កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទីមួយ ដែលកំពុងពេញនិយមបំផុត របស់ក្រុមហ៊ុន សែលកាត បានឈានមកដល់ទីបញ្ចប់ហើយ នាក្នុងថ្ងៃទី29កក្កដា ជាមួយនឹងការចាប់រង្វាន់ផ្ដាច់ព្រ័ត្រដ៏ធំអស្ចារ្យ ដែលជារថយន្តម៉ាក Mazda 2 ស៊េរីឆ្នាំ 2020 ។
អតិថិជនមហាសំណាងរបស់ សែលកាត លោកពូ សុខទៀន បានបង្ហាញនូវអារម្មណ៍ត្រេកអរឥតឧបមា នៅពេលគាត់ទទួលបាននូវដំណឹង ដ៏គយរឲ្យរំភើបមិននឹកស្មានដល់ នៃការឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ។ លោក សុខទៀន បានរៀបរាប់ថា រថយន្តដ៏ថ្មីសន្លាងនេះ នឹងអាចជួយសម្រាលបន្ទុករបស់ក្រុមគ្រួសារ ដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ បានយ៉ាងច្រើនជាក់ជាមិនខាន។
ទន្ទឹមនឹងការផ្តល់ជូនរង្វាន់ធំបំផុត ប្រចាំកម្មវិធី សែលកាត ក៏បានប្រគល់ជូននូវរង្វាន់ម៉ូតូហុងដា Zoomer X សរុបចំនួន 53 គ្រឿង រួមទាំងទិន្នន័យអ៊ីនធឺណិត និងរង្វាន់ជាសាច់ប្រាក់សុទ្ធ ដែលមានសរុបគិតជាទឹកប្រាកចំនួនជាង ៥០ម៉ឺនដុល្លារដល់អតិថិជនរបស់ខ្លួនផងដែរ។ ការផ្តល់រង្វាន់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! គឺជាកម្មវិធីដ៏ពេញនិយម និងជោគជ័យបំផុតមួយ របស់ក្រុមហ៊ុន សែលកាត មកទល់បច្ចុប្បន្ននេះ។
អតិថិជនទាំងអស់របស់ សែលកាត អាចបញ្ចូលទឹកប្រាក់ដោយប្រើប្រាស់កាតប្រភេទថ្មី 5,000 រៀល (1.25 ដុល្លារ) និង 10,000 រៀល (2.50 ដុល្លារ) បានចាប់តាំងពីខែមករា ដើមឆ្នាំ 2020 នេះមកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺជាការឆ្លើយតបរបស់ សែលកាត ទៅនឹងការស្នើសុំរបស់អតិថិជន ក្នុងការផ្តល់ជូននូវកាតកោសដោយគិត តម្លៃជារូបិយប័ណ្ណក្នុងស្រុក។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត ដែលជាមោទកភាពរបស់ជាតិខ្មែរ យើងពិតជាមានក្តីសោមនស្សបំផុត សម្រាប់ឱកាសក្នុងការតបស្នង ទៅកាន់សហគមន៍វិញ ក៏ដូចជាការផ្តល់រង្វាន់ជូន ដល់អតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង ដែលភាគច្រើន ពួកគាត់កំពុងត្រូវការការគាំទ្របន្ថែម នៅក្នុងជីវភាពប្រចាំថ្ងៃ”។
“យើងនឹងបន្តកម្មវិធីផ្តល់រង្វាន់ ជូនដល់អតិថិជនរបស់យើង រួមទាំងផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពបត់បែនខ្ពស់ និងមានអត្ថប្រយោជន៍ច្រើនសម្បូរបែប។ តួយ៉ាងដូចជាគម្រោង Cellcard 4U នេះជាដើម ដោយយើងបានដាក់ដំណើរការ ឱ្យអតិថិជនប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-19”។
រាល់អតិថិជនដែលមានសំណាង ឈ្នះរង្វាន់ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! នឹងត្រូវប្រកាសឈ្មោះ ជូនរៀងរាល់ថ្ងៃពុធ វេលាម៉ោង 11 ព្រឹក នៅលើទំព័រហ្វេសប៊ុករបស់សែលកាត។
អ្វីដែលកាន់តែពិសេសទៀតនោះ គឺ សែលកាត នឹងរៀបចំកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី 2 ដោយនឹងដាក់ដំណើរការរយៈពេល 6 ខែពេញ រួមទាំងផ្តល់ជូននូវរង្វាន់ថ្មីៗដ៏អស្ចារ្យជាច្រើនទៀតផង៕
(អត្ថបទពាណិជ្ជកម្ម)