COVID-19
អន្តរជាតិ
វៀតណាម មានករណីស្លាប់ដោយសារ COVID-19 ហើយ បុគ្គលិកសុខាភិបាលវៀតណាមរុញអ្នកជំងឺចូលឡានពេទ្យនាពេលកន្លងមក។ រូបភាព VNA
× នៅថ្ងៃទី៣១ ខែកក្កដា វៀតណាមបានប្រកាសពីករណីស្លាប់ទីមួយដោយសារ COVID-19 ។ ករណីស្លាប់នេះ ជាករណីរកឃើញនៅទីក្រុងដាណាង ទីដែលជំងឺផ្លូវដង្ហើមមួយនេះ បានផ្ទុះឡើងជាថ្មីក្រោយស្ងប់ស្ងាត់ជិត១០០ថ្ងៃ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមដែលត្រូវបានស្រង់បន្តដោយទីភ្នាក់ងារព័ត៌មាន Reuters ករណីស្លាប់ទីមួយនៅវៀតណាម ជាបុរសអ្នកដែលមានវ័យ៧០ឆ្នាំ។ ជនរងគ្រោះ ត្រូវបានធ្វើតេស្ត និងមានលទ្ធផលវិជ្ជមានជំងឺ COVID-19 នៅទីក្រុងដាណាង។
នៅថ្ងៃទី៣១ ខែកក្កដានេះដែរ ទីក្រុងដាណាង មានករណីឆ្លងថ្មីចំនួន៤៥ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅវៀតណាម។ បើគិតពីថ្ងៃទី២៥ ខែកក្កដា ពេលរកឃើញករណីដំបូងនៅដាណាង ចំនួនអ្នកឆ្លងពាក់ព័ន្ធមានដល់៩៥នាក់ហើយ។
មកទល់ថ្ងៃដដែល វៀតណាមមានករណីឆ្លងសរុប៥០៩នាក់ ហើយសះស្បើយមានចំនួន៣៦៩នាក់។ មនុស្សច្រើនជាង៥៣០០០នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅទីតាំងរៀបចំដោយរដ្ឋ និងផ្ទះរៀងៗខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com