ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ចិន ប្តេជ្ញារួមគ្នាពង្រីកទំហំពាណិជ្ជកម្មឱ្យដល់ ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ប្រភពរូប៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា-ចិន បានប្តេជ្ញារួមគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ុន ចិនហៃ (SUN Chenhai) អគ្គនាយករងនៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិន បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី« ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ ឆ្នាំ២០២០ រវាងកម្ពុជា-ចិន» នៅទីស្តីការក្រសួង កាលពីថ្ងៃទី៣០កក្កដា។
ក្នុងប្រជុំជាមួយភាគីចិន តាមរយៈប្រព័ន្ធវីដេអូ លោកប៉ាន សូរស័ក្តិ បានស្នើសុំភាគីចិន ពិសេស លោក ស៊ុន ចិនហៃ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលពិព័រណ៍និងសាលសន្និសីទជាតិទីក្រុងសៀងហៃ នៃប្រទេសចិន ជួយពន្លឿនការចរចាពិធីសារអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មមួយចំនួន ដើម្បីឈានដល់ការចុះហត្ថលេខាសម្រាប់នាំចេញ។ ផលិតផលកម្ពុជា ដែលស្នើសុំទីផ្សារចិននោះ រួមមាន ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និងសំបុកទឹកមាត់ត្រចៀកកាំជាដើម។
រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ ក៏បានស្នើចិនឱ្យជួយគាំទ្រអភិវឌ្ឍធុរកិច្ចលើវិស័យសេដ្ឋកិច្ចឌីជីថល ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិចជាដើម។ ជាពិសេស គឺជួយកម្ពុជារៀបចំរចនាសម្ព័ន្ធឧស្សាហកម្មឱ្យប្រសើរឡើង និងលើកកម្រិតឧស្សាហូបនីយកម្មស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចសកល ដើម្បីឈានដល់ការសម្រេចទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ១០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។
កាលពីថ្ងៃទី២០កក្កដា ឆ្នាំ២០២០ កម្ពុជានិងចិន បានប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ដោយនៅតែរង់ចាំការចុះហត្ថលេខារវាងភាគីទាំងពីរ នៅពេលខាងមុខប៉ុណ្ណោះ។ តាមរយៈកិច្ចព្រមព្រៀងគ្នានេះ ភាគីទាំងពីរក៏រំពឹងថា អាចបង្កើនទំហំពាណិជ្ជកម្មឱ្យដល់១០ពាន់លានដុល្លារផងដែរ។
កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣ ហើយឈានដល់ការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន នៅឆ្នាំ២០១៩។ ចំណងមិត្តភាពនៃប្រទេសទាំងពីរ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងៗ និងទទួលបានផលប្រយោជន៍ទាំងសងខាង។
ជាក់ស្តែង កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ៦ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះ បានហក់ឡើងដល់ ៨ពាន់លានដុល្លារនៅឆ្នាំ២០១៩ ដោយកម្ពុជានាំចេញទៅចិន មានទំហំប្រាក់ទឹក១ពាន់លានដុល្លារ ខណៈចិននាំចូលកម្ពុជាវិញ មានរហូតដល់៧ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com