ជាតិ
ខួប​១១​ឆ្នាំ នៃ​ការដាក់បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​របស់​យូណេស្កូ
31, Jul 2020 , 9:51 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃនេះ គឺជា​ខួប​១១​ឆ្នាំ​នៃ​ការដាក់បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​


​បណ្ណសារ​សារមន្ទីរ​ទួលស្លែង ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ខែកុម្ភៈ ឆ្នាំ​២០០៨ មុននឹង​បន្ត​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​ថ្នាក់​អន្តរជាតិ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០០៩​។ 
 
​បច្ចុប្បន្ន​សារមន្ទីរ​ទួលស្លែង កំពុង​អនុវត្ត​គម្រោង​អភិរក្ស​និង​ថតចម្លង​ឯកសារ​ឌីជីថល​ជិត​៥០០,០០០​ទំព័រ​ទៅក្នុង​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) តាមរយៈ​អង្គការ​យូណេស្កូ​។ 


 
​ឯកសារ​ទាំងនោះ រួមមាន ចម្លើយសារភាព ប្រវត្តិរូប​អ្នកទោស រូបថត កំណត់ហេតុ ជាដើម​។ ឯកសារ​ប្រវត្តិសាស្ត្រ​ជា​ទម្រង់​អេឡិចត្រូនិក​ទាំងនេះ នឹងត្រូវ​រៀបចំ​ដាក់​ក្នុង​វេ​ប​សាយ ដែល​អនុញ្ញាត និង​ផ្តល់​ភាពងាយស្រួល​ដល់​ការស្រាវជ្រាវ​នានា​ទៀតផង​។​
 
​ក្រុមការងារ​ចម្រុះ ដែលមាន​សមាសភាព​ម​ក​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការ​យូណេស្កូ​ជាតិ ការិយាល័យ​យូណេស្កូ​ភ្នំពេញ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​(​នាយកដ្ឋាន​សារមន្ទីរ​និង​សារមន្ទីរ​ទួលស្លែង​) បាន​សហការគ្នា រៀបចំ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ស្នើសុំ​នេះ​ឡើង​៕



Tag:
 គុក​ទួលស្លែង
© រក្សាសិទ្ធិដោយ thmeythmey.com