ជាតិ
សង្គមជាតិ
វិវាទ​កម្មករ​និង​ថៅកែ​៖ កម្មករ​វ៉ា​យ​អូ​លែ​ត ទន្ទឹងរង់ចាំ​ការជួយ​អន្តរាគមន៍​ពីស​ម្ដេច ហ៊ុន សែន​
30, Jul 2020 , 9:23 am        
រូបភាព
​ភ្នំពេញ​៖ កម្មករ ប​ម្រោ​ការងារ​នៅ​រោងចក្រ វ៉ា​យ​អូ​លែ​ត (VIOLET APPAREL CAMBODIA CO,.LTD.) កំពុង​ទន្ទឹងរង់ចាំ​ការជួយ​អន្តរាគមន៍​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​យក​ញត្តិ​ទៅ​ដាក់​ខុទ្ទកាល័យ​សម្ដេច ខណៈ​ពួកគាត់ គ្មាន​ការងារ​ធ្វើ ហើយ​ភាគច្រើន​សុទ្ធតែ​អ្នកមាន​វ័យ​ចំណាស់​។



​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា​ម្សិលមិញ កម្មករ​បានដាក់​ញត្តិ​ជូន​សម្ដេច ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ជួយ​ដោះស្រាយ ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​សំណង​អតីតភាព​ការងារ ប្រាក់​ជូនដំណឹង ប្រាក់​បំណាច់​ឆ្នាំ ប្រាក់ខែ​ចុងក្រោយ និង អត្ថប្រយោជន៍​ផ្សេងទៀត​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​រោង​ចក្រ​បិទទ្វារ​កាលពី​ថ្ងៃទី​១​ខែកក្កដា​។ លើសពីនេះ ពួកគាត់ គឺ​ស្នើ​ឲ្យ​ក្រសួង​ការងារ​លុបចោល​សេចក្ដីបំភ្លឺ​របស់​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ​ដែ​ល​កាត់​អត្ថប្រយោជន៍​២​ចំណុច​ចេញ គឺ​ប្រាក់​សងជំងឺចិត្ត​និង​ប្រាក់​ជូនដំណឹង​ពី​ការបិទ​រោងចក្រ​។​
 
​លោកស្រី អ៊ុង ចាន់​ធឿន តំណាង​កម្មករ​វ៉ា​យ​អូ​លែ​ត អះអាង ក្រុមកម្មករ កំពុង​ទន្ទឹង​ចាំ​ការឆ្លើយតប​ពី​ខាង​ខុទ្ទកាល័យ​សម្ដេច ដែល​បាន​សន្យាថា​ពីរ​ថ្ងៃ​ទៀត​នឹង​ឆ្លើយតប​វិញ លើ​ញត្តិ​ដែល​បានដាក់​ទៅ​។ លោកស្រី​ថ្លែងថា​៖«​ពេល​យក​ញត្តិ​ទៅ​ដាក់ អ្នក​នៅ​ខុទ្ទកាល័យ សម្ដេច បាន​ឲ្យ​តំណាង​ចូលជួប​ប្រមាណ​២​ម៉ោង បានរៀបចំ​ឲ្យ​ពួក​ខ្ញុំ​សរសេរ​បែបបទ​ឲ្យ​ត្រូវ​តាម​នីតិវិធី​ឡើយ​វិញ ហើយ​សន្យា​ពីរ​ថ្ងៃ​ទៀត នឹង​ឆ្លើយតប​វិញ​។ ខ្ញុំ​សង្ឃឹមថានឹង​ទទួលបាន​ការដោះស្រាយ​ស​ម​ស្របតាម​ច្បាប់​ការងារ​ដល់​ក្រុមកម្មករ​ពួក​ខ្ញុំ​»​។ 
 
​លោកស្រី​បន្ថែមថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ប្រហែលជា​មើលឃើញ​ពី​ទុក​លំបាក​របស់​កម្មករ​ហើយ ទើប​ការដាក់​ញត្តិ​លើក​នេះ គ្មាន​ការរារាំង​ដូច​កាលពី​សប្ដាហ៍​មុន​។ 
 
​ការប្រមូល​ផ្ដុំគ្នា​ទាមទារ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​លើ​វិវាទ​របស់​កម្មករ​រោងចក្រ​វ៉ា​យ​អូ​លែ​ត​និង​ថៅកែ​នេះ គឺជា​លើក​ទី​៤​ហើយ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមស្រប​ទេ លោកស្រី​ចាន់​ធឿន អះអាងថា ក្រុមកម្មករ​នឹង​បន្ត​ការទាមទារ​ទៀត​។ ប៉ុន្តែ លោកស្រី មិនទាន់​លម្អិត​ថា នឹងត្រូវ​ធ្វើ​បែបណា​នោះទេ ដោយ​រង់ចាំ​ពិភាក្សា​បន្ត​។  


 
​រោងចក្រ​វ៉ា​យ​អូ​លែ​ត​មាន​កម្មករ​ជាង​១​ពាន់​នាក់ ហើយ​ភាគច្រើន​បានធ្វើ​ការងារ​នៅ​ទីនោះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​។ មកដល់ពេលនេះ ពួកគេ​មាន​វ័យ​ជាង​៣០​ទៅ​៤០​ឆ្នាំ ដែល​ពិ​កបាក​រក​ការងារ​ថ្មី​ធ្វើ​ណាស់ ខណៈ​ម្ចាស់​រោង​ក​ច្រ​មិនបាន​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​ពួកគាត់ សម្រាប់​ជាដើម​ទុន​និង​ទ្រទ្រង់​ជីវភាព​នៅ​អំឡុងពេល​ខ្វះខាត​។ នេះ​បើតាម​បញ្ជាក់​របស់លោក​ស្រី ចាន់​ធឿន ដដែល ដោយ​លោកស្រី បន្ថែមថា​៖ «​ខ្ញុំ​ផ្ទាល់​អាយុ​ជាង​៤០​ឆ្នាំ កំពុង​គ្មាន​ការងារ​ធ្វើ ហើយ​អ្នក​ផ្សេងទៀត​ជិត​២០ភាគរយ​ប៉ុណ្ណោះ បាន​ដើរ​ធ្វើការ​ស៊ី​ថ្ងៃ តាម​រោងចក្រ​ផ្សេង ព្រោះ​ការធ្វើ​ការគិត​ថ្ងៃនេះ មិន​គិត​អាយុ ដែល​អាច​ឲ្យ​អ្នកមាន​វ័យ​ជិត​៤០​ឬ​ជាង​៤០​ឆ្នាំ​ធ្វើការ​បាន ប៉ុន្តែ​មិន​គិត​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ឲ្យ​ឡើយ​»​។ 
 
​ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ​វ៉ា​យ​អូ​លែ​ត លោក ប៉ូល សំណាង ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ភាគី​រោងចក្រ​បាន​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​តាមផ្លូវ​ច្បាប់​ឲ្យ​កម្មករ​រួម​ហើយ ប៉ុន្តែ​មានតែ​កម្មករ​ជាង​៨០០​នាក់ ដែល​ទទួលយក​សំណង ហើយ​នៅសល់​ប្រមាណ​៤០០​នាក់​មិនឃើញ​មក​ទទួល​សំណង​។ លោក​បញ្ជាក់ថា ប្រាក់​អត្ថប្រយោជន៍​ដែល​ភាគី​រោងចក្រ​ទូទាត់​ឲ្យ​តាមច្បាប់​រួមមាន​ប្រាក់​អតីតភាព​ការងារ ប្រាក់​បំណាច់​ប្រចាំឆ្នាំ ប្រាក់ខែ​ចុងក្រោយ និង​សម្រាប់​អ្នកមាន​ផ្ទៃពោះ​។ 
 
​លោក សង្កត់ធ្ងន់ថា​៖«​កន្លងមក​ក្រសួង​ចេញ​បំភ្លឺថា ប្រាក់​សងជំងឺចិត្ត​និង​ប្រាក់​ជូនដំណឹង មិន​តម្រូវ​ឲ្យ​ភាគី​រោច​ក្រ​ទូទាត់​ប្រាក់​នេះឡើយ បន្ទាប់ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ណាមួយ​ក្នុង​រោងចក្រ​។ អ៊ីចឹង​យើង បាន​អនុវត្តតាម​ក្រសួង ហើយ​កម្មករ​៨០០​នាក់​ហើយ ដែល​បានមក​បើកប្រាក់​»​។ 
 
​ប៉ុន្តែ​តំណាង​កម្មករ លោកស្រី ចាន់​ធឿន អះអាង​ដូចគ្នា​ដែរ​ថា ក្រុមកម្មករ​​ខ្លួន​ប្រមាណ​៨០០​នាក់ មិនទាន់​ទទួលបាន​ប្រាក់​អត្ថប្រយោជន៍​ឡើយ ហើយ​សុំ​ឲ្យ​ភាគី​រោងចក្រ​បង្ហាញ​ពី​ឯកសារ​ច្បាស់លាស់​ឬ​ឈ្មោះ​ដែល​ទទួលបាន​ប្រាក់​។ លោកស្រី​ថ្លែ​ងថា​៖«​អ្នកចូលរួម​ដាក់​ញត្តិ​កន្លងមក​មាន​ប្រមាណ​៨០០​នាក់ មកដល់ពេលនេះ អ្នកស្រី​មិនទាន់​ទទួលដំណឹង​ថា អ្នក​ទាំងនោះ​ទទួលបាន​ប្រាក់​នេះឡើយ ហើយ​ក្រុម​ទាមទារ​របស់ខ្ញុំ​ក៏​មិន​ព្រម​ទទួល​សំណង​ដែល​ភាគី​រោងចក្រ​ផ្ដល់​ឲ្យ​ដែរ ព្រោះ​មិន​គ្រប់​លក្ខខណ្ឌ​»​។ 


 
​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​យល់ថា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ ធ្វើ​ហួស​តួនាទី​បាន​បកស្រាយ​ច្បាប់​តាមចិត្ត ហើយ​ឲ្យ​និយោជក​យក​ធ្វើជា​គោល បណ្ដាល​ឲ្យ​ខាត​ប្រយោជន៍​កម្មករ​។ តំណាង​សហជីព​រូបនេះ សង្ឃឹមថា​កម្មករ​នឹង​ទទួលបាន​ការជួយ​ដោះស្រាយ​ពីស​ម្ដេច ហ៊ុន សែន​។ ប៉ុន្តែ​បើ​គ្មាន​ការអន្តរាគមន៍​ឬ​ការឆ្លើយតប​មិន​សមស្រប មេ​សហជីព​រូបនេះ នឹង​ស្នើ​ដល់​អ្នកបញ្ជា​ទិញ​ឲ្យ​ជួយ​អន្តរាគមន៍​។ លើសពីនេះ មេ​សហជីព អះអាងថា ពួកគេ នឹង​ពិភាក្សា​ជាមួយ​កម្មករ​ធ្វើ​សកម្មភាព​ផ្សេងទៀត ដើម្បី​ទាមទារ​អត្ថប្រយោជន៍​តាមផ្លូវ​ច្បាប់​ជូន​កម្មករ​។ 
 
​រោងចក្រ​វ៉ា​យ​អូ​លែ​ត​ស្ថិតនៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ថៅកែ​ជា​ជន​ជាតិចិន​។ កន្លងមក​រោងចក្រ​នេះ កាត់ដេរ​សំលៀកបំពាក់​ឱ្យ​យីហោ​ម៉ាក Nike, Matalan, Carther និង C&A​។ រោងចក្រ​នេះ​បាន​ព្យួរការងារ​កម្មករ ២​ខែ គឺ​នៅ​ខែឧសភា និង​មិថុនា​។ នៅ​ថ្ងៃទី​១ កក្កដា ដល់​ថ្ងៃ​ចូលធ្វើការ​ក៏ត្រូវ​តំណាង​ថៅកែ​រោងចក្រ​ប្រាប់ថា ក្ស័យធន​បណ្ដាលមកពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ថៅកែ​រោច​ក្រ​មិនបាន​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​គ្រប់​ចំនួន​តាមច្បាប់​ការងារ​ឲ្យ​កម្មករ​ឡើយ ទើប​បណ្ដាល​ឲ្យ​ក្រុមកម្មករ​ផ្ទុះ​ការតវ៉ា​ចាប់តាំងពី​ថ្ងៃទី​១​កក្កដា ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ដល់​បច្ចុប្បន្ន​៕ 
 



Tag:
 វិវាទ​
  កម្មករ​
  ថៅកែ​
© រក្សាសិទ្ធិដោយ thmeythmey.com