ជាតិ
ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្ដាហ៍​ជំរុញ​ឱ្យ​តម្លៃ និង​ផលិតផល​កសិករ​មាន​និរន្តរភាព​
30, Jul 2020 , 9:59 pm        
រូបភាព
​សៀមរាប​៖ នៅ​ចុង​សប្ដាហ៍​កន្លងទៅ អាជ្ញាធរ​ខេត្តសៀមរាប​បានដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្ដាហ៍ ក្រោយ​ការលក់​នេះ​បាន​ដំណើរការ​មួយឆ្នាំ​រួចមក​។ ក្រោយ​មានការ​គាំទ្រ​កាន់តែច្រើន​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​សម្រេច​ពង្រីក​ស្ដង់ ហើយ​ទៅ​អនាគត​អាជ្ញាធរខេត្ត​នឹង​រៀបចំ​ឱ្យមាន​កន្លែង​លក់​ជា​អចិ​ន្រៃ​យ៍ ដែលជា​ផ្នែក​មួយ​បង្កើន​ផលិតផល​កសិកម្ម ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។ កសិករ​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​គម្រោង​នេះ ព្រោះថា​ផ្សារ​នេះ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការជំរុញឱ្យ​តម្លៃ និង​ផលិតផល​កសិកម្ម មាន​និរន្តរភាព​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​ទំនោរ​នៃ​ការនិយម​ហូប​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាប ចាប់ផ្តើម​មាន​ច្រើន​នៅពេលដែល​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ យល់​ពី​តម្លៃ​សុខភាព​។ អាជ្ញាធរ​បានកំណត់​ការលក់​បន្លែ​សុវត្ថិភាព​នៅតាម​ស្ដង់​ដែល​បានរៀបចំ​នៅ​សួនច្បារ​ខាងកើត​មហាសណ្ឋាគារ​អង្គរ ឬ​ហ្គ្រ​ង់​អូ​តែ​ល ដែល​ជ្រើសរើស​សហគមន៍​កសិក​រ ស្ថិតក្រោម​គម្រោង​ដែល​ជួយ​ដាំ​ដុះ​លើ​បន្លែ​សុវត្ថិភាព​។​
 
​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប លោក ភឿន គឹម​លី ឱ្យដឹងថា ស្ដង់​លក់​បន្លែ​សុវត្ថិភាព​ចុង​សប្ដាហ៍ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ហៅ​កាត់​ថា AIMS​។  គម្រោង​នេះ​កកើតឡើង​នៅ​ឆ្នាំ​២០១៨ ដែលមាន​កសិករ​ជាង​១​ពាន់​គ្រួសារ​ចូលរួម​។ លោក​បន្ថែមថា ការរៀបចំ​ស្ដង់​ឱ្យ​កសិករ​ដាក់លក់​នៅ​ទីសាធារណ​ដែល​គាំទ្រ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប បំណង​សំខាន់​ក្នុងការ​ធ្វើឱ្យមាន​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ទីផ្សារ​បន្លែ​ក្នុង​ខេត្តសៀមរាប​។ 


 
​លោក ភឿន គឹម​លី បន្តទៀតថា ការដាក់​លក់​នៅ​ទីតាំង​ដែល​រៀប​ចំនេះ គឺមាន​ការណែនាំ​ត្រឹមត្រូវ​ដោយ​តម្រូវឱ្យ​កសិករ​លក់​ផលិតផល​ដែលមាន​ប្រភព​ត្រឹមត្រូវ សុវត្ថិភាព ពិសេស​ជា​បន្លែ និង​ផ្លែឈើ​ដែល​ដាំ​ដុះ​ដោយ​សហគមន៍​កសិករ​ដែលមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​អ្នកជំនាញ​។ ចំណែក​តម្លៃ​វិញ ដ្បិតថា​ខាង​មន្ទីរ​មិនបាន​កំណត់​ជាគោលការណ៍​ច្បាស់លាស់​ពិតមែន តែ​ស្ថិតក្នុង​គោលការណ៍​មួយ​ដែល​ប្រហាក់ប្រហែលគ្នា  គឺ​កសិករ​ក៏​ទទួលយកបាន ហើយ​អ្នកទិញ​ក៏​ទទួលយកបាន​។ 
 
​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ទា គឹម​សុទ្ធ ឱ្យដឹង​ដែរ​ថា មន្ទីរ​កសិកម្ម​សហកា​រ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ក្នុង​ការជួយ​កសិករ​ឱ្យមាន​ស្ថេរភាព​លើ​តម្លៃ និង​ជំរុញឱ្យមាន​ផែនការ​ផលិត ដើម្បីឱ្យ​ការលក់​មាន​ស្ថេរភាព​។ បន្ថែម​ពីនេះ ខាង​មន្ទីរ​កសិកម្ម​ក៏បាន​ជួយ​ពង្រឹងគុណភាព សុវត្ថិភាព​បន្លែ​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​។ លោក​បន្ថែមថា​៖«...​ឃើញថា ក្រោយ​មាន​ពិព័រណ៍​ផ្សារ​បន្លែ​នេះ ពីមុន​មានតែ​៤,៥​ស្ដង់​ទេ តែ​បច្ចុប្បន្ន​មាន​ខ្ទង់​២០ ហើយ​ឥឡូវ​រដ្ឋាភិបាល​បង្វែរ​គោលដៅ​ផ្តោតលើ​វិស័យ​កសិកម្ម​កំឡុង​កូ​វីដ ដើម្បី​ស្ដារ​សេដ្ឋកិច្ច ការដាំ​បន្លែ និង​ចិញ្ចឹមសត្វ ហើយ​យើង​ខិតខំ​ចងក្រង​ឱ្យ​បង្កើតជា​សហគមន៍​ដើម្បីឱ្យ​ការដាំដុះ​របស់គាត់​មានការ​ផ្លាស់ប្ដូរ មាន​បន្លែ​គ្រប់មុខ​លក់​នៅលើ​ទីផ្សារ​...»​។​


 
​បើតាម​ការអះអាង​រប​ស់​ប្រធាន​មន្ទីរ​កសិកម្ម ដ្បិត​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ តែ​កសិផល​នៅក្នុង​ខេត្តសៀមរាប មិនមាន​បញ្ហា​ផ្នែក​តម្លៃ​ទីផ្សារ​នោះទេ តែ​ជួប​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង​ធ្វើឱ្យ​ការដាំដុះ​បន្លែ​របស់​កសិករ​មិនសូវ​ល្អ​។ លោក​ប្រធាន​មន្ទីរ​ពន្យល់ថា​៖« កសិករ​ជួប​បញ្ហា​អាកាសធាតុ ដោយសារ​កង្វះខាត​ទឹក ទឹក​អណ្ដូង​រីង ការផលិត​បន្លែ​មានការ​លំបាក​បន្ដិច ជាក់ស្ដែង​សព្វថ្ងៃ​ទឹកភ្លៀង​មិនទាន់​ដល់​កម្រិត នៅ​ខ្វះខាត ចឹ​ង​ត្រូវ​ប្រើ​ទឹក​អណ្ដូង​ដើម្បី​ស្រោចស្រព​បន្លែ ចឹ​ង​គុណភាព​មិនសូវ​ល្អ​ទេ​...»​។​
 
​កសិករ លោក ឡុង បូរី ដែល​នាំយក​បន្លែ និង​ផ្លែឈើ​មក​លក់​នៅ​ផ្សារ​ចុង​សប្ដាហ៍ បានបង្ហាញ​អារម្មណ៍​រីករាយ​ជាខ្លាំង ជាមួយ​ការលក់​នៅ​ស្ដង់​ដែល​គាំទ្រ​ដោយ​អាជ្ញាធរខេត្ត​។ កសិករ​រូបនេះ​បាន​ប្រមូល​កសិផល​ពី​សហគមន៍​កសិករ​នៅ​ភូមិ​ព្រះអង្គ​ទ្រង់ ស្រុក​ពួក ដែល​ការងារ​នេះ​លោក បូរី ប្រាប់ថា ជា​ចំណែក​ជួយ​កសិករ​ក្រីក្រ ដែល​ពេលខ្លះ​ពួកគេ​ពិបាក​រក​ទីផ្សារ ឬ​មាន​តម្លៃថោក​ជាដើម​។ 
 
​ជាមួយនឹង​ការគាំទ្រ​ទាំង​អាជ្ញាធរខេត្ត និង​ប្រជាពលរដ្ឋ ធ្វើឱ្យ​លោក បូរី ដែលជា​កសិករ​មានទឹក​ចិត្ត​ដាំ​ដុះ និង​សប្បាយ​ក្នុង​ការលក់​នៅ​ផ្សារ​ចុង​សប្ដាហ៍​នេះ​។ លោក​ថា ការគាំទ្រ​នេះ​ជួយ​ផ្ទាល់​ដល់​កសិករ​ក្រីក្រ ឱ្យមាន​កម្លាំង​ផលិត​បន្លែ​សុវត្ថិភាព រីឯ​អ្នក​ហូប​ក៏​ទទួលបាន​ផលិតផល​ដែល​ទទួលបាន​ការធានា​សុខភាព​ផងដែរ​។​


 
​ចំណែក​កសិករ​នៅ​ស្រុក​សូទ្រនិគម លោក ឃឹម ជ័យ ក៏​បង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​ការគាំទ្រ​របស់​អតិថិជន​លើ​ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្ដាហ៍​នេះដែរ​។ កសិករ​រូបនេះ​ចង់ឱ្យ​ពលរដ្ឋ​បន្ត​គាំទ្រ​ការលក់​បន្លែ​សុវត្ថិភាព និង​ចង់ឱ្យ​សកម្មភាព​នេះ​រីកសាយ​ភាយ​ទៅ​បណ្ដា​ខេត្ត​ដទៃ ព្រោះថា​ការហូប​បន្លែ​សុវត្ថិភាព ស្មើនឹង​យើង​ស្រឡាញ់​សុខភាព​ខ្លួនឯង​យ៉ាង​ដូច្នោះ​ដែរ​។​
 
​កសិករ​មួយរូប​ទៀត​ដែល​លក់​នៅក្នុង​ស្ដង់​បន្លែ​ដែល​រៀបចំ​តាំងពី​ដើមទី​មក លោកស្រី ណង ង៉ា ក៏​រីករាយ​ចំពោះ​ការលក់ដូរ​លោកស្រី​ដែរ​។ ងាក​មក​ដាំ​បន្លែ​សុវត្ថិភាព​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដោយសារ​មានការ​ណែនាំ​ពី​អង្គការ​កសិកម្ម និង​ក្រោយ​យល់​ពី​តម្លៃ​សុខភាព​។ កសិករ​នៅ​ភូមិ​គោក​ដូង សង្កាត់​ក្របី​រៀល លោកស្រី ណង ង៉ា យល់ថា ការដាំ​បន្លែ​ដែល​ប្រើ​សារធាតុ​គីមី​ហួសហេតុ មិន​ប៉ះពាល់​តែ​សម្រាប់​អ្នក​ហូប​ទេ អ្នក​ប៉ះពាល់​ខ្លាំង​គឺ​អ្នក​ដាំ​តែម្ដង​។​
 
​លោក ភឿន គឹម​លី ក៏​សប្បាយរីករាយ​ពេលដែល​ពលរដ្ឋ​កាន់តែច្រើន​បង្ហាញ​ការគាំទ្រ​បន្លែ​ក្នុងស្រុក បន្លែ​ដែលមាន​សុវត្ថិភាព ដែល​ដាំ​ដោយ​កសិករ​។ លោក​យល់​យ៉ាង​ដូច្នេះ​ថា​៖« យើង​ចាំ​ថា ការ​រស់​ឬ​ស្លាប់​អាស្រ័យ​លើ​ទីផ្សារ មានន័យថា គាត់​ធ្វើ​មិនមែន​គាត់​ទុក​ហូប​ទេ គាត់​ធ្វើ​ទុក​លក់​មកឱ្យ​យើង ចឹ​ង​ប្រជាជន​ទូទៅ​គាត់​ជា​អ្នកគាំទ្រ គឺ​សំខាន់បំផុត មានន័យ​ថាបើ​យើង​អនុវត្តន៍​តាម​សុភាសិត​មួយ មុន​ជួយ​គេ​ជួយ​ខ្លួនឯង ចង់​និយាយថា មុន​ចង់​ទិញ​ផលិតផល​ផ្សេង​ក៏​គួរ​សម្លឹងមើល​ផលិតផល​ក្នុងស្រុក​មុន ព្រោះ​យើង​ធ្វើ​បានល្អ ហើយ​បន្លែ​ទាំងអស់​សុទ្ធតែ​ឆ្លង​ការពិនិត្យ​ត្រឹមត្រូវ ក្រុម​បន្លែ​ដែល​យកមក​លក់ គឺ​សម្រាំង​ណាស់​»៕










 
 

Tag:
 កសិកម្ម​
  ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្ដាហ៍​
© រក្សាសិទ្ធិដោយ thmeythmey.com