COVID-19
អន្តរជាតិ
ជាលើកដំបូង ករណីឆ្លង COVID-19 នៅជប៉ុន ហក់ឡើងលើសពី១ពាន់ករណីក្នុងមួយថ្ងៃ
30, Jul 2020 , 2:10 pm        
រូបភាព
ប្រជាជនជប៉ុន ពាក់ម៉ាស់នៅទីសាធារណៈ។ រូបភាព៖ Kyodo
ប្រជាជនជប៉ុន ពាក់ម៉ាស់នៅទីសាធារណៈ។ រូបភាព៖ Kyodo
ជប៉ុន នៅថ្ងៃទី២៩ ខែកក្កដា បានប្រកាសថា ខ្លួនបានរកឃើញករណីឆ្លងប្រចាំថ្ងៃចំនួន ១២៦៤ករណី។ តួលេខ គឺជាចំនួនឆ្លងខ្ពស់បំផុតរបស់ជប៉ុន និងជាលើកទី១ ដែលជប៉ុនមានករណីឆ្លងCOVID-19 លើសពី១ពាន់ករណី។  នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុនNHK នៅថ្ងៃទី៣០ ខែកក្កដា។



ករណីឆ្លង COVID-19 នៅជប៉ុន បានហក់ឡើងជាលំដាប់ ចាប់តាំងពីជប៉ុនលើកចោលស្ថានភាពអាសន្ននៅចុងខែឧសភាកន្លងមក។ ជប៉ុន នៅថ្ងៃទី២៩ ខែកក្កដា បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន ១២៦៤ករណី ដែលជាចំនួនឆ្លងក្នុងមួយថ្ងៃខ្ពស់បំផុតរបស់ជប៉ុន។

ខេត្ត ក្រុងមួយចំនួនរបស់ជប៉ុន ក៏បានរាយការណពីករណីឆ្លងខ្ពស់បំផុតនៅតាមតំបន់ដែរ។ តាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK ខេត្តក្រុងចំនួន ៨របស់ជប៉ុន សុទ្ធតែបានប្រកាសថា មានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។ ទីក្រុងអូសាកា ដែលស្ថិតនៅភាគខាងលិច បានប្រកាសពីករណីឆ្លង ២២១ករណី។ ចំណែកខេត្ត Aichi នៅភាគកណ្តាល មានករណីឆ្លងចំនួន ១៦៧ករណី។ សម្រាប់ក្រុង Fukuoka ស្ថិតនៅភាគនិរតីរបស់ជប៉ុន បានរាយការណ៍ពីករណីឆ្លងខ្ពស់បំផុតជាង ១០០ករណី។

ដោយឡែកទីក្រុងតូក្យូវិញ អាជ្ញាធរក្រុង បានរាយការណ៍ពីករណីឆ្លងCOVID-19 ថ្មីចំនួន ២៥០ករណី។ ក្នុងរយៈពេល ៩ថ្ងៃចុងក្រោយ ទីក្រុងតូក្យូ មានករណីឆ្លងលើសពី ២០០ករណី ចំនួន ៨ថ្ងៃទៅហើយ។ នៅថ្ងៃទី១៥ ខែកក្កដា រដ្ឋាភិបាលក្រុងតូក្យូ បានដំឡើងកម្រិតអាសន្នក្នុងទីក្រុង ទៅកម្រិតទី៤ ដែលជាកម្រិតអាសន្នខ្ពស់បំផុត។ នៅក្នុងកម្រិតទី៤នេះ គឺមានន័យថាករណីឆ្លង COVID-19 កំពុងរាតត្បាតក្នុងទីក្រុង។

សូមបញ្ជាក់ថា តួលេខសរុបកូរ៉ូណាវីរុសរបស់ជប៉ុន មានចំនួន៣៤២២០ករណី និងអ្នកស្លាប់មានចំនួន ១០១៩នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ២ម៉ឺននាក់៕

Tag:
 ជប៉ុន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com