ជាតិ
អតីតពលករជាង១០ឆ្នាំនៅកូរ៉េ យកបទពិសោធន៍ការងារកសិកម្ម មកពង្រីករបរភ្ញាស់បង្កងលក់
× អ្នកនាង ស៊ុយ គីមសាន ជាកសិករម្នាក់ ដែលកំពុងជោគជ័យក្នុងរបរភ្ញាស់បង្កងលក់ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ មានវ័យ៤១ឆ្នាំ អ្នកនាង គីមសាន ចាប់ផ្តើមចិញ្ចឹមបង្កង ក្នុងខែតុលា ឆ្នាំ២០១៩ ដោយផ្ដើមត្រឹមដើមទុនតែ ៥០០ដុល្លារ។ ត្រឹមតែរយៈខ្លី គឺតែ១០ខែប៉ុណ្ណោះ អ្នកនាងគឹមសាន អះអាងថា ខ្លួនមានចំណូលជាមធ្យម៧០០ដុល្លារក្នុងមួយខែ។
រស់នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម អ្នកនាង ស៊ុយ គីមសាន ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថា នាងជា អតីតពលករនៅកូរ៉េ១០ឆ្នាំ ក្នុងវិស័យកសិកម្ម។ ពេលមកស្រុកកំណើតវិញ ស្ត្រីវ័យ ៤១ឆ្នាំរូបនេះ អ្នកនាងរៀនពីយូធូប និងសួររបៀបចិញ្ចឹមពីអ្នកចិញ្ចឹមមុនៗ ហើយក៏ចាប់យករបរភ្ញាស់កូនបង្កង និងលក់មេបង្កងពូជនេះតែម្តង។
បង្កងក្នុងកសិដ្ឋានរបស់អ្នកនាង ស៊ុយ គីមសាន
អ្នកនាង គីមសាន ពន្យល់ថា មូលហេតុដែលជំរុញឲ្យអ្នកនាងចាប់យករបរចិញ្ចឹមបង្កងនេះ ដោយសារអ្នកនាងមើលឃើញពីតម្រូវការបង្កងកាន់តែច្រើននៅកម្ពុជា ប៉ុន្តែបរិមាណផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់ ខណៈដែលពេលនោះមិនទាន់មានអ្នកចិញ្ចឹមច្រើននៅឡើយ។
រូបភាពពីកសិដ្ឋានចិញ្ចឹមបង្កងខេត្តកំពង់ចាម
សព្វថ្ងៃកសិដ្ឋានរបស់អ្នកនាង គីមសាន កំពុងផ្គត់ផ្គង់កូនបង្កង និងមេបង្កងពូជ នៅក្នុងខេត្តកំពង់ចាម និងតាមខេត្តផ្សេងទៀតដូចជា ខេត្តកណ្ដាល កំពង់ធំ ក្រចេះ និងខេត្តសៀមរាប។ បើតាម ស្ត្រីរូបនេះ មេបង្កងពូជអ្នកនាង លក់១គូតម្លៃ ៣៥ ០០០រៀល និងកូនបង្កង ១ក្បាល មានតម្លៃ ១ ៥០០រៀល។
អ្នកនាង ស៊ុយ គីមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង
អ្នកខេត្តកំពង់ចាមរូបនេះ អះអាងទៀតថា ខ្លួនអាចរកចំណូលបានជាមធ្យម ៧០០ដុល្លារ ក្នុងមួយខែ។ ដោយមើលឃើញពីតម្រូវការទីផ្សារ ស្ត្រីវ័យ៤១ឆ្នាំរូបនេះ នឹងពង្រីកការចិញ្ចឹមបង្កងបន្ថែមទៀតដែរ នៅថ្ងៃខាងមុខ៕
Tag:
កសិកម្ម
ចិញ្ចឹមបង្កង
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com