COVID-19
អន្តរជាតិ
KCNA៖ កូរ៉េខាងជើង នៅតែជាប្រទេសគ្មាន COVID-19 រូបភាព៖ Reuters
× កូរ៉េខាងជើង នៅតែជាប្រទេសគ្មាន COVID-19។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី៣០ ខែកក្កដា បន្ទាប់ពីកូរ៉េខាងជើង បានរាយការណ៍ថា មានករណីសង្ស័យផ្ទុកកូរ៉ូណាវីរុស ១ករណីនៅកូរ៉េខាងជើង។
នាពេលកន្លងមក កូរ៉េខាងជើង បានរាយការណ៍ពីករណីសង្ស័យផ្ទុក COVID-19 មួយករណី។ ជនសង្ស័យផ្ទុក COVID-19 នេះ គឺជាជនជាតិកូរ៉េខាងជើង ដែលរត់គេចខ្លួនចេញពីកូរ៉េខាងត្បូង ចូលមកក្នុងប្រទេសវិញ។ បន្ទាប់ពីមានករណីសង្ស័យ កូរ៉េខាងជើង បានបិទក្រុង Kaesong ដែលនៅក្បែរព្រំដែននិងត្រួតពិនិត្យអ្នកពាក់ព័ន្ធយ៉ាងតឹងរ៉ឹង។
ពាក់ព័ន្ធនឹងករណីសង្ស័យនេះ ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយថា កូរ៉េខាងជើងគ្មានករណី COVID-19 ឡើយ។ បើទោះបីជាគ្មានករណីឆ្លងមែន ប៉ុន្តែកូរ៉េខាងជើង នឹងប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត។
ចាប់តាំងពីផ្ទុះCOVID-19 នៅចុងឆ្នាំ២០១៩ កូរ៉េខាងជើង គឺជាប្រទេសតែមួយគត់ ដែលមានព្រំដែនជាប់ចិន មិនមានករណីCOVID-19 នៅក្នុងប្រទេស។ ចាប់តាំងពីខែមករាកន្លងមក កូរ៉េខាងជើង បានប្រកាសបិទព្រំដែន មិនទទួលជនបរទេសទាំងអស់ ដើម្បីទប់ស្កាត់ និងបង្ការCOVID-19 ខណៈប្រព័ន្ធសុខាភិបាលប្រទេសមួយនេះ ត្រូវមើលឃើញថា ទន់ខ្សោយខ្លាំងដែលមិនអាចទ្រាំទ្រនឹងការផ្ទុះឡើងជំងឺផ្លូវដង្ហើមសាហាវបែបនេះឡើយ។
សូមបញ្ជាក់ថា មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ជនសង្ស័យថាផ្ទុកCOVID-19 ម្នាក់នោះ ទំនងជាមិនមានផ្ទុកកូរ៉ូណាវីរុសឡើយ។ លើសពីនេះ មនុស្សចំនួនពីរនាក់ ដែលស្និតនឹងជនភៀសខ្លួនរូបនេះ ក៏ត្រូវបានគេធ្វើតេស្តចេញលទ្ធផលអវិជ្ជមានផងដែរ៕
rnTag:
កូរ៉េខាងជើង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com