កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​៖ កែប​ទទួលបាន​លេខ​៣​ក្រោយ​យកឈ្នះ​សៀមរាប ៣-០
29, Jul 2020 , 5:35 pm        
រូបភាព
កីឡាករ លី ស៊ុបយ៉ានី របស់កែប ជាប់ជាកីឡាករល្អជាងគេប្រចាំការប្រកួត, រូបភាពពី CNCC
កីឡាករ លី ស៊ុបយ៉ានី របស់កែប ជាប់ជាកីឡាករល្អជាងគេប្រចាំការប្រកួត, រូបភាពពី CNCC
ដោយ:
​ក្រុមបាល់ទាត់​ជម្រើស​ខេត្ត​កែប​ទទួលបាន​ចំណាត់​លេខ​៣​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០ ក្រោយ​យកឈ្នះ​សៀមរាប​ក្នុង​លទ្ធផល ៣-០ នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រសៀល​ថ្ងៃទី​២៩ កក្កដា​នេះ​។

 
​នា​ជំនួប​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​រវាង​ក្រុម​កែប ជាមួយ​សៀមរាប នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​បានចាប់ផ្តើម​ប្រកួត​នៅ​ម៉ោង​៣:៣០​នាទី​រសៀល ក្រុម​ទាំងពីរ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នៅ​តង់​ទី​១​។ ឈានដល់​តង់​ទី​ពីរ ការប្រកួត​ដំណើរការបាន​៦​នាទី គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ក្រុម​កែប​ក៏បាន​កើតឡើង ដែល​រកបាន​ដោយ​កីឡាករ លី ស៊ុប​យ៉ា​នី​។ 
 
​ជាង​១០​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ ជឿន ណា​ចារ បន្ថែម​១​គ្រាប់​ទៀត ដើម្បី​បង្កើត​ការនាំ​មុខ ២-០ ឲ្យ​ក្រុម​កែប​។ យើង​សង្កេតឃើញថា ក្រុម​សៀមរាប​ក៏មាន​ឱកាស​ក្នុងការ​បំប៉ោង​សំណាញ់​ទី​របស់​កែប​ផងដែរ តែ​ធ្វើ​មិនបាន​សម្រេច​។ ឈានដល់​ចុង​តង់​ទី​ពីរ​កីឡាករ ជឿន ណា​ចារ សម្រេច​គ្រាប់​ទី​ពីរ​របស់ខ្លួន ដែលជា​គ្រាប់​ជ័យជម្នះ ៣-០ សម្រាប់​ក្រុម​កែប​លើ​ក្រុម​សៀមរាប​។ 
 
​ជ័យជម្នះ​នេះ ជួយ​ឲ្យ​កែប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០​។ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៦​ល្ងាច​នេះ ក្រុម​ត្បូងឃ្មុំ​ត្រូវ​ប្រកួត​ការពារ​តំណែង​ជើងឯក​ជាមួយ​ក្រុម​ព្រៃវែង ដែល​សមា​ជិត​ភាគច្រើន​ជា​យុវជន​ថ្នាល​របស់​ក្លិប​វិសាខា​៕   

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com