ជាតិ
លោក វេង សាខុន ជំរុញឲ្យកសិករ ម៉េងឈាង ពង្រីកផ្ទៃដីដាំបន្លែឲ្យបាន ១៦ហិកតា លោកវេងសាខុននាឱកាសចុះពិនិត្យចម្ការស្ពៃក្ដោបខេត្តមណ្ឌលគិរី ថ្ងៃទី២៨ កក្កដា ២០២០
× កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានជំរុញឲ្យកសិករដាំបន្លែស្ពៃក្ដោប និងស្ពៃបូកគោ ពង្រីកផ្ទៃដីដាំដុះបន្ថែមឲ្យដល់ ១៦ហិកតា និងជួយរកទីផ្សារផងដែរ។ នេះបើតាមកសិករ គ្រី ម៉េងឈាង បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទ។
កសិករ ម៉េង ឈាង បានប្រាប់ថាលោកចាប់ផ្ដើមដាំបន្លែតាំងពីឆ្នាំ២០១៤ សព្វថ្ងៃបានដាំបន្លែប្រមាណ ១០មុខ លើផ្ទៃដី ៥ហិកតា មានដូចជាស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ ដំឡូងបារាំង ខ្ទឹមបារាំង ផ្កាខាត់ណាខៀវ ផ្កាខាត់ណាស។ ដោយឡែកសម្រាប់តែផ្ទៃដីបន្លែស្ពៃក្ដោបមានផ្ទៃដីជាង ១ហិកតា ហើយបរិមាណប្រមូលផលម្ដងជាង ៣តោន គិតជាទឹកប្រាក់ ៨ ០០០រៀលក្នុងមួយគីឡូ។ លោកបានបន្តថាទីផ្សារបន្លែរបស់លោកមានទីផ្សារទូលាយ អាចនាំចេញទៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម
ស្របពេលចុះពិនិត្យចម្ការបន្លែរបស់កសិករ ស្ថិតនៅភូមិចំការតែ ឃុំស្ពានមានជ័យ ស្រុកសុខដុម ខេត្តមណ្ឌលគិរី ដោយសារសម្លឹងមើលពីសក្កដានុពលខ្ពស់នូវកសិផលរបស់កសិករបានជំរុញឲ្យពង្រីកផ្ទៃដីដាំដុះបន្លែរបស់កសិករខាងលើឲ្យបាន ១៦ហិកតាបង្កើនការដាំបន្លែ និងជួយរកទីផ្សារដល់កសិករ។ បើតាមកសិករ ម៉េងឈាង ក្នុងមួយឆ្នាំអាចផ្ដល់ចំណូលប្រមាណជាង ១ម៉ឺនដុល្លារពីការដាំបន្លែ។
ទោះបីការដាំបន្លែរបស់កសិកររូបនេះទទួលជោគជ័យ តែក៏បានផលវិបាកខ្លះៗដែរ ដូចជានៅរដូវភ្លៀងធ្វើឲ្យដំណាំរបស់លោកពិបាកប្រមូលផល និងអាចខូចគុណភាព។ ទាក់ទងការមើលថែមិនបានចោទជាបញ្ហានោះទេ ដោយសារលោកបានរៀបចំប្រព័ន្ធស្រោចស្រពបានល្អ និងមានកម្មករដើម្បីមើលថែ។ នេះជាការលើកឡើងរបស់កសិករ គ្រី ម៉េងឈាង៕
ចម្ការស្ពៃក្ដោបមណ្ឌលគិរី រូបភាពពី វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com