អ្នក​ដាំ​ស្វាយ​លក្ខណៈ​គ្រួសារ​ខ្លាច​ក្រុមហ៊ុន​ធំៗ​ដណ្តើម​ទីផ្សារ ខណៈ​កម្ពុជា​សម្លឹង​ការនាំ​ផ្លែស្វាយ​ចេញទៅ​ចិន​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នក​ដាំ​ស្វាយ​លក្ខណៈ​គ្រួសារ​ខ្លាច​ក្រុមហ៊ុន​ធំៗ​ដណ្តើម​ទីផ្សារ ខណៈ​កម្ពុជា​សម្លឹង​ការនាំ​ផ្លែស្វាយ​ចេញទៅ​ចិន​
31, Jul 2020 , 7:59 pm        
រូបភាព
លោក​ យូ វេងស្រ៊ី​ អាយុ​៦១​ឆ្នាំ ​ម្ចាស់​ចំការ​​ស្វាយ​កែវ​រមៀត ​ក្នុង​ភូមិ​វ៉ារិន៣ ឃុំ​ខ្ចៅ ស្រុ​កកងមាស ខេត្ត​កំពង់ចាម កាលពី​ខែ​កក្កដា​ ឆ្នាំ​២០២០។ (អូន ឆេងប៉រ​/វីអូអេ)
លោក​ យូ វេងស្រ៊ី​ អាយុ​៦១​ឆ្នាំ ​ម្ចាស់​ចំការ​​ស្វាយ​កែវ​រមៀត ​ក្នុង​ភូមិ​វ៉ារិន៣ ឃុំ​ខ្ចៅ ស្រុ​កកងមាស ខេត្ត​កំពង់ចាម កាលពី​ខែ​កក្កដា​ ឆ្នាំ​២០២០។ (អូន ឆេងប៉រ​/វីអូអេ)
ដោយ: VOA
​ស្រុក​កងមាស ខេត្តកំពង់ចាម ៖ ដីសណ្ដ​នៅជាប់​មាត់ទន្លេ​មេគង្គ​ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម ផ្ដល់​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការដាំ​ស្វាយកែវ​រមៀត និង​ស្វាយ​គុណ​ភាពល្អ​ផ្សេងទៀត​។ ស្វាយ​ទាំងអស់នេះ នឹង​ក្លាយជា​ទីផ្សារ​ទៅកាន់​ប្រទេស​ចិន​បន្ថែមទៀត​ពេល​កម្ពុជា​និង​ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី នៅក្នុង​ខែសីហា​ខាងមុខនេះ  ខណៈដែល​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​មាន​ការនាំ​ផ្លែស្វាយ​ទៅ​ប្រទេស​ចិន​ទៅដល់​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ​។​

 
​កសិករ​ដែល​ដាំ​ស្វាយ​ជា​លក្ខណៈ​គ្រួសារ ដូច​លោក​យូ វេ​ង​ស្រ៊ី ក្នុងភូមិ​វ៉ារិន​៣​ឃុំ​ខ្ចៅ​ស្រុក​កងមាស ខេត្តកំពង់ចាម កំពុង​ដាំ​ស្វាយកែវ​មៀត នៅ​ចម្ការ​របស់លោក​ជាង​១០​ហិកតា​ជាប់​នឹង​ទន្លេមេគង្គ​។​
 
​កសិករ វ័យ​៦១​ឆ្នាំ​រូបនេះ ដាំ​ស្វាយកែវ​រមៀត​ជាង​២​ពាន់​ដើម​លាតសន្ធឹង​ពី​មាត់ទន្លេ​មេគង្គ​ឆ្លង​ផុត​គេហដ្ឋាន​របស់លោក ចូល​ទៅដល់​ចម្ការ​ក្បែរ​បឹង​លិច​ទឹក​ដែល​នៅក្រោយ​ភូមិ​។​លោក​មានប្រសាសន៍ថា ការដាំ​ស្វាយ​នេះ មាន​ទីផ្សារ​គ្រាន់បើ​ជាង​ការធ្វើ​ស្រែ ដែល​លោក​យល់ថា ពិបាក​ចំណេញ​។​
 
​លោក​ថ្លែងប្រាប់ VOA ក្នុង​បទសម្ភាសន៍​កាលពី​ថ្មីៗ​នេះ​ថា​៖ «​ធូរធារ​ច្រើន​គ្រាន់បើ​ជាង​យើង​ធ្វើ​ស្រូវ ធ្វើ​អង្ករ​។ ទិន្នផល​លុយកាក់​ហ្នឹង វា​បាន​ច្រើនជាង​ស្រូវ​»​។​
 
 
​បញ្ហា​របស់​អ្នក​ដាំ​ស្វាយ ដូចជា លោក យូ វេ​ង​ស្រ៊ី ទាក់ទង​នឹង​តម្លៃ និង​ទីផ្សារ​មិន​ទៀងទាត់​។ ទីផ្សារ​ស្វាយ​របស់លោក​បច្ចុប្បន្ន​មាននៅ​ក្នុងប្រទេស​វៀតណាម និង​ថៃ ដោយ​ឈ្មួញ​ចុះមក​ទិញ​ដល់​ចម្ការ​។ លោក​យល់ថា ផ្លែស្វាយ​របស់លោក ក៏បាន​ទៅដល់​ទីផ្សារ​ចិន​រួចទៅហើយ​តាម​ប្រទេស​វៀតណាម​។​
 
​តម្លៃ​ស្វាយ​រហូតមក​ដល់ពេលនេះ គឺ​ជាង​១៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែលជា​តម្លៃ​នៅ​ទាប​នៅឡើយ​។ លោក​បានដឹង​អំពី​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន ដែល​នាំ​ឲ្យ​កម្ពុ​ជាមាន​ផលិតផល​កសិកម្ម​បន្ថែម​នាំទៅ​ប្រទេស​ចិន ក្នុងនោះ​មាន​ស្វាយ​របស់លោក​ផងដែរ​។ ប៉ុន្តែ​លោក​មិនទាន់​ដឹងថា ស្វាយ​របស់លោក​ពិតជា​ឈ្មួញ​មក​ទិញ​ក្នុងតម្លៃ​ថ្លៃ​ជាង​មុន ហើយ​នាំទៅ​ចិន​នោះទេ​។​
 
​លោក​ថ្លែងថា​៖ «​ល្អ​បាន​លំនឹង​តម្លៃ​។ បើ​បាន​គេ​នាំ​ចេញទៅ​យើង​បាន​កើន​តម្លៃ​។​លំនឹង​តម្លៃ​ហ្នឹង​បានល្អ​ស្ថិរ​រហូត​»​។​
 
​លោក​យល់ថា បញ្ហា​ទីផ្សារ​ជា​រឿង​សំខាន់  តែ​លោ​កថា​លោក​បារម្ភ​ខ្លាច​ស្វាយ​របស់​ប្រទេសជិតខាង​នាំ​ចូលមក​កម្ពុជា ហើយ​ដាក់​ស្លាក​ធ្វើជា​ស្វាយ​ខ្មែរ​។​
 
​លោក​បន្ថែមថា​៖ «​ពិភពលោក​អត់​ស្គាល់​ស្វាយ​ខ្មែរ​ទេ​ស្គាល់​តែ​ស្វាយ​ពួកវា​ហ្នឹង​…. ដឹង​តែ​ស្វាយ​ថៃ  ស្វាយ​យួន តាម​ការណ៍​ពិត​ដឹក​ពី​យើង​ហ្នឹង​ទៅ​។  អាហ្នឹង​ទាល់តែ​ត្រូវ​ជាមួយ​ចិន កុំ​យក​របស់គេ​។  ខ្មែរ​ស៊ី​មិនបាន​មួយ​ខេត្ត​របស់​វា​(​ចិន​)​ផង​»​។​
 
​បញ្ហា​ដែល​អ្នក​ដាំ​ស្វាយ​រូបនេះ​ព្រួយបារម្ភ​មួយទៀត គឺ​អ្នកវិនិយោគ​បរទេស​នឹង​ដាំ​ស្វាយ​ជា​ចម្ការ​ធំៗ​លើដី​រាប់រយ​រាប់ពាន់​ហិកតា ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​គ្មាន​ទីផ្សារ​សម្រាប់​ស្វាយ​របស់​ពួកគេ ឬ គ្មាន​អ្នកបញ្ជា​ទិញ​ស្វាយ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អាច​ដូច​កសិកម្ម​អីហ្នឹង អាចមក​ដាំចេក ដាំ​អីហ្នឹង​។​វា​មក​ដាំ​ពេញ​ហ្នឹង​ដែរ​ហ្នឹង​។ ស្វាយ​ហ្នឹង​ដូច​មាន​ដាំ​ហើយ  ដូច​ខាង​មណ្ឌលគិរី​។​យើង​ឃើញថា​ដាំ​ហ្នឹង ដាំ​ប្រហែល​មិនតិច​ទេ​រាប់ម៉ឺន​ហិកតា​»​។​
 
​កាលពី​ខែមិថុនា​ឆ្នាំ​២០២០​រដ្ឋាភិបាល​កម្ពុជា និង​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ពិធីសារ​ក្នុង​ការនាំ​ស្វាយ​ស្រស់​ដែលមាន​គុណភាព​ល្អ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដោយមាន​ការចែង​ពី​ស្ដង់ដារ​គុណភាព និង​នីតិវិធី​នៃ​ការដាំដុះ លាង​សម្អាត វេច​ខ្ចប់​និង​ដឹកជញ្ជូន​នាំចេញ​។ ក្រសួងកសិកម្ម​បញ្ជាក់ថា​កម្ពុជា​អាច​នាំ​ស្វាយ​ស្រស់​មានគុណ​ភាពល្អ​ទៅកាន់​ប្រទេស​ចិន ប្រមាណ​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ​។ 
 
​បើតាម​ក្រសួងកសិកម្ម គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​កសិក​ម្ម​បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំ​ផ្លែស្វាយ​ស្រស់​ចេញទៅ​កាន់​ប្រទេស​ចិន ចំនួន​២០​ក្រុមហ៊ុន​និង​ម្ចាស់​ចម្ការ ដែលមាន​ផ្ទៃដី​ជាង​២១.០០០​ហិកតា​។ ក្រសួងកសិកម្ម​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ ផ្ទៃដី​ដាំ​ដុះ​ស្វាយ​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ជាង​១០​ម៉ឺន​ហិកតា​។ ក្រសួង​បញ្ជាក់ថា ទិន្នផល​ផ្លែស្វាយ​មាន​ប្រមាណ​១​លាន​២​សែន​តោន​ក្នុង​មួយ​រដូវ​។​
 
​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម​លោក ស៊ីម ថា​វីរៈ មានប្រសាសន៍ថា មន្ត្រី​ជំនាញ​របស់លោក​កំពុង​ណែនាំ​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​របស់​ប្រទេស​ដែល​នាំចូល​។​លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ដាំ​ជា​លក្ខណៈ​គ្រួសារ​អាច​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ទទួលបាន​ការណែនាំ​បន្ថែមទៀត​។​
 
​ខេត្តកំពង់ចាម​ទាំងមូល​មាន​ដី​ដាំ​ស្វាយ​ជាង​៣​ពាន់​ហិកតា ដែល​នាំទៅ​វៀតណាម ថៃ និង​ប្រទេស​កូរ៉េខាងត្បូង​។​នេះ​បើ​យោងតាម​តួលេខ​ផ្ដល់​ដោយ​លោក ស៊ីម ថា​វីរៈ​។ លោក​បន្តថា​នៅមាន​ផ្ទៃដី​ផ្សេងទៀត ដែល​ប្រជាពលរដ្ឋ​អាច​ដាំ​ស្វាយបាន ដើម្បី​បំពេញ​ទីផ្សារ​នាំទៅ​ប្រទេស​ចិន​ទៅ​ថ្ងៃ​ខាងមុខ នៅពេល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​
 
​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ មានប្រសាសន៍ថា​៖ «​ខ្ញុំ​គិតថា វា​ល្អ  បើ​បាន​បើក​ទីផ្សារ​ទូលំទូលាយ គ្រប់​តែ​កន្លែង​។ បានន័យថា ទីផ្សារ យើង​អត់​មាន​ចាល់ កសិករ​សប្បាយចិត្ត​។​យើង​ដល់​ហើយ​ថា កាលណា​អត់​ទីផ្សារ ធ្វើ​ឲ្យ​គាត់​ខាតបង់​»​។ 
 
​លោក​បាន​បន្ថែមថា​៖ «​យើង​នៅមាន​សក្តានុពល​ពង្រីក​។​អ៊ីចឹង​បាន​ថា វា​អាស្រ័យទៅលើ​ទីផ្សារ​។ កាលណា​ទីផ្សារ​ល្អ ឆ្នាំក្រោយ គាត់​ដាំ​។  ទីផ្សារ​មិនល្អ​ឆ្នាំក្រោយ គាត់​អាច​ដឹងអី​អ៊ីចឹង​។  ហើយ​មិនល្អ​តែ​យូរ​ទៅ អាច​នឹង​កាប់​ទៀត​។  អាហ្នឹង វា​មិន​ខុសពី​កៅស៊ូ​ទេ  ហើយ​យើង​ក៏​មិន​ប្រកាន់​យ៉ាងម៉េច​ដែរ​ព្រោះ​អាហ្នឹង​ជម្រើស​របស់គាត់​»​។​
 
​ក្នុង​វេទិកាសាធារណៈ​មួយ​កាលពី​ថ្ងៃ​អង្គា​រលោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ប្រជាកសិករ​កម្ពុជា​ត្រូវតែ​រៀន​បន្ថែម ហើយ​ដាំ​អ្វី​ដែលជា​តម្រូវការ​រប​ស់​ទីផ្សារ​ចិន​។​លោក​ក៏​ព្រួយបារម្ភ​អំពី​អ្នកវិនិយោគ​ចិន​មក​ចិញ្ចឹម​ត្រី និង​ដាំ​ដំណាំ​ផ្សេងទៀត​ដោយ​ខ្លួនឯង ដែលជា​តម្រូវការ​រប​ស់​ប្រទេស​ចិន​។​
 
​លោក​សុខ ទូច​មានប្រសាសន៍ថា​៖ «​កុំ​បើក​នាំ​ត្រី​ចេញទៅ សុទ្ធតែ​ចិន​មក​ចិញ្ចឹម​។ ជួល​ដី​ខ្មែរ​មក​ចិញ្ចឹម  អាហ្នឹង​មួយទៀត​»​។​
 
​ប្រធាន​សហព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេ​ង សាវឿន​មានប្រសាសន៍ថា លោក​បារម្ភ​ថា កសិករ​ខ្មែរ​ជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​មិនអាច​បំពេញ​តាម​ស្តង់ដារ​របស់​ប្រទេស​នាំចូល​នោះទេ  ហើយ​កម្ពុជា​ក៏​មិនទាន់មាន​រោងចក្រ​កែច្នៃ​ច្រើន​ដែរ​។​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ដល់​អ្នក​ផលិត និង​អ្នក​ដាំ​ផងដែរ​។​
 
«​បើ​មិន​អ៊ីចឹង​ទេ​ខ្ញុំ​គិតថា ការដាំ​ស្វាយ​ជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​នឹងរង​ផលប៉ះពាល់​បន្ថែម​ហើយ​បាន​ប្រយោជន៍​តែ​ក្រុមហ៊ុន​ដែលមាន​លទ្ធភាព ទាំង​ធនធាន​បច្ចេកទេស ទាំង​ធនធាន​ថវិកា ដែល​នាំទៅ​ទទួលបាន​ផលចំណេញ​»​។​
 
​លោក ថេ​ង សាវឿន បន្តថា បច្ចេកទេស​នៃ​ការកែច្នៃ​ផ្លែស្វាយ​នៅមានកម្រិត​នៅឡើយ ដែល​ធ្វើ​ឲ្យ​កសិករ​ខាតបង់​។ ដូច្នេះ​លោក​ថា រដ្ឋ និង​ក្រុមហ៊ុន​វិនិយោគ ត្រូវ​ពង្រឹង និង​ពង្រីក​ការកែច្នៃ​ផ្លែស្វាយ​ទុំ ដើម្បី​ជា​ប្រយោជន៍​របស់​កសិករ​ខ្មែរ​។​លោក​ក៏​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​អំពី​លក្ខខណ្ឌ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​សេរី​នេះ ឲ្យ​កសិករ បានដឹង​ដើម្បី​ឲ្យ​ពួកគេ​អាច​ត្រៀមខ្លួន​ទៅ​ថ្ងៃ​ខាងមុខ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com