អន្តរជាតិ
អូស្ត្រាលី និងអាមេរិករឹតបន្តឹងសហប្រតិបត្តិការយោធា ខណៈប្រឈមមុខជាមួយចិន រដ្ឋមន្ត្រីការបរទេស_និងការពារជាតិរបស់អាមេរិក_និងអូស្ត្រាលីនាសន្
× អាមេរិក និងអូស្ត្រាលី បានប្រកាសពីការពង្រីកកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ខណៈពេលប្រទេសទាំងពីរកំពុងតែប្រឈមនឹងភាពតានតឹងក្នុងទំនាក់ទំនងជាមួយចិនដូចគ្នា។ ការប្រកាសនេះធ្វើឡើងក្រោយជំនួបរយៈពេល២ថ្ងៃ រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិអាមេរិក និងអូស្ត្រាលី នៅរដ្ឋធានីវ៉ាស៊ីនតោនបញ្ចប់នៅថ្ងៃទី២៨ ខែកក្កដា។
នៅក្រោយជំនួបដែលធ្វើឡើងនៅក្រសួងការបរទេសអាមេរិក លោកស្រី Linda Reynolds រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានលើកឡើងថា អូស្ត្រាលីយល់ព្រមក្នុងការពង្រឹងទំនាក់ទំនងជាមួយអាមេរិកក្នុងវិស័យការពារជាតិដូចជាសង្គ្រាមដែលប្រើប្រាស់អាវុធលឿនជាសម្លេង អេឡិចត្រូនិក និងក្នុងលំហផងដែរ។ លោកស្រីបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងសមត្ថភាពរួមក្នុងការរក្សាស្ថិរភាព និងទប់ស្កាត់សកម្មភាពមិនសមរម្យក្នុងតំបន់។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក បានសាទរអូស្ត្រាលីដែលបានបញ្ជូននាវាចម្បាំង៥គ្រឿងចូលរួមសមយុទ្ធកាលពីសប្តាហ៍មុនជាមួយទ័ពអាមេរិក និងជប៉ុន។ លោក Esper និយាយត្រង់ៗថា៖ «សមយុទ្ធនេះ មិនត្រឹមតែពង្រឹងសមត្ថភាពក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ តែវាការបង្ហាញសារទៅកាន់ទីក្រុងប៉េកាំងថា យើងនឹងហោះហើរ បើកនាវា និងធ្វើប្រតិបត្តិការនៅទីណាដែលច្បាប់អន្តរជាតិអនុញ្ញាត និងការពារសិទ្ធិរបស់សម្ព័ន្ធមិត្តក្នុងការធ្វើបែបនេះដែរ។»
ថ្លែងក្នុងសន្នសីទសារព័ត៌មានរួមគ្នានេះដែរ លោក ម៉ៃ ប៉ុមប៉េអូ ប្រមុខការបរទេសអាមេរិក ក៏ឆ្លៀតសសើរសម្ព័ន្ធភាពចាក់ទឹកមិនលិចរបស់ប្រទេសទាំង២ ពិសេសនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ដែលហ៊ានងើបប្រឆាំងទៅនឹងចិន និងគាំទ្រអាមេរិកក្នុងការទាមទារឲ្យស៊ើបអង្កេតប្រភពជំងឺCOVID-19 ក៏ដូចជារួមដៃជាមួយអាមេរិកក្នុងការទាត់ចោលការទាមទារអធិបតេយ្យរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង។
ប្រមុខការបរទេសអាមេរិកបន្ថែមទៀតថា វាជារឿងដែលមិនអាចទទួលយកបាន ដែលចិនប្រើប្រាស់ការនាំចេញ និងការរៀនសូត្ររបស់និស្សិតចិននៅអូស្ត្រាលីជាឧបករណ៍ប្រឆាំងអូស្ត្រាលី។
ចំណែកឯ ចិន វិញតាមរយៈលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស បានចោទអាមេរិកថា កំពុងបង្កហេតុឲ្យការប្រឈមមុខដាក់គ្នាដោយមិនគិតគូរពីរផលប៉ះពាល់។ រីឯ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា កិច្ចជំនួបរវាងអាមេរិក និងអូស្ត្រាលីគួរណាស់តែលើកឡើងពីសន្តិភាព ស្ថិរភាព និងការទុកចិត្តគ្នារវាងប្រទេសនៅក្នុងតំបន់ និងមិនគួរសំដៅភាគីទីបី ឫប៉ះពាល់ប្រយោជន៍គេឡើយ៕
Tag:
អូស្ត្រាលី
អាមេរិក
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com