កីឡាអន្តរជាតិ
អន្តរជាតិ
​លើក​ទី​៤​ហើយ​ដែល PSG ឈ្នះ​ពាន​៣​ក្នុង​រដូវ​កាល​តែមួយ នា​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​
01, Aug 2020 , 11:56 am        
រូបភាព
ក្រុម​កីឡាករ PSG អបអរសាទរការទទួលបាន League Cup របស់ខ្លួននៅកីឡដ្ឋាន Stade de France ។ រូបថត PSG
ក្រុម​កីឡាករ PSG អបអរសាទរការទទួលបាន League Cup របស់ខ្លួននៅកីឡដ្ឋាន Stade de France ។ រូបថត PSG
ដោយ: រួបរួម
Paris St-Germain បាន​យកឈ្នះ Lyon ដោយ​បាល់​ប៉េ​ណា​ល់​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ French League Cup (Coupe de La Ligue) នៅ Stade de France ដើម្បី​ឈ្នះ​ពាន​៣​ក្នុង​រដូវ​កាល​តែមួយ លើក​ទី​៤ នា​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​។​

 
​ការប្រកួត​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ រហូតដល់​ការកំណត់​បាល់​ប៉េ​ណា​ល់​ទី​។ ៥​គ្រាប់​ដំបូង​ទៅវិញទៅមក សុទ្ធតែ​ធ្វើបាន​សម្រេច មុន​ពេលដែល​អ្នកចាំទី Keylor Navas បាន​សង្គ្រោះ​បាល់​ពី​ការទា​ត់របស់ Bertrand Traore ហើយ Pablo Sarabia ជា​អ្នក​នាំ​គ្រាប់​ជ័យជម្នះ​សម្រាប់ PSG​។​
 
Lyon ប្រឈម​ខកខាន​ការប្រកួត​នៅ​ក្របខណ្ឌ​អឺរ៉ុប​ជា​លើកដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក ដោយ​ឱកាស​ដ៏​តិចតួច​របស់​ពួកគេ គឺ​ត្រូវ​ប្រឹង​ឲ្យ​ឈ្នះ​ពាន Champions League ដោយ​ពួកគេ​ត្រូវ​តទល់​ជាមួយ Juventus នា​ថ្ងៃ​សុក្រ ជាមួយនឹង​លទ្ធផល​មានប្រៀប ១-០ នៅ​ទឹកដី​ខ្លួន នា​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​សម្រាប់ PSG នេះ​ជាការ​ឈ្នះ​ពាន​៣​ក្នុង​រដូវ​កាល​តែមួយ (Ligue 1, Coupe de France និង League Cup) លើក​ទី​៤​នា​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​។ នៅ​ថ្ងៃទី​១២ ខែសីហា ខាងមុខ ពួកគេ​ត្រូវ​តទល់​ជាមួយ Atalanta នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Champions League ដើម្បី​តាម​ប្រមាញ់​ពាន​ទី​៤​នៅ​ឆ្នាំនេះ​៕

Tag:
 PSG
© រក្សាសិទ្ធិដោយ thmeythmey.com