អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ បង្កើត​គណៈកម្មាធិការ​ស៊ើប​ករណី​ចៅប្រុស​ថៅកែ Red Bull
29, Jul 2020 , 11:29 pm        
រូបភាព
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា (ឆ្វេង) និង លោក Vorayuth Yoodvidhya ដែលជាចៅប្រុសមហាសេដ្ឋី Chaleo Yoovidhya ដែលបានបង្កើតប្រេន ( Brand) ភេសជ្ជប៉ូវកម្លាំង Red Bull
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា (ឆ្វេង) និង លោក Vorayuth Yoodvidhya ដែលជាចៅប្រុសមហាសេដ្ឋី Chaleo Yoovidhya ដែលបានបង្កើតប្រេន ( Brand) ភេសជ្ជប៉ូវកម្លាំង Red Bull
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២៩ ខែកក្កដា បាន​បង្កើត​គណៈកម្មាធិកា​រ​ស្វែង​ការពិត ដើម្បី​ស៊ើប​ការសម្រេចចិត្ត​របស់​រា​ជ​អាជ្ញា​ថៃ ដែល​ទម្លាក់​បទ​ចោទ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ប៉ូលិស​ម្នាក់​ស្លាប់​បង្កដោយ​ចៅប្រុស​ថៅកែ​ភេសជ្ជៈ Red Bull ថៃ ។ គណៈកម្មាធិការ​នេះ មាន​ពេល​១​ខែ​ដើម្បី​រាយការណ៍​ការពិត​ជូន​នាយករដ្ឋមន្ត្រី​។

 
 
​លោក Vorayuth Yoodvidhya ដែលជា​ចៅប្រុស​មហាសេដ្ឋី Chaleo Yoovidhya ដែល​បាន​បង្កើត​ប្រេន ( Brand) ភេសជ្ជ​ប៉ូវ​កម្លាំង Red Bull ត្រូវបាន​ចោទប្រកាន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើករថយន្ត Ferrari ពណ៌​ខ្មៅ​បុក​ប៉ូលិស​ម្នាក់​រហូតដល់​ស្លា​ប់​កាលពី​ឆ្នាំ​២០១២ ហើយ​អូស​សព​ជាច្រើន​ម៉ែត្រ មុនពេល​បើក​រត់គេច​ពី​កន្លែងកើតហេតុ​។ 
 
​នៅ​ថ្ងៃទី​២៤ ខែកក្កដា បទ​ចោទ​ប្រឆាំង​លោក Vorayuth ចំនួន​៣ រួមមាន បើកបរ​លើស​ល្បឿន​កំណត់ បុក​ហើយ​រត់ និង​បើកបរ​ធ្វេសប្រហែស​រហូតដល់​មាន​ករណី​ស្លាប់ ត្រូវបាន​រាជអាជ្ញា​ថៃ​ទម្លាក់ចោល​។ ចំណែក​ប៉ូលិស​ថៃ ក៏បាន​ទទួល​ការសម្រេចចិត្ត​នេះ ដោយ​មិន​តវ៉ា​។​
 
​យ៉ាងណា លោក ប្រា​យុទ្ធ នៅ​ថ្ងៃទី​២៩ ខែកក្កដា និយាយថា ការទម្លាក់​ចោល​បទ​ចោទ​លើ​បុគ្គល​រូបនេះ រង​ការរិះគន់​ជាខ្លាំង​ពី​សំណាក់​ប្រជាជន ហើយ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​របស់​ពួកគេ​មកលើ​ស្ថាប័នរដ្ឋ មន្ត្រី និង​ប្រព័ន្ធយុត្តិធម៌​ថៃ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍​។ 
 
​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បន្តទៀតថា ប្រជាជន​ថៃ​មាន​សិទ្ធិ​ដឹងឮ​ការពិត និង​យល់​ពី​ទិដ្ឋភាព​ផ្នែក​ច្បាប់ ព្រមទាំង​ព័ត៌មាន​មនុស្ស​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ ដើម្បី​ធានា​តម្លាភាព​។ ត្រង់ចំណុច​នេះ លោក ប្រា​យុទ្ធ សង្កត់ធ្ងន់ថា គណៈកម្មាធិការ​ដែល​ទើប​បង្កើត​ថ្មី​នេះ ក៏​នឹងដាក់​ស្នើការ​ធ្វើកំណែទម្រង់​ចំពោះ​ប្រព័ន្ធយុត្តិធម៌​ថៃ​ផងដែរ​។​
 
​យោងតាម​បទបញ្ជា​របស់លោក ប្រា​យុទ្ធ អតីត​ស្នងការ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ថៃ លោក Vicha Mahakhun ត្រូវបាន​ចាត់​ឲ្យ​ដឹកនាំ​គណៈកម្មាធិការ​នេះ ហើយ​លោក​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​រាយការណ៍​លទ្ធផល​រក​ឃើញ​ជូន​នាយក​ដ្ឋ​មន្ត្រី​៕
 
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Red Bull
© រក្សាសិទ្ធិដោយ thmeythmey.com