COVID-19៖ ៥ករណីទៀតនៅកម្ពុជា មានខ្មែរ៤នាក់មកពីប៉ាគីស្ថាន និងជនជាតិឥណ្ឌូណេស៊ីម្នាក់
COVID-19
ជាតិ
COVID-19៖ ៥ករណីទៀតនៅកម្ពុជា មានខ្មែរ៤នាក់មកពីប៉ាគីស្ថាន និងជនជាតិឥណ្ឌូណេស៊ីម្នាក់
01, Aug 2020 , 8:00 am        
រូបភាព
ក្រសួងសុខាភិបាល​នា​ព្រឹក​នេះ បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​៥​ករណី​ទៀត ដែល​ក្នុងនោះ​មាន​ពលរដ្ឋ​ខ្មែរ​៤​នាក់​ដែលជា​អ្នកដំណើរ​មកពី​ប៉ា​គី​ស្ថាន និង​ជនជាតិ​ឥណ្ឌូណេស៊ី​១​នាក់​មកពី​ឥណ្ឌូណេស៊ី​។ កម្ពុជា​កើន​អ្នកជំងឺ​សរុប​ឡើងដល់​២៣៩​នាក់ និង​សះស្បើយ​១៦៤​នាក់​។​


 
​តាម​សេចក្តី​ជូន​ព័ត៌មាន បុរស​ជនជាតិខ្មែរ​៤​នាក់​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។ ពួកគាត់​ស្ថិត​ក្នុងចំណោម​អ្នកដំណើរ​១២០​នាក់ (​ខ្មែរ​៨០​នាក់​) ដែល​ទើប​មកពី​ប៉ា​គី​ស្ថាន បន្ត​ជើងហោះហើរ​នៅ​ម៉ាឡេស៊ី ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែកក្កដា​។ ហើយ​អ្នករួមដំណើរ ១១៦ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន ត្រូវបាន​ដាក់​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​បុរី​១០០​ខ្នង និង​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​។​
 
​រីឯ​បុរស​ឥណ្ឌូណេស៊ី​អាយុ​១៨​ឆ្នាំ ដែល​ត្រូវដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ផងដែរ​នោះ ទើប​មកពី​ឥណ្ឌូណេស៊ី ឆ្លងកាត់​ម៉ាឡេស៊ី ហើយ​មកដល់​កម្ពុជា​ជាមួយ​អ្នកដំណើរ​១២០​នាក់​ទៀត​។ ហើយ​អ្នកដំណើរ​១២០​នាក់ ដែលមាន​លទ្ធផល​អវិជ្ជមាន ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​អនុវិទ្យាល័យ​ពោធិ៍ចិនតុង និង​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​។​
​សូមជម្រាបថា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ -១៩ ចំនួន ២៣៩ នាក់ ក្នុងនោះ​មាន​១៦៤​នាក់ ជាសះស្បើយ​។ អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ ចំនួន​៧៣​នាក់ និង​អ្នក​សម្រាក​នៅ​បន្ទប់​ដាច់ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក ចំនួន​២​នាក់​៕​

© រក្សាសិទ្ធិដោយ thmeythmey.com