ជាតិ
សង្គមជាតិ
តុលាការខេត្ត​ព្រៃវែង បដិសេធថា ខ្លួន​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​ទារលុយ ពី​អ្នកប្រើប្រាស់​គ្រឿងញៀន​ឡើយ​
30, Jul 2020 , 4:51 pm        
រូបភាព
​ភ្នំពេញ​៖ តុលាការខេត្ត​ព្រៃវែង ចេញមុខ​បដិសេធថា ខ្លួន​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ការទារ​ប្រាក់​ពី​ឪពុកម្ដាយ របស់​ជនសង្ស័យ​គ្រឿងញៀន ជា​ថ្នូរ​នឹង​ការដោះលែង​ទេ​។ ការចេញមុខ​បកស្រាយ​នេះ ធ្វើឡើង​ក្រោយពី​មានការ​ព្យួរការងារ​ស្នងការរង និង​មន្ត្រីនគរបាល​ខេត្តព្រៃវែង ចំនួន​៧​នាក់ ពាក់ព័ន្ធ​នឹង​ការទារលុយ​ក្នុងករណី​គ្រឿងញៀន​នេះ​។​


​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​អះអាងថា ខ្លួន​មិនបាន​ទទួល​ព័ត៌មាន ឬ​របាយការណ៍​ណាមួយ ពី​លោក ថោង វណ្ណឌី ស្នងការរង​ទទួលបន្ទុក​ផែន​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នោះទេ អំឡុង​ពេលដែល​មានកា​រ​បង្ក្រាប​ករណី​គ្រឿងញៀន កាលពី​ថ្ងៃទី​២០ កក្កដា​។​
 
​សាលាដំបូង​ខេត្តព្រៃវែង ក៏បាន​ច្រានចោល​ព័ត៌មាន​ដែល​លោក ទូច ធារ៉ា នាយរង​ការិយាល័យ​គ្រឿងញៀន​ខេត្តព្រៃវែង ប្រកាសថា បានប្រគល់​ប្រាក់​៤​លាន​រៀល​ឱ្យ​ខ្លួន​ដែរ​។ សាលាដំបូង​ខេត្តព្រៃវែង អះអាងថា ពាក្យសម្ដី​របស់លោក ទូច ធារ៉ា ជា​ពាក្យ​មិន​ពិត​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​តុលាការខេត្ត​ព្រៃវែង បាន​សរសេរ​ដូច្នេះ​ថា​៖«​រីឯ​ការទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការដោះលែង​ឱ្យមាន​សេរីភាព​របស់​សមត្ថកិច្ច​ខាងលើ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មិនមាន​ការពាក់ព័ន្ធ​ក្នុង​រឿងនេះ​ឡើយ​។ ករណី​ទាំងពីរ​ខាងលើ អយ្យការ​អម​សាលាដំបូង​ខេត្ត​មិនបាន​បញ្ជា​ឱ្យធ្វើ​ទារុណកម្ម ឬ​ទារប្រាក់​ពី​ជនសង្ស័យ​នោះឡើយ ហើយ​សមត្ថកិច្ច​ក៏​មិនបាន​កសាង​សំណុំរឿង​ទាំងនោះ បញ្ជូនមក​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​នោះដែរ​។ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត សូម​បដិសេធ​ទាំងស្រុង​លើ​ការលើកឡើង ដែល​អះអាងថា ព្រះរាជអាជ្ញា​ទទួល​ប្រាក់​ជា​ថ្នូរ​ក្នុងការ​ដោះលែង​ឱ្យមាន​សេរីភាព​»​។ 
 
 
​កាលពី​ថ្ងៃទី​២៨ កក្កដា លោក នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានសម្រេច​ព្យួរការងារ​បណ្តោះអាសន្ន​របស់​ស្នងការរង និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ទទួលបន្ទុក​ការងារ​គ្រឿងញៀន​ចំនួន ៧​រូប ក្រោយពី​រកឃើញថា ពួកគេ​បាន​ប្រើ​ហិង្សា និង​យកលុយ​ប្រមាណ ៤​លាន​រៀល ពី​ជនសង្ស័យ​ពេល​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​។​
 
​មន្ត្រីនគរបាល​ទាំង​៧​រូបនោះ រួមមាន លោក ថោង វណ្ឌី ស្នងការរង​ទទួល​ផ្ទុក​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​, លោក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, លោក ទូច ធារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, លោក ស៊ី បូ នាយផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, លោក ហេង ចាន់​រតនា មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, លោក សៀក ចាន់​ធឿន មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​លោក យុន តារា​ស័​ក្ត មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។​
 
​ពួកគេ​ទាំង​៧​រូបនេះ បាន​ចុះទៅ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ហើយក៏​ចាប់បាន​មនុស្ស​៦​នាក់​ជា​ខ្មែរ​-​អ៊ិ​ស្លាម ដែលជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។ ក្រោយ​ចាប់បាន មន្ត្រីនគរបាល​ទាំង​៧​នាក់ បាន​ដោះលែង​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំង​៦​នាក់​នោះ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ជា​ថ្នូរ​នឹង​ការទទួលប្រាក់​ពី​ឪពុកម្តាយ​របស់​ពួកគេ​៕
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com