COVID-19
អន្តរជាតិ
COVID-19៖ វៀតណាម​ឡើងដល់​៥៥៨​ករណី និង​ស្លាប់​២​នាក់​
01, Aug 2020 , 10:33 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​វៀតណាម បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​COVID-19 ចំនួន ៤៩​ករណី​ថ្មី និង​មាន​១​ករណី​ស្លាប់​។ តួលេខ​ឆ្លង​ថ្មី​នេះ គឺ​បូក​បញ្ចូល​គ្នា​ជាមួយនឹង​ករណី​ឆ្លង​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ដែលមាន​អ្នក​ឆ្លង​ចំនួន ៣៧​ករណី និង​ស្លាប់​១ នាក់​បន្ថែមទៀត និង​អ្នក​ឆ្លង​COVID-19 នៅ​ថ្ងៃទី​១ ខែសីហា ដែលមាន​ចំនួន ១២​ករណី​។


 
​តាមរយៈ​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​វៀតណាម អាជ្ញាធរ បានធ្វើ​តេស្ត​រកឃើញ​អ្នកជំងឺ​COVID-19 ចំនួន ៤៩​នាក់ និង​មាន​អ្នកជំងឺ​១​នាក់​ស្លាប់​។ ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ គឺមាន​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ដា​ណា​ង​។ សរុប​ករណី​COVID-19 នៅ​វៀតណាម​មាន​ចំនួន ៥៥៨​ករណី និង​អ្នក​ស្លាប់មាន ២​នាក់​។ 
 
​ករណី​ឆ្លង​ថ្មី​នេះ មាននៅ​ក្នុង​ក្រុង​ដា​ណា​ង ទីក្រុង​ហូជីមិញ ខេត្ត Quang Nam ដែលជា​ខេត្ត​ជាប់​ក្រុង​ដា​ណា​ង​។ 
 
​ដើម្បី​បង្ការ​ការ​រាតត្បាត​នៅក្នុង​ប្រទេស អាជ្ញាធរ​នៅក្នុង​ក្រុង​ហូជីមិញ បានធ្វើ​តេស្ត​លើ​ប្រជាជន ដែលមាន​ពាក់ព័ន្ធ​នឹង​ទីក្រុង​ដា​ណា​ង ២១៧៣២​នាក់​។ បន្ថែម​ពីលើ​នេះ ក្រសួងសុខាភិបាល បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ច្រើនជាង ១០០០​នាក់​ទៅ​ទីក្រុង​ដា​ណា​ង ដើម្បី​គ្រប់គ្រង​ស្ថានភាព​ឆ្លង និង​សាងសង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន ដែលមាន​គ្រែ​អ្នកជំងឺ​ចំនួន ១០០០​គ្រែ ក្នុង​ទីក្រុង​ទេសចរណ៍​នេះ ។ 
 
​សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រី​វៀតណាម ធ្លាប់បាន​ព្រមាន​ថា រលក​ឆ្លង​នៅ​វៀតណាម​លើក​នេះ គឺ​ខុសពី​រលក​ឆ្លង​លើក​ទី​២​នៅក្នុង​ខែមីនា ដែល​វៀតណាម​ធ្លាប់​ប្រយុទ្ធប្រឆាំង ហើយ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ គឺ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្ពស់ នៃ​ការឆ្លង​COVID-19៕ 

Tag:
 ​វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com