ជាតិ
ប្រាសាទបន្ទាយឆ្មារ អាង​ជើងគ្រុស និង​បារាយណ៍​មេបុណ្យ ទាក់ទាញ​ទេសចរ​ទៅ​បន្ទាយមានជ័យ​កាន់តែច្រើន​
31, Jul 2020 , 11:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រាសាទបន្ទាយឆ្មារ បារាយណ៍​មេបុណ្យ និង​អាង​ជើងគ្រុស គឺជា​តំបន់​ទេសចរណ៍​ដែលមាន​សក្តានុពល និង​ទាក់ទាញ​ទេសចរ​ច្រើនជាងគេ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​។ តំបន់​សក្តានុពល​ទេសចរណ៍​ទាំង​៣​កន្លែង​នេះ ស្ថិតនៅក្នុង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០២០​។​



​លោក ឈឿន សេរី​វុ​ឌ្ឍ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ ពន្យល់​ប្រាប់ thmeythmey25 បន្ថែមថា  ប្រាសាទបន្ទាយឆ្មារ ជា​ប្រាសាទ​ធំជាងគេ​ក្នុង​ខេត្តបន្ទាយមានជ័យ ទាក់ទាញ​ភ្ញៀវទេសចរ​ដោយសារ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។ ចំណែកឯ អាង​ជើងគ្រុស ទាក់ទាញ​ភ្ញៀវទេសចរ ដោយសារ មានការ​អភិវឌ្ឍ​ជាច្រើន​ដូចជា​ការកសាង​ស្ពាន​បណ្តែត​ទឹក មាន​សេវាកម្ម​ជិះទូក​ទៅលេង​កោះ មាន​ខ្យុ​ស​អង្គុយលេង និង​បរិភោគ​អាហារ ព្រមទាំង​មាន​កន្លែង​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​ឡើងទៅ​មើល​ថ្ងៃ​លិច​។ រីឯ​តំបន់​ទេសចរណ៍​បារាយណ៍​មេបុណ្យ​វិញ គឺមាន​ស្ពានឈើ​យ៉ាង​វែង​ទៅដល់​ប្រាសាទ​មេបុណ្យ ដែល​ស្ថិតនៅ​កណ្ដាល​បារាយណ៍​តែម្ដង​។ ហើយ​នេះ​ជា​អ្វីដែល​ទាក់ទាញ​ទេសចរ​។​


 
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ​កាន់តែច្រើន ក្នុងពេល​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​នៅ​ថ្ងៃទី​១៧​ដល់​២១ ខែសីហា ឆ្នាំ​២០២០ ខណៈ​បច្ចុប្បន្ន​តំបន់​ទាំង​៣​នេះ ក៏​ទទួលបាន​ទេសចរ​ច្រើន​ហើយ​ដែរ​។ លោក​ឈឿន សេរី​វុ​ឌ្ឍ បន្ថែម​ដូច្នេះ​៖ «​មន្ទីរ​ទេសចរ ក៏បាន​ត្រៀមខ្លួន​ទទួល​ទេសចរ ដូចជា​ការធ្វើ​បដិសណ្ឋារកិច្ច​ជាមួយ​ភ្ញៀវទេសចរ ហើយ​សម្រាប់​អាជីវក រៀបចំ​សណ្តាប់ធ្នាប់ និង​រក្សារ​អនាម័យ និង​មានការ​បង្ការ​ទប់ស្កាត់​ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩»​។ 
 
​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​សក្តានុពល​ទាំង​៣​កន្លែង​នេះ អាច​ស្នាក់​នៅផ្ទះ​ស្នាក់ ជិត​ប្រាសាទបន្ទាយឆ្មារ​បាន​៕











​រូបភាពពីក្រសួងទេសចរណ៍

Tag:
 ទេសចរណ៍ បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com