ជាតិ
សម្ដេច ស ខេង៖ កិច្ចការពារជនទេសអន្តរប្រវេសន៍ ជាកិច្ចការចាំបាច់របស់រដ្ឋាភិបាល សម្ដេច ស ខេង ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)។ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថា ការធ្វើទេសអន្តរប្រវេសន៍តែងតែជួបបញ្ហាប្រឈម ពិសេសនៅអំឡុងពេលកូវីដ-១៩ ហើយរដ្ឋាភិបាលមានកាតព្វកិច្ចយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះ។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសអន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅថ្ងៃទី៣០កក្កដា សម្ដេច ស ខេង បានដាក់ផែនការសកម្មភាព៤ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងទេសអន្តរប្រវេសន៍ គឺការការពារជនទេសអន្តរប្រវេសន៍, ការគ្រប់គ្រងទិន្នន័យ, ការគាំទ្រដំណើរការវិញត្រឡប់និងធ្វើសមាហរកម្មជនទេសអន្តរប្រវេសន៍ និងការកំណត់ និងផ្ដល់អត្តសញ្ញាណស្របច្បាប់ ពិសេសកូនទេសអន្តរប្រវេសន៍។
សម្ដេច ស ខេង ថ្លែងថា៖ «ដំណាក់កាលនៃការរាតត្បាតនៃជំងឺ-១៩នេះ ការធ្វើទេសអន្តរប្រវេសន៍រឹតតែប្រឈមខ្លាំងការធ្វើទេសអន្តរប្រវេសន៍រឹតតែប្រឈមខ្លាំង ហើយក៏អាចអូសបន្លាយបន្តទៀតក្នុងរយៈពេលវែង។ ហេតុដូចនេះកិច្ចការពារពលករទាំងនៅក្នុងប្រទេសកំណើតនិងប្រទេសគោលដៅនានាដែលពលករបានធ្វើទេសអន្តរប្រវេសន៍ គឺជាភារកិច្ចចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់»។
សម្ដេចបានបន្ថែមថា ជនទេសអន្តរប្រវេសន៍ដែលខ្វះកិច្ចការពារពីប្រព័ន្ធច្បាប់ តែងត្រូវបានជនឆ្លៀតឱកាសកេងប្រវ័ញ្ចយកផលចំណេញ ដោយធ្វើការជួញដូរមនុស្ស រំលោភបំពាន កេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរ។ ការរំលោភបំពានបែបនេះ បង្កើតឲ្យមានទាសភាព ធ្វើឲ្យធ្លាក់ខ្លួនជរា ពិការ វង្វេងស្មារតី បាត់បង់ភាពជាមនុស្សឬរហូតដល់បាត់បង់ជីវិតផងដែរ។ សម្ដេច សង្កត់ធ្ងន់ថា ការធ្វើទេសអន្តរប្រវេសន៍នៅអំឡុងពេលកូវីដ-១៩នេះ ប្រឈមបញ្ហាខ្លាំង ខណៈបណ្ដាប្រទេសនានាបានរឹតបន្តឹងការចេញចូល។
គិតចាប់ពីថ្ងៃទី២១មីនា ដល់ថ្ងៃទី២៣កក្កដា ពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើទេសអន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ-១៩ មានជាង១០ម៉ឺននាក់ ក្នុងនោះមានស្ត្រី៤៥ភាគរយ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com