អន្តរជាតិ
ទូតចិនថា អាមេរិកបញ្ឆេះសង្គ្រាមត្រជាក់ថ្មីដើម្បីរកការគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតី លោក Liu Xiaoming ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអង់គ្លេស។ រូបភាព AFP
× ឯកអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស Liu Xiaoming នៅថ្ងៃទី៣០ ខែកក្កដា បានចោទប្រកាន់អាមេរិកថា កំពុងបង្កើតសង្គ្រាមត្រជាក់ថ្មី ព្រោះអ្នកនយោបាយអាមេរិកមួយចំនួនចង់រកអ្នកទទួលខុសត្រូវជំនួសពួកគេសម្រាប់បញ្ហាដែលកើតឡើងនៅអាមេរិក។ គោលដៅបង្កើនប្រជាប្រិយភាពមុនការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ជាហេតុផលដែលលោក Liu អះអាងថា នាំឲ្យទំនាក់ទំនងចិន និងអាមេរិកឡើងកម្ដៅ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Liu Xiaoming ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអង់គ្លេស បានលើកឡើងថា ចិនមិនបានក្អេងក្អាងនោះទេ ប៉ុន្តែគឺអាមេរិកទេដែលជាអ្នកចង់បង្កើតសង្គ្រាមត្រជាក់ថ្មី ដែលបង្ខំឲ្យចិនត្រូវតែតបត។ មន្ត្រីការទូតចិន អះអាងថា ចិនមិនចាប់អារម្មណ៍សង្គ្រាមត្រជាក់អ្វីឡើយ ហើយក៏មិនចាប់អារម្មណ៍នឹងការធ្វើសង្គ្រាមអ្វីនោះដែរ។
«យើងបានឃើញហើយអំពីអ្វីដែលបានកំពុងកើតឡើងនៅអាមេរិក។ ពួកគេចង់បន្ទោសចិន ចំពោះបញ្ហាដែលគេមាន ហើយយើងក៏ដឹងផងដែរថា ឆ្នាំនេះ ជាឆ្នាំបោះឆ្នោតប្រធានាធិបតី។» លោក Liu បន្ថែមបែបនេះ។
លោកឯកអគ្គរដ្ឋទូត មិនបានបញ្ចេញឈ្មោះអ្នកនយោបាយអាមេរិករូបណាឡើយ ប៉ុន្តែបាននិយាយថាមានអ្នកនយោបាយខ្លះនឹងធ្វើគ្រប់បែបយ៉ាងដើម្បីបានជាប់ឆ្នោត។ លោកបញ្ជាក់ថា អ្នកនយោបាយនោះនឹងធ្វើគ្រប់បែបយ៉ាង រួមទាំងចាត់ទុកចិនជាសត្រូវផងដែរ។ ទោះជាយ៉ាងណា អ្នកការទូតរូបនេះផ្ញើសារទៅអាមេរិកវិញថា ចិនមិនមែនជាសត្រូវអាមេរិកឡើយ តែចិនជាមិត្ត និងជាដៃគូ។
ការលើកឡើងរបស់ទូតចិននេះ ធ្វើឡើងក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសទាំង២ មានកាន់តែធ្លាក់ដុនដាបទៅ បន្ទាប់ពីអាមេរិកបានបញ្ជាឲ្យចិនបិទស្ថានកុងស៊ុលនៅហ៊ូស្តុន និងជាការតបចិនបានបញ្ជាឲ្យអាមេរិកបិទស្ថានកុងស៊ុលនៅឆឹងទូ។
ប្រភពព័ត៌មានខាងលើផ្សាយថា ទោះជាយ៉ាងណា លោក Liu ជឿថា ទំនាក់ទំនងរបស់ប្រទេសទាំង២ មិនទាន់ដល់កម្រិតដែលមិនអាចត្រឡប់រកសភាពដើមបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com