័ញ្ច រង​អំពើហិង្សា កុមារ​ត្រូវបាន​គេបោះបង់​ចោល ខ្វះ​អាហារូបត្ថម្ភ រង​ពលកម្ម​កុមារ និង​កុមារ​សេព​គ្រឿងញៀន​។  
 
​លោកស្រី ញ៉េប សុភាព បាន​បន្ថែមថា កត្តា​ដែល​ធ្វើ​ឲ្យ​កុមារ​ឆាប់​ទទួលរង​បញ្ហា​នេះ ក៏ដោយ​សារ​កត្តា​គ្រោះមហន្តរាយ ការ​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ភាពក្រីក្រ ឪពុកម្តាយ​ប្រើ​អំពើហិង្សា ឪពុកម្តាយ​ទៅធ្វើ​ការ​ចំណាកស្រុក​ដោយ​ទុក​កូន​ចោល និង​ឪពុកម្តាយ​ដែល​ជាប់ពន្ធនាគារ​។ បើតាម​លោកស្រី សុខភាព ភាគច្រើន​កើត​ទៅលើ​កុមារ​ដែល​រស់​នៅតាម​តំបន់​ដាច់ស្រយាល​។ 
​មន្ត្រី​ជំនាញ​កុមារ​រូបនេះ​បាន​បន្តថា ការបញ្ជូន​កុមារ​ទៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​មិនមែនជា​ជម្រើស​ដ៏​ល្អ​នោះទេ​។ លោកស្រី​បាន​និយាយថា​៖«​ការ​ទុក​កុមារ​នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ ជា​ជម្រើស​ចុងក្រោយ និង​ជា​បណ្តោះអាសន្ន ប៉ុន្តែ​បច្ចុប្បន្ន​ការនាំ​កុមារ​រងគ្រោះ​ទៅ​ដាក់​ក្នុង​មណ្ឌល​ថែទាំ​ជា​វិធីសាស្ត្រ​តាមបែប​ប្រតិកម្ម ដែល​វា​ក៏​ជា​បញ្ហា​ដ៏​ធំ ពីព្រោះ​វា​ធ្វើ​ឲ្យ​ចំនួន​មជ្ឈមណ្ឌល​កើនឡើង​»​។ 
 
​លោកស្រី ញ៉ែ​ប សុភាព បាន​អះអាងថា ដើម្បី​ឈានដល់​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ឲ្យ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ក្រៅពី​មានការ​ចូលរួម​ពី​ក្រសួង និង​អង្គការ​ពាក់ព័ន្ធ ក៏ត្រូវ​មានការ​ចូលរួម​ពី​ឪពុកម្តាយ ឬ​អាណាព្យាបាល​កុមារ សហគមន៍ និង​អាជា្ញធរ​តាម​មូលដ្ឋាន​ផងដែរ​៕  
 

Tag:
 កុមារ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com