កីឡាអន្តរជាតិ
អន្តរជាតិ
ខុសពីរាល់ដង ពាន Community Shield នឹងធ្វើមុនបើក Premier League ១៤ថ្ងៃ
× កម្មវិធីប្រកួតពានរង្វាន់ Community Shield រដូវកាល ២០២០-២១ នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ពោលគឺមុនពេលបើក Premier League រយៈពេល ១៤ថ្ងៃ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នៅថ្ងៃទី២៩ ខែកក្កដា។
Community Shield ជាពានរង្វាន់ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការជួបគ្នារវាងក្រុមម្ចាស់ជើងឯក Premier League ទល់នឹងម្ចាស់ពាន FA Cup រដូវកាលចាស់។ ជាធម្មតា ពាននេះ ធ្វើឡើងមួយសប្តាហ៍មុនពេលបើករដូវកាលថ្មីនៃក្របខណ្ឌលីគកំពូលអង់គ្លេស។
សម្រាប់រដូវកាល ២០២០-២១ Community Shield នឹងមានការជួបគ្នារវាង Liverpool ជាមួយ Arsenal ឬ Chelsea ដែលត្រូវប្រជែងគ្នាដណ្តើមពាន FA Cup ជាមុនសិន។
លោក Mikel Arteta នឹងត្រូវដឹកនាំក្រុមកាំភ្លើងធំ ដើម្បីតទល់ជាមួយក្រុមតោខៀវដែលមានលោក Frank Lampard ជាអ្នកចាត់ការ ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅយប់ថ្ងៃទី១ ខែសីហា នាកីឡដ្ឋាន Wembley វេលាម៉ោង ១១:៣០នាទីយប់ [ម៉ោងនៅកម្ពុជា]។
សម្រាប់យុទ្ធនាការ Premier League រដូវកាលថ្មីខាងមុខ FA ក៏បានប្រកាសដែរថា នឹងចាប់ផ្តើមការប្រកួតបើកឆាកនៅថ្ងៃទី១២ ខែកញ្ញា ពោលគឺនៅក្រោយការប្រកួត Community Shield រយៈពេល ១៤ថ្ងៃ។
Liverpool ជាក្រុមដែលខកឱកាសដណ្តើមពាន Community Shield នេះកាលពីរដូវកាលមុន ក្រោយចាញ់ Manchester City ដោយបាល់កាត់សេចក្តីប៉េណាល់ទី។ តាមពិតទៅ នៅរដូវកាលមុន Man City ជាម្ចាស់ពាន Premier League និង FA Cup ផង ទើបតម្រូវឲ្យ Liverpool ដែលជាក្រុមរងជើងឯកលីគកំពូលអង់គ្លេសត្រូវចូលមកប្រកួតប្រជែង Community Shield វិញ។
Manchester United ជាក្រុមដែលលើកពាននេះច្រើនជាងគេចំនួន២១សម័យកាល តាមពីក្រោយដោយ Liverpool, Arsenal ១៥លើកដូចគ្នា, Everton ៩លើក, Tottenham Hotspur ៧លើក និង Man Ciy ចំនួន ៦លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com