កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Newcastle ខូចចិត្ត ក្រោយ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ឈប់​ទិញ​ក្លិប​វិញ​
31, Jul 2020 , 6:29 pm        
រូបភាព
​អ្នកគាំទ្រ​ក្រុម Newcastle United បង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង​បន្ទាប់ពី​មូលនិធិ​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​គាំទ្រ​ដោយ​ព្រះអង្គម្ចាស់ Mohammed Bin Salman ដក​ការដេញថ្លៃ​ទិញយក​ក្លិប​សារិកា​ព្រៃ​នេះ​ចេញ​វិញ​។​


​កន្លងមក ការដេញថ្លៃ​របស់​មូល​និ​ធិ​វិនិយោគសាធារណៈ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (PIF)  បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ក្នុងតម្លៃ ៣០០ លាន​ផោន (៣៧៥ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ទិញ​ក្លិប​ពី​លោក Mike Ashley ទៅហើយ​កាលពី​ខែមេសា​។ យ៉ាងណា​កិច្ចព្រមព្រៀង​នេះ​ត្រូវ​ពន្យារពេល ព្រោះ​ត្រូវ​ទទួល​ការពិនិត្យ​ពិចារណា​ដោយ​សា្ថ​ប័ន Premier League មុន​សម្រេច​ឲ្យ Newcastle ធ្លាក់​ទៅ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed Bin Salman កាន់កាប់​។ 
 
​មួយវិញទៀត ដោយសារ​មានការ​យឺតយ៉ាវ និង​មិន​ត្រូវរ៉ូវ​គ្នា​ក្នុង​លក្ខខណ្ឌ​មួយចំនួន ព្រមទាំង​បញ្ហា​ជំងឺ COVID-19 ផង​នោះ នៅពេលនេះ​ភាគី​ខាង PIF បាន​ដកខ្លួន​ចេញ​វិញ​ទៅហើយ​។​
​ក្រោយ​មាន​ដំណឹង​បែបនេះ អ្នកគាំទ្រ Newcastle ភាគច្រើន​បានបង្ហាញ​ការខកចិត្ត ដ្បិត​ពួកគេ​រំពឹងថា​នឹងមាន​ម្ចាស់​ថ្មី​ដែលមាន​ទ្រព្យ​ស្តុកស្តម្ភ​អាច​ផ្លាស់ប្តូរ​វាសនា​ក្លិប​នៅ Premier League មួយ​នេះ ឲ្យ​ទៅជា​ក្លិប​ដែល​ពោរពេញ​ដោយ​ថាមពល​នាពេលខាងមុខ​ដ៏​ខ្លី​នោះ​។​
 
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC លោក Michelle George អ្នកគាំទ្រ​ម្នាក់​របស់​ក្រុម​រហស្សនាម​សារិកា​ព្រៃ​បាន​និយាយថា ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ដូចជា​លោក​ខូចចិត្ត​មិន​ស្ទើ​នោះទេ​។​
 
​ដោយឡែក អ្នកគាំទ្រ​ម្នាក់ទៀត​លោក Magpies George បាន​រៀបរាប់ថា ក្នុងនាម​លោក​ជា​អ្នកគាំទ្រ​លោក​ពិតជា​មានការ​ខកចិត្ត​ណាស់​។ «​ដំបូង​ឡើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ព្រោះ​យើង​បាន​រង​ទុក្ខ​អស់​រយៈពេល ១៣ ឆ្នាំ​មកហើយ ក្រោម​ការដឹកនាំ​របស់ Ashley ដែល​ខ្វះ​ការវិនិយោគ​នៅក្នុង​ក្លិប​។ ប៉ុន្តែ​ចុងក្រោយ​អ្វីៗ​នៅតែ​មិនអាច​ផ្លាស់ប្តូរ​បាន​»​។​
 
Newcastle United ក្នុង​រយៈពេល​១០​រដូវ​កាល​ចុងក្រោយ មិនដែល​ទទួលបាន​ល​ទ្ធ​ផល​លេចធ្លោ​នោះទេ ហើយ​ថែមទាំង​កៀក​នឹង​ធ្លាក់​ទៅកាន់​លី​គ​កម្រិត​ទី​២​ទៀតផង​។ ក្នុង​រដូវ​កាល ២០១៩-២០​នេះ ក្រុម​ដែលមាន​អ្នកចាត់ការ​ទូទៅ​លោក Steve Bruce បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១៣ ក្នុង​តារាង Premier League៕

Tag:
 Mohammed Bin Salman
  Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com