COVID-19
អន្តរជាតិ
ទីក្រុង​ហាណូយ មាន​ករណី​ឆ្លង COVID-19 ជាថ្មី​ដែល​ទាក់ទង​ករណី​នៅ​ដា​ណា​ង​
30, Jul 2020 , 11:00 am        
រូបភាព
មន្រ្តីសុខាភិបាលវៀតណាម បាញ់ថ្នាំសម្លាប់វីរុសនៅក្នុងតំបន់មួយ ក្នុងទីក្រុងដាណាង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ Vietnasm Express
មន្រ្តីសុខាភិបាលវៀតណាម បាញ់ថ្នាំសម្លាប់វីរុសនៅក្នុងតំបន់មួយ ក្នុងទីក្រុងដាណាង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ Vietnasm Express
​វៀតណាម បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន​១៣​ករណី​ទៀត​នៅ​ថ្ងៃទី​២៩ និង​ទី​៣០ ខែកក្កដា​។ ក្នុងចំណោម​១៣​ករណីនេះ ទីក្រុង​ដា​ណា​ង​មាន ១១​ករណី និង​ហាណូយ​មាន​ពីរ​ករណី​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ទីក្រុង​ហាណូយ​មាន​ករណី​ឆ្លង​ជាថ្មី បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​។


​តាមរយៈ​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល វៀតណាម​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា បាន​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ចំនួន ៤​ករណី​។ ក្នុង​ចំនួន​នេះ ៣​ករណី​គឺ​នៅ​ទីក្រុង​ដា​ណា​ង និង​១​ករណី​នៅ​ទីក្រុង​ហាណូយ​។ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា វៀតណាម បាន​រកឃើញ​ករណី​ឆ្លង​COVID-19 ថ្មី​ចំនួន ៩​ករណី​បន្ថែមទៀត​។ ក្នុងនោះ ៨​ករណី គឺ​នៅ​ទីក្រុង​ដា​ណា​ង និង​១​ករណី​នៅ​ទីក្រុង​ហាណូយ​។ 
 
​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ហាណូយ​ទាំងពីរ​ករណីនេះ គឺមាន​ទាក់ទង​នឹង​ករណី​ឆ្លង​នៅ​ទីក្រុង​ដា​ណា​ង​ទាំងអស់ ព្រោះ​អ្នកជំងឺ​ទាំងពីរ​នាក់​នេះ ទើបតែ​ត្រលប់​មកពី​ក្រុង​ទេសចរណ៍​មួយ​នេះ​។ តួលេខ COVID-19 សរុប​របស់​វៀតណាម បាន​កើន​ដល់​ចំនួន ៤៥៩​ករណី និង​មិនមាន​ករណី​ស្លាប់​។ ចំណែក​អ្នកជា​សះស្បើយ​វិញ​មាន​ចំនួន ៣៦៩​នាក់​។ 
 
​បន្ទាប់ពី​មាន​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ជាថ្មី​បែបនេះ អាជ្ញាធរ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​នៅក្នុង​ទីក្រុង​ហាណូយ​ចេញទៅ​ក្រៅ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព រក្សា​អនាម័យ​ជាដើម​។  គិត​ត្រឹម​ថ្ងៃទី​២៩ ខែកក្កដា ទីក្រុង​ហាណូយ​គ្មាន​ករណី​ឆ្លង COVID-19 ជា​សហគមន៍​ចំនួន ១០៧​ថ្ងៃ​មកហើយ​។ 
 
​ពេលនេះ ទីក្រុង​ហាណូយ​របស់​វៀតណាម កំពុង​ប្រឈម​នឹង​ការឆ្លង COVID-19 ខ្ពស់​ជាងគេ​។ បើតាម​ការបញ្ជា​ក់រប​ស់លោក Nguyen Duc Chung ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ នាពេល​កន្លងមក ទីក្រុង​ហាណូយ​បានទទួល​ប្រជាជន​ដែល​ត្រលប់​មកពី​ដា​ណា​ង​វិញ​ចន្លោះ​ពី​១៥០០០​នាក់ ទៅ ២០០០០​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Express​។ 
 
​សូមបញ្ជាក់ថា បន្ទាប់ពី​មាន​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ដា​ណា​ង វៀតណាម បាន​ចាត់វិធានការ​យ៉ាងខ្លាំង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៅក្នុង​ប្រទេស​។ រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ឲ្យ​បិទ​ការហោះហើរ​ចេញចូល​ពី​ក្រុង​ដា​ណា​ង​ទាំងអស់ ចំណែក​ការធ្វើដំណើរ​នៅក្នុង​ទីក្រុង​នេះ ក៏​មិន​អនុញ្ញាត​ដែរ លើកលែងតែ​ករណី​ចាំបាច់​។ ក្រៅពីនេះ រដ្ឋាភិបាល ក៏បាន​ពង្រឹង​ការត្រួតពិនិត្យ​តាម​ព្រំដែន​ផងដែរ ដោយសារ​បារម្ភ​ពី​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​អាច​ចម្លង COVID-19 កាន់តែខ្លាំង​ថែមទៀត​នៅ​វៀតណាម​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com