ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់គិតទេថាខ្លួនឯងធ្លាប់កក់សក់ខុសដែលអាចបណ្ដាលឱ្យសក់ស្ងួត ងាយដាច់ជ្រុះ ឬសូម្បីតែឆ្លងមេរោគលើស្បែកក្បាល។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកំហុសមួយចំនួនពេលកក់សក់ដែលអ្នកគួរចៀសវាង ៖
១. អ្នកកក់សក់ញឹកញាប់ពេក
អ្នកមិនចាំបាច់ត្រូវកក់សម្អាតសក់រាល់ថ្ងៃឡើយ ត្រឹមតែពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ណាស់ហើយដើម្បីកម្ចាត់ភាពកខ្វក់ពីសក់និងស្បែកក្បាល។ ទម្លាប់នេះក៏ជួយរក្សាសុខភាពសក់និងស្បែកក្បាលដោយមិនធ្វើឱ្យសក់ស្ងួត ហើយងាយទទួលរងការបំផ្លាញ។ ប្រសិនបើសក់របស់អ្នកឡើងប្រេងខ្លាំង ចូរប្រើប្រាស់រូបមន្តបែបធម្មជាតិ ឬសាកល្បងផលិតផលសាប៊ូស្ងួត។
២. អ្នកមិនលាងសម្អាតសក់ឱ្យជ្រះស្អាតនិងប្រើប្រាស់សាប៊ូកក់សក់ច្រើនពេក
ចូរលាងសម្អាតសក់សម្រាប់រយៈពេលយ៉ាងហោចណាស់ ១ នាទីមុននឹងប្រើប្រាស់សាប៊ូកក់សម្អាត។ ការធ្វើឱ្យសក់សើមទាំងស្រុងមុនពេលកក់ជាមួយសាប៊ូគឺជាជំហានចាំបាច់មួយដើម្បីជម្រះភាពកខ្វក់ចេញពីសក់បានកាន់តែមានប្រសិទ្ធភាព។
៣. អ្នកប្រើប្រាស់ក្រែមបន្ទន់ក្រោយពេលកក់សម្អាតសក់
ភាគច្រើននៃពួកយើងធ្វើការកក់សម្អាតសក់មុននឹងប្រើប្រាស់ក្រែមបន្ទន់។ ប៉ុន្តែការធ្វើផ្ទុយមកវិញដោយប្រើប្រាស់ក្រែមបន្ទន់សក់មុន គឺកាន់តែប្រសើរសម្រាប់ប្រភេទសក់ខ្លះ។ ការប្រើប្រាស់ក្រែមបន្ទន់សក់មុននឹងធ្វើឱ្យសក់កាន់តែមានទម្ងន់។ រូបមន្តនេះសាកសមបំផុតសម្រាប់អ្នកមានសក់ស្ដើងគ្មានទម្ងន់ និងសំណើមគ្រប់គ្រាន់។
៤. អ្នកកក់សាប៊ូច្រើនពេកនៅចុងសក់
គល់សក់ជាផ្នែកមួយដែលសម្បូរប្រេងជាងគេ ដូច្នេះអ្នកចាំបាច់គួរកក់សាប៊ូលើស្បែកក្បាលជាជាងចុងនៃសក់។ ម្យ៉ាងវិញទៀតចុងសក់ជាធម្មតាច្រើនតែស្ងួត ហើយការកក់សម្អាតជាមួយសាប៊ូនឹងធ្វើឱ្យវាកាន់តែខ្វះសំណើម។
៥. អ្នកប្រើប្រាស់ក្រចកអេះស្បែកក្បាល
ការធ្វើបែបនេះអាចធ្វើឱ្យអ្នកប្រឈមមុខនឹងបញ្ហាឆ្លងមេរោគលើស្បែកក្បាល។ ម្យ៉ាងវិញទៀតសក់នៅពេលសើម គឺមានសភាពខ្សោយ ហើយការអេះខ្លាំងៗអាចបណ្ដាលឱ្យសក់ងាយនឹងដាច់ជំពាក់ ឬជ្រុះ។ វិធីដ៏ប្រសើរបំផុតដើម្បីកក់សម្អាតសក់ គឺម៉ាស្សាគល់សក់ ឬស្បែកក្បាលថ្នមៗដោយប្រើម្រាមដៃនិងបាតដៃ។
៦. អ្នកកក់សម្អាតសក់ជាមួយទឹកក្ដៅខ្លាំង
សីតុណ្ហភាពទឹកដែលប្រសើរបំផុតសម្រាប់កក់សម្អាតសក់ គឺក្ដៅឧណ្ហៗ។ ទឹកក្ដៅខ្លាំងអាចបណ្ដាលឱ្យសក់ងាយជ្រុះដាច់ និងជះផលប៉ះពាល់ដល់ឬសនៃសក់ផងដែរ។
៧. អ្នកលាបក្រែមបន្ទន់លើស្បែកក្បាល
ការលាបក្រែមបន្ទន់លើស្បែកក្បាលនឹងធ្វើឱ្យសក់កាន់តែឡើងប្រេងខ្លាំង ហើយអាចស្ទះរន្ធនៃឬសសក់ថែមទៀត។ ដើម្បីជាការប្រសើរចូរប្រើប្រាស់ក្រែមបន្ទន់លើសក់និងចុងសក់ ចៀសវាងស្បែកក្បាល។
៨. អ្នកសិតសក់នៅពេលសក់សើម
សក់សើម គឺមានសភាពខ្សោយបំផុត។ ការសិតសក់ ឬជូតញីសក់ជាមួយកន្សែងអាចជះផលប៉ះពាល់គួរឱ្យកត់សម្គាល់ស្ថានភាពនៃសក់។ វិធីដ៏ប្រសើរបំផុត គឺផ្ដិតសក់ថ្នមៗនិងទុកឱ្យវាស្ងួតខ្លួនឯង៕
ត្រួតពិនិត្យដោយ www.health.com.kh