COVID-19
អន្តរជាតិ
ករណីឆ្លង COVID-19 នៅវៀតណាម បន្តហក់ឡើង
× វៀតណាម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា បានរាយការណ៍ថា មានករណីឆ្លងជំងឺ COVID-19ចំនួន ៤៥ករណីបន្ថែមទៀត។ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា វៀតណាម ក៏ទើបបានប្រកាសពីករណីឆ្លងចំនួន ៥ករណី។ ករណីឆ្លងថ្មីទាំង ៥០ករណីនេះ គឺមានពាក់ព័ន្ធនឹងមន្ទីរពេទ្យនៅទីក្រុងដាណាងទាំងអស់។
ចាប់តាំងពីផ្ទុះជំងឺ COVID-19 នៅចុងឆ្នាំ២០១៩កន្លងមក វៀតណាមមានករណីឆ្លងច្រើនបំផុតត្រឹមតែជាង ២០ករណីប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃទី៣១ ខែកក្កដា វៀតណាម បានប្រកាសថាមានករណីឆ្លងរហូតដល់ ៤៥ករណី និង ៥ករណីនៅថ្ងៃល្ងាចថ្ងៃទី ៣០ ខែកក្កដា។ សរុបទាំងអស់ ៥០ករណីថ្មី។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម ករណីឆ្លងថ្មីទាំង ៥០ករណីនេះ គឺមានពាក់ព័ន្ធនឹងមន្ទីរពេទ្យចំនួន៤កន្លែង នៅក្នុងទីក្រុងដាណាង។ ករណីសរុបកូរ៉ូណាវីរុសនៅវៀតណាមមានចំនួន ៥០៩ករណី មិនមានករណីស្លាប់ និងមានអ្នកជាសះស្បើយចំនួន ៣៦៩នាក់។ ប្រជាជនវៀតណាម យ៉ាងហោចណាស់ចំនួន ៥ម៉ឺននាក់ កំពុងដាក់ចត្តាឡីស័កនៅមជ្ឈមណ្ឌលសុខភាព ឬនៅផ្ទះ។
ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 នៅក្នុងប្រទេស រដ្ឋាភិបាលវៀតណាម បានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងទីក្រុងហាណូយ ហាមឃាត់ការជួបប្រជុំមនុស្សនៅក្នុងទីក្រុង និងជំរុញឲ្យអ្នកដំណើររាយការណ៍ពីប្រវត្តិធ្វើដំណើររបស់ពួកគេ។ នៅរដ្ឋធានីហាណូយ ប្រជាជនវៀតណាម ដែលទើបតែត្រលប់ពីដាណាងវិញចំនួន ២១០៦៣នាក់ ត្រូវបានធ្វើតេស្ត។
បន្ថែមពីលើនេះ វៀតណាម បានផ្ញើសារជូនដំណើរប្រាប់ប្រជាជនរបស់ខ្លួនទាំងអស់ និងអ្នកដែលធ្លាប់ទៅកម្សាន្តនៅដាណាងថ្មីៗនេះ ឲ្យរាយការណ៍ប្រាប់សមត្ថកិច្ច រក្សាអនាម័យ និងប្រុងប្រយ័ត្នជាមួយ COVID-19 ជាដើម។ ចំណែកនៅទីក្រុងហូជីមិញវិញ អាជ្ញាធរវៀតណាម បានបិទកន្លែងកម្សាន្តមួយចំនួន ហាមការជួបប្រជុំ បន្ទាប់ពីប្រជាជនចំនួនពីរនាក់ ដែលត្រលប់ពីដាណាង ត្រូវគេធ្វើតេស្តមានលទ្ធផលវិជ្ជមាន។
សូមបញ្ជាក់ថា កន្លងមក នាយករដ្ឋមន្ត្រីវៀតណាម ធ្លាប់បានព្រមានថា គ្រប់ខេត្តក្រុងវៀតណាមទាំងអស់ គឺស្ថិតក្នុងសភាពគ្រោះថ្នាក់នៃការឆ្លង COVID-19 ព្រោះស្ថានភាព COVID-19 នៅក្នុងពេលនេះ គឺខុសពីស្ថានភាព COVID-19 ដែលផ្ទុះឡើងកាលពីដើមឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com