COVID-19
អន្តរជាតិ
អ្នកជំងឺ COVID-19 ជួប​ប្អូនស្រី​ដែលជា​គ្រូពេទ្យ ក្រោយ​បែក​គ្នា​ជាង​៥០​ឆ្នាំ​
30, Jul 2020 , 8:29 am        
រូបភាព
អ្នកស្រី Bev Boro អាយុ៥៣ឆ្នាំ និងបងស្រី  Doris Crippen អាយុ​៧៣​ឆ្នាំ បាន​បែកគ្នា​តាំងពី​ឆ្នាំ​១៩៦៧។ រូបថត KETV
អ្នកស្រី Bev Boro អាយុ៥៣ឆ្នាំ និងបងស្រី Doris Crippen អាយុ​៧៣​ឆ្នាំ បាន​បែកគ្នា​តាំងពី​ឆ្នាំ​១៩៦៧។ រូបថត KETV
ដោយ: ធីតា
COVID-19 បាន​បង្ក​ឲ្យ​មនុស្ស​ព្រាត់ប្រាស់​គ្នា​អស់​ជាច្រើន​គ្រួសារ ប៉ុន្តែ​ករណី​បងប្អូន​ស្រី​អាមេរិក​២​នាក់​នៅ​រដ្ឋ Nebraska ជា​រឿង​ដាច់ដោយឡែក​មួយ​។ ក្រោយ​បែក​គ្នា​តាំងពី​ឆ្នាំ​១៩៦៧​មក ពួកគាត់​បាន​ជួបជុំ​ដោយ​មិន​នឹកស្មាន​ដល់​នៅ​មន្ទីរពេទ្យ​។​

 
​យោងតាម​ការផ្សាយ​រប​ស់ KMTV អ្នកស្រី Doris Crippen បាន​សម្រាក​ព្យាបាល COVID-19 អស់​រយៈពេល​៣០​ថ្ងៃ មុននឹង​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ប៉ុន្តែ​សុខភាព​របស់​ស្ត្រី​វ័យ​៧៣​ឆ្នាំ​រូបនេះ នៅតែ​ខ្សោយ បន្ទាប់ពី​គាត់​បាន​ដួល និង​របួស​ដៃ​។ គាត់​ក៏បាន​ទៅ​មន្ទីរពេទ្យ​សារជាថ្មី​។​
 
​រឿង​មិន​នឹកស្មាន​ដល់​បានកើត​ឡើង​។ អ្នកគ្រូ​ពេទ្យ​វ័យ​៥៣​ឆ្នាំ ឈ្មោះ Bev Boro បាន​មើល​បញ្ជី​ឈ្មោះ​អ្នកជំងឺ ហើយ​ភ្ញាក់ផ្អើល​ពេល​ឃើញ​ឈ្មោះ​ដែលជា​នាមត្រកូល​ឪពុក​របស់ខ្លួន​។ «​ខ្ញុំ​បានឃើញ​ឈ្មោះ​គាត់​នៅក្នុង​បញ្ជី ខ្ញុំ​ស្ទើរតែ​មិន​ជឿថា ឱ​ព្រះ​ជា​ម្ចាស់ គាត់​ជា​បងស្រី​បង្កើត​របស់ខ្ញុំ​យ៉ាងពិត​ប្រាកដ​»​។ 
 
​អ្នកស្រី Boro បានធ្វើការ​នៅ​មន្ទីរពេទ្យ Fremont Methodist Health អស់​រយៈពេល​២២​ឆ្នាំ​ហើយ​។ ដោយ​ដឹងថា អ្នកស្រី Crippen  ថ្លង់​ស្តាប់​មិនបាន គាត់​ក៏បាន​សរសេរ​ឈ្មោះ​ឪពុក Wendall Huffman នៅលើ​ក្តារឈ្នួន ហើយ​អ្នកជំងឺ​ក៏បាន​ឆ្លើយ​ភ្លាមៗ​ថា ជា​ឈ្មោះ​របស់​ឪពុក​ខ្លួន​ផងដែរ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ KMTV អ្នកស្រី Crippen បាន​រៀបរាប់ថា អស់​រយៈពេល​៥៣​ឆ្នាំ​ហើយ ដែល​គាត់​បាន​បែក​គ្នា​ពី​បងប្អូន​៥​នាក់​ទៀត ដោយសារតែ​ឪពុក​បាន​ទុក​គាត់​ចោល​តែម្នាក់ឯង​នា​ឆ្នាំ​១៩៦៧​។ អ្នកស្រី​មិនបាន​បញ្ជាក់​ពី​រឿងរ៉ាវ​អតីត​លំអិត​ឡើយ តែ​គាត់​បាន​សំដែង​ក្តីរំភើប​ថា​៖  «៥៣​ឆ្នាំ​ហើយ ខ្ញុំ​មិនបាន​ឃើញ​ប្អូន​តាំងពី​គេ​នៅ​ជា​ទារិកា​មកម្ល៉េះ​។ ពិតជា​អស្ចារ្យ​ណាស់ ខ្ញុំ​មិនដែល​គិតថា យើង​បាន​ជួបគ្នា​វិញ​នោះឡើយ​»​។ 
 
​អ្នកស្រី Crippen បានជា​សះស្បើយ​ពី COVID-19 ហើយ ដូច្នេះ គាត់​អាច​ឱប​ប្អូនស្រី​ដោយ​រំភើប​រីករាយ​លាយឡំ​ជាមួយនឹង​ទឹកភ្នែក​។ គាត់់​នៅតែ​មិន​ជឿថា ខ្លួន​ស្ទើរតែ​ស្លាប់​ដោយសារ​ជំងឺ​រាល​ត្បា​ត​សាកល​នេះ​ទៅហើយ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​បាន​ជួយ​ឲ្យ​គាត់​បាន​ជួប​ប្អូនស្រី ក្រោយ​វិល​ទៅកាន់​មន្ទីរពេទ្យ​សារជាថ្មី​។​
 
​អ្នកស្រី Crippen បាន​ទៅផ្ទះ​អ្នកស្រី Boro និង​ជួបជុំ​សាច់ញាតិ​ផ្សេងទៀត ហើយ​គ្រោង​រៀបចំ​ពិធី​ដើម្បី​អបអរ​ការជួប​ជុំគ្នា​នៅពេល​វេលា​សមស្រប​ណាមួយ​នាពេលខាងមុខ​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com