កីឡាជាតិ
ជាតិ
លោក ផន រស្មី​ពេជ្រ បន្ត​ដឹកនាំ​ត្បូងឃ្មុំ លេង​ក្នុង​ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​
31, Jul 2020 , 8:59 am        
រូបភាព
លោក ផន រស្មីពេជ្រ ពេលដឹកនាំត្បូងឃ្មុំប្រកួតជាមួយព្រៃវែងក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្តនៅពហុកីឡដ្ឋានជាតិ,រូបភាពពី CNCC
លោក ផន រស្មីពេជ្រ ពេលដឹកនាំត្បូងឃ្មុំប្រកួតជាមួយព្រៃវែងក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្តនៅពហុកីឡដ្ឋានជាតិ,រូបភាពពី CNCC
ដោយ:
​គ្រូបង្វឹក​ក្រុម​ត្បូងឃ្មុំ លោក ផន រស្មី​ពេជ្រ បានសម្រេច​លាលែង​ពី​តំណែង​គ្រូបង្វឹក ក្រោយ​ដឹកនាំ​ក្រុម​បាន​ត្រឹម​ជើងឯក​រង​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ឆ្នាំ​២០២០​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​មិនទាន់​ចាក​ឆ្ងាយ​ពី​ក្រុម​ត្បូងឃ្មុំ​ឡើយ ពោលគឺ​លោក​នឹង​ដឹកនាំ​ក្រុម​នេះ​លេង​ក្នុង​ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​ជា​បន្តទៀត​។

 
 
​លោក ផន រស្មី​ពេជ្រ គ្រូបង្វឹក​ក្រុម​ត្បូងឃ្មុំ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ការលាលែង​ពី​តំណែង​គ្រូបង្វឹក​។ ការលាលែង​នេះ ធ្វើឡើង​១​ថ្ងៃ​បន្ទាប់ ក្រោយ​លោក​ដឹកនាំ​ក្រុម​ត្បូងឃ្មុំ​ប្រកួត​ចាញ់​ក្រុម​ព្រៃវែង ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០២០ នា​ពហុ​កី​ឡី​ដ្ឋា​ន​ជាតិ​។ 
 
​ប៉ុន្តែ​នៅក្នុង​សារ​នោះ គ្រូបង្វឹក​ដែល​ដឹកនាំ​ត្បូងឃ្មុំ​ឲ្យ​ឈ្នះ​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ឆ្នាំ​២០១៩ រូបនេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលាលែង​នេះឡើយ​។ គ្រាន់តែ​អះអាងថា ការធ្វើ​បែបនេះ គឺ​ដើម្បី​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​របស់លោក​។ ក្រោយ​លាលែង​ពី​តំណែង​គ្រូបង្វឹក​ក្រុម​ត្បូងឃ្មុំ លោក រស្មី​ពេជ្រ ទំនងជា​ទៅ​ដឹកនាំ​ក្រុម​ក្នុង​ក្របខណ្ឌ​លី​គ​លំដាប់​ទី​ពីរ​កម្ពុជា​។​
 
«​បាយៗ​ធី​ម​ត្បូងឃ្មុំ នេះ​ជា​កាទទួលខុសត្រូវ​រប​ស់​ខ្ញុំ ជួបគ្នា​លី​ក​២»​។ នេះ​ជាការ​រៀបរាប់​របស់លោក ផន រស្មី​ពេជ្រ ដែល​អះអាងថា បច្ចុប្បន្ន​មាន​ក្លិប​ចំនួន​ពីរ ដែល​ត្រៀម​លេង​ក្នុង​លី​គ​លំដាប់​ទី​២​ឆ្នាំនេះ បាន​ទាក់ទង​លោក​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ តែ​លោក​មិនទាន់​សម្រេច​យ៉ាងណា​នោះទេ​។ 
 
​ទោះបី​គ្រូបង្វឹក​រូបនេះ​បាន​លាលែង​ពី​តំណែង​គ្រូបង្វឹក​ក៏ដោយ លោក​នឹង​បន្ត​ដឹកនាំ​ក្រុម​ត្បូងឃ្មុំ​លេង​ក្នុង​ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​ជា​បន្តទៀត ក្រោយ​មានការ​ស្នើសុំ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ​។ គ្រូបង្វឹក​រូបនេះ​អះអាងថា លោក មិន​ចង់​ចាក​ចេញពី​ក្រុម​ត្បូងឃ្មុំ​នោះទេ ហើយ​បើ​ថ្នាក់ដឹកនាំ​ក្រុម​នេះ​ហ៊ាន​ផ្តល់​តាម​ការទាមទារ​រ​បស់​ខ្លួន លោក នឹង​បន្ត​រួមរស់​ជាមួយ​ត្បូងឃ្មុំ​។​


 លោក ស សុខា បំពាក់មេដាយជូនកីឡាករត្បូងឃ្មុំ

​ជ័យជម្នះ ១-០ ជួយ​ឲ្យ​ក្រុម​ព្រៃវែង ដែល​សមាជិក​ភាគច្រើន​ជា​យុវជន​ថ្នាល​របស់​ក្លិប​វិសាខា​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០​។ កីឡាករ វុ​ធ តុលា ជា​អ្នកសម្រេច​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ព្រៃវែង​។ សម្រាប់​តំណែង​ជើងឯក​នេះ ព្រែ​វែង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១៥​លាន​រៀល​។ 
 
​ចំណែក​ក្រុម​ជើងឯក​រង​ត្បូងឃ្មុំ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៧,៥​លាន​រៀល និង​ក្រុម​លេខ​៣​កែប​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៥​លាន​រៀល​។ ក្រៅពីនេះ ក៏មាន​ពានរង្វាន់​លក្ខ​ណៈ​ឯកជន​ជាច្រើន​ទៀង​ផងដែរ​រួមមាន​អ្នកចាំទី​ល្អ​ជាងគេ គ្រូបង្វឹក​ល្អ​ជាងគេ និង​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១,៥​លាន​រៀល​។ 
 
​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​នោះដែរ ធ្វើឡើង​ក្រោម​វត្តមាន​របស់លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​, លោក ឌី វិជ្ជា ប្រធាន​គណៈ​កម្ម​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា និង​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​៕  
 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com