COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ចូល​ផ្ទាល់​មិនបាន អ្នកគាំទ្រ​បាល់ទាត់​ចិន​ជួល​សណ្ឋាគារ​ក្បែរ​កីឡដ្ឋាន មើល​តាម​បង្អួច​វិញ​
31, Jul 2020 , 9:35 am        
រូបភាព
​ក្រុម​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៃ​លី​គ​កំពូល​ចិន (CSL) សុខចិត្ត​ចំណាយលុយ​ជួល​បន្ទប់​សណ្ឋាគារ​ដែល​នៅក្បែរ​កីឡដ្ឋាន ដើម្បី​មើល​ការប្រកួត​ដោយផ្ទាល់ ខណៈ​ការប្រកួត មិនទាន់​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​នៅឡើយ​។

 
​ក្រុម​អ្នកគាំទ្រ​ក្រុម Shanghai SIPG និង Tianjin Teda បានរៀបចំ​សណ្ឋាគារ​កីឡា​អន្តរជាតិ​មួយ​ក្នុង​ក្រុង Kunshan ដើម្បី​ទស្សនា​រវាង​ក្រុម​ទាំងពីរ ដែល​ជំនួប​នោះ Shanghai បាន​យកឈ្នះ ៣-១​។​
 
​សណ្ឋាគារ​ដែល​ពួកគេ​ជួល​នោះ​គឺ​នៅជាប់​នឹង​កីឡដ្ឋាន Kunshan តែម្តង​។ កីឡដ្ឋាន​នេះ ស្ថិតក្នុង​ខេត្ត​ជាំ​ង​ស៊ូ ដែល​ត្រូវ​កីឡដ្ឋាន​អព្យាក្រឹត​សម្រាប់​ប្រើស​ប្រាស់​ក្នុងការ​ប្រកួត​លី​គ CSL រដូវ​កាល​នេះ ដើម្បី​ការពារ​ពី​ការឆ្លង​ជំងឺ​រាតត្បាត COVID-19​។​
 
CSL បានចាប់ផ្តើម​ដំណើរកា​រលីគ​របស់ខ្លួន​នៅ​ថ្ងៃទី​២៥ ខែកក្កដា បន្ទាប់ពី​ពន្យា​ពេល​បើក​រដូវ​កាល​ថ្មី​អស់​រយៈពេល​ជាង ៥ ខែ​។ យ៉ាងណាក៏ដោយ បើទោះជា​បើក​ឲ្យ​មានការ​ប្រកួត​អំឡុង​មាន COVID-19 នៅឡើយ តែ​ត្រូវធ្វើឡើង​ដោយ​បិទទ្វារ​កីឡដ្ឋាន​។​
 
​លោក Sam Wang ដែលជា​អ្នកគាំទ្រ​ក្រុម Teda ដ៏​ងប់ងុល​ម្នាក់ ក្នុងចំណោម​អ្នកគាំទ្រ​ផ្សេងទៀត រួមជាមួយ​អ្នកគាំទ្រ​ក្រុម SIPG ប្រមាណ ១០០ នាក់ បាន​អបអរ​ក្រុម​របស់​ពួកគេ​នៅតាម​បង្អួច​សណ្ឋាគារ​រៀងៗ​ខ្លួន​។ Wang អះអាងថា នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុងការ​បាន​គាំទ្រ​ក្រុម​ខ្លួន ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត​ផង​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP យុវជន​ជនជាតិ​ចិន វ័យ ២៥ ឆ្នាំ​រូបនេះ​បន្តថា ដំបូង​ឡើយ​មាន​ក្រុមមន្ត្រី​បាន​ព្យាយាម​បិទបាំង​បង្អួច​មិន​ឲ្យ​ទស្សនា​ឡើយ ប៉ុន្តែ​ក្រោយមក​ពួកគេ​បានអនុញ្ញាត​វិញ ហើយ​អ្នកគាំទ្រ​អាច​មើល​ការប្រកួត​នោះ​យ៉ាង​សប្បាយរីករាយ​។​
 
Wang ថែមទាំង​អះអាង​ទៀតថា បន្ទប់​សណ្ឋាគារ​នោះបាន​ដំឡើងថ្លៃ​ដល់​ទៅ​ជាង​ពាក់កណ្តាល​សម្រាប់​ថ្ងៃ​ដែលមាន​ការប្រកួត​ពី ៤៥០​យ័ន (៦៥ ដុល្លារ​អាមេរិក​) ទៅដល់ ៨០០​យ័ន (១១៤​ដុល្លារ​អាមេរិក​) ក្នុង​មួយ​យប់​។ បើទោះជា​មានការ​ដំឡើង​ថ្លៃ​ក្តី ប៉ុន្តែ​បន្ទប់​សណ្ឋាគារ​នោះ​តែងតែ​ត្រូវបាន​ភ្ញៀវ​កក់​អស់ៗ នៅពេល​មាន​ក្រុម​ខ្លាំងៗ​ដែលមាន​វត្តមាន​កីឡាករ​ល្បីៗ​ដូចជា Hulk និង Osca លេង​៕
 
 

Tag:
 COVID-19
  CSL
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com