កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance និង E-School Cambodia បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីផ្តល់ការធានារ៉ាប់រងអាយុជីវិតដល់សិស្សនិស្សិតចំនួន១៥.០០០នាក់ ដែលជាទំពាំងស្នងឫស្សីនៅកម្ពុជាសម្រាប់ដំណាក់កាលដំបូង។ កិច្ចសហការនេះ ក៏មានគម្រោងក្នុងការផ្តល់ជូនដល់សិស្សនិស្សិតដល់ទៅចំនួន១.០០០.០០០នាក់នៅក្នុងប្រទេសកម្ពុជាយើង។
នាពិធីដែលរៀបចំនៅជាន់ទី១៨នៃអគារ វឌ្ឍន:កាពីតាល់ លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Forte Life Assurance បានមានប្រសាសន៍ថា នេះជាគំនិតផ្តួចផ្តើមដ៏មានតម្លៃ និងចាំបាច់មួយក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩។
លោកបានរៀបរាប់ថា៖ «តាំងនាមឲ្យសមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាគណៈគ្រប់គ្រងនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Forte Insurance (Cambodia) ខ្ញុំពិតជាសប្បាយរីករាយជាពន់ពេក និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់របស់ E-School Cambodia ចំពោះគំនិតផ្តួចផ្តើមដ៏មានតម្លៃក្នុងការផ្តល់ជូនសិស្សនិស្សិតទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលដែលបាននឹងកំពុងទទួលការសិក្សា Online តាមរយ: App របស់ E-School Cambodia នូវការការពារបន្ថែម និងឈានដល់ការចុះអនុស្សារណៈយោគយល់គ្នានៅថ្ងៃនេះរវាងស្ថាប័នទាំងពីរ។ នេះជាកាលៈទេសៈដ៏ចាំបាច់មួយ និងជាការសហការគ្នាដំបូងគេបង្អស់ ស្របពេលដែលពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិ កូវីដ-១៩»។
ការសហការគ្នានេះ ជាការរួមចំណែកមួយក្នុងការពង្រីកចំណេះដឹងផ្នែក សេវាធានារ៉ាប់រងអាយុជីវិតអោយកាន់តែទូលំទូលាយបន្ថែមទៀតនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ដូចគ្នាផងដែរ លោកសាស្ត្រាចារ្យ លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់របស់ E-School Cambodia បានមានប្រសាសន៍ថា ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់កូនខ្មែរគ្រប់រូប ជាពិសេសសិស្សនិស្សិតដែលកំពុងសិក្សាតាមរយ:កម្មវិធីសិក្សាតាម Online ក្នុងApp E-School Cambodia។
ក្នុងដំណាក់កាលដំបូង ការធានារ៉ាប់រងលើអាយុជីវិតនឹងផ្តល់ជូនដល់សិស្សនិស្សិតចំនួន១៥.០០០នាក់ ក្នុងកញ្ចប់ទឹកប្រាក់សរុបរហូតទៅដល់១០លានរៀល និងមានគម្រោងក្នុងការផ្តល់ជូនឲ្យដល់សិស្សនិស្សិតចំនួន១.០០០.០០០នាក់នៅក្នុងប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងគាំទ្រវិស័យអប់រំ។
ប្រសិនបើក្នុងករណីមិនល្អណាកើតឡើង កញ្ចប់ទឹកប្រាក់សរុប១០លានរៀល នឹងអាចជួយសម្រួលបន្ទុកគ្រួសាររបស់សិស្សនិស្សិត ហើយអាចនៅតែផ្តល់ឱកាសឲ្យពួកគាត់បន្តការសិក្សារហូតដល់ចប់កម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកសាស្ត្រាចារ្យ លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់របស់ E-School Cambodia បានបញ្ជាក់ថា៖ «ក្នុងនាមយើងខ្ញុំជាកូនខ្មែរ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហការដ៏សំខាន់មួយនេះ ហើយយើងលើកទឹកចិត្តអោយកាយវិការមួយនេះបន្តធើ្វ ដើម្បីជាប្រយោជន៍ដល់ប្រទេសយើងទាំងមូល»៕
(អត្ថបទពាណិជ្ជកម្ម)