COVID-19
អន្តរជាតិ
ជប៉ុន នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​មាន​លិខិតបញ្ជាក់​ការ​ស្នាក់នៅ​ចូល​ប្រទេស​វិញ​
30, Jul 2020 , 9:29 pm        
រូបភាព
ប្រភពរូប៖ Kyodo
ប្រភពរូប៖ Kyodo
ដោយ:
​ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ រដ្ឋាភិបាល​ជប៉ុន នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែលមាន​លិខិតបញ្ជាក់​ការ​ស្នាក់នៅ​ចូលមក​វិញ​។ ក្រសួងការបរទេស​ជ​ប៉ុន បានប្រកាស​បែបនេះ នៅ​ថ្ងៃទី ២៩ ខែកក្កដា​។ កន្លងមក ជប៉ុន​បានចេញ​បម្រាម​ការធ្វើដំណើរ​ចូល​ប្រទេស ដើម្បី​ទប់​ស្កាក់​ការ​រាលដាល COVID-19 ។​

 
​ជនបរទេស​ដែលមាន​កាន់​លិខិតបញ្ជាក់​ការ​ស្នាក់នៅ រហូតដល់ ៩ ម៉ឺន​នាក់ រួមមាន និស្សិត អ្នកជំនួញ និង​អ្នក​ហាត់​ការ ជាដើម កំពុង​ជាប់គាំង​នៅក្រៅ​ប្រទេស​ជប៉ុន ក្រោយ​អាជ្ញាធរ​បាន​ហាមឃាត់​ការចូល​មកដល់​នៃ​ជនបរទេស​ពី​ជាង​១០០​ប្រទេស ក្នុង​គោលដៅ​ឆ្លើយតប​ជំងឺ​រាតត្បាត​សកល COVID-19 ។​
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី ២៩ ខែកក្កដា ក្រសួងការបរទេស​ជ​ប៉ុន អះអាងថា អ្នក​ដែល​បាន​ពី​ចាក​ចេញពី​ប្រទេស​ជប៉ុន មុនពេល​ប្រទេស​ទិសដៅ​ពួកគេ​ត្រូវបាន​ដាក់ចូល​ទៅក្នុង​បញ្ជី​បម្រាម​នោះ នឹងមាន​សិទ្ធិ​ដាក់​ពាក្យសុំ​ត្រលប់​មកវិញ​បាន​។ 
 
​ការអនុវត្ត​វិធានការ​នេះ នឹង​រាប់​ចាប់ពី​ថ្ងៃទី ៥ ខែសីហា តទៅ​។ សម្រាប់​អ្នក​ដែលមាន​សិទ្ធិ ស្ថាន​បេសកកម្ម​ការទូត​ជប៉ុន នឹង​ចេញ​លិខិតបញ្ជាក់​ឲ្យ ហើយ​ពួកគេ​នឹង​បង្ហាញ​ឲ្យ​ផ្ញើ​ភស្តុតាង​ថា​គ្មាន​ជំងឺ COVID-19 ក្នុងពេល​៧២​ម៉ោង​មុន​ការហោះហើរ​។ 
 
​ជប៉ុន បានដាក់​បម្រាម​លើ​ការ​អ្នកដំណើរ​ពី​តំបន់​និង​ប្រទេស​ជាង​១៤០ ក៏ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ខ្លួន​នឹង​បន្ធូរបន្ថយ​ជា​បន្តបន្ទាប់​។ តួយ៉ាង កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ និយាយថា ជប៉ុន​នឹង​បើក​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​សេដ្ឋកិច្ច​អាស៊ី​ទាំង​១២ រួមមាន ចិន កូរ៉េខាងត្បូង សិង្ហ​បុរី ម៉ាឡេស៊ី និង​កម្ពុជា ជាដើម ដើម្បី​បើក​ការធ្វើដំណើរ​ទៅមក​ឡើងវិញ​។​
 
​គិត​មក​ត្រឹម​ថ្ងៃទី ៣០ ខែកក្កដា ជប៉ុន បាន​រាយការណ៍​ករណី​ឆ្លង COVID-19 ៣៣ ៣៦២​ករណី ក្នុងនោះ​ជាសះស្បើយ​មាន ២៣ ៥០៧ ករណី ហើយ​ស្លាប់មាន​១០០១​នាក់​៕

Tag:
 ជប៉ុន​
  ក្រសួងការបរទេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com