សហព័ន្ធកីឡាជាតិចំនួន៣ គាំទ្រចំពោះសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា ដ្បិតពួកគេយល់ថា វាជាចំណុចចាប់ផ្តើមមួយដ៏ល្អ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យកីឡាកម្ពុជា។ ច្បាប់នេះមាន៨ជំពូកនិង១៥១មាត្រា ដែលបង្កើតឡើង ដើម្បីជួយដល់ការគ្រប់គ្រងវិស័យកីឡាឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ លោក ស សុខា អះអាងថា ច្បាប់នេះបង្កើតឡើងមិនមែនដើម្បីដាក់សម្ពាធ ឬគាបសង្កត់ស្ថាប័នណាមួយនោះឡើយ។
ថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់ ហែលទឹក និងគុនដាវ យល់ឃើញស្រដៀងៗគ្នាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។ ថ្នាក់ដឹកនាំសហព័ន្ធទាំងនេះបានបង្ហាញការគាំទ្រចំពោះសេចក្តីព្រាងច្បាប់នេះ ហើយរំពឹងថា វានឹងជួយឲ្យការគ្រប់គ្រងវិស័យកីឡាកាន់តែមានប្រសិទ្ធិភាព និងតម្លាភាព។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនកម្ពុជា ចាត់ទុកសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡានេះ ជារបត់ថ្មីមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យកីឡាកម្ពុជា។ លោកបាននិយាយដូច្នេះថា៖«ក្នុងនាមសហព័ន្ធខ្ញុំឈរលើគោលការណ៍ពីរ សម្រាប់ទស្សនខ្ញុំផ្ទាល់ ខ្ញុំគិតថា វាជាការចាប់ផ្តើមមួយដ៏ល្អ ព្រោះខ្ញុំនៅក្នុងកីឡា១៤ឆ្នាំ ទើបតែឃើញការផ្លាស់ប្តូរមួយ គឺរាជរដ្ឋាភិបាលចាប់ផ្តើមចេះយកចិត្តទុកដាក់។ ដូច្នេះការបង្កើតច្បាប់នេះ វាបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល»។
អតីតនិស្សិតច្បាប់រូបនេះ អះអាងថា កន្លងមកកម្ពុជាពុំទាន់មានការបែងចែងតួនាទីរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡា ឲ្យបានច្បាស់លាស់នៅឡើយទេ។ ដូច្នេះច្បាប់នេះ នឹងក្លាយជាបន្ទាត់ក្រិតពីតួនាទីរបស់ស្ថាប័នទាំងបី ជាពិសេសធ្វើឲ្យស្ថាប័នទាំងនេះស្គាល់តួនាទីកាន់តែច្បាស់។
«នៅក្នុងច្បាប់មួយនេះ បើសិនជាគាត់បង្កើតច្បាប់មកក្នុងគោលការណ៍មួយគ្រាន់តែគ្រប់គ្រងក្នុងវិស័យកីឡាក្នុងរូបភាពជាច្បាប់មួយ ដែលយើងមើលឃើញថា គាត់ចង់គ្រប់គ្រងតួនាទីឲ្យច្បាស់លាស់រវាងស្ថាប័នទាំងបី គឺល្អជាងមុន ដោយសារបច្ចុប្បន្នយើងមិនទាន់ដឹងថាខាងណាជាអ្នកជួយដល់សហព័ន្ធ ហើយយើងក៏មិនទាន់ដឹងថា តើតួនាទីរបស់ NOCC, របស់ក្រសួងអប់រំ និងសហព័ន្ធ វាយ៉ាងម៉េចដែរ»។ នេះជាការលើកឡើងរបស់លោក សុខ អាង។
សហព័ន្ធកីឡាជាតិមួយចំនួន ចាត់ទុកការបង្កើតច្បាប់នេះហាក់ដាក់បន្ទុកលើពួកគេ ។ ប៉ុន្តែលោក ធិន វិចិត្រ វិញ មិនយល់ឃើញបែបនោះឡើយ។ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះ យល់ថា ក្រសួងអប់រំតាក់តែងច្បាប់នេះឡើង មិនមែនដើម្បីគាបសង្កត់ ឬដាក់ទណ្ឌកម្មលើសហព័ន្ធឬស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជួយសម្រួលដល់ការគ្រប់គ្រងរបស់សហព័ន្ធទៅវិញ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មី លោក បានលើកឡើងដូច្នេះថា៖«ខ្ញុំគិតថា ជារឿងល្អមួយ ព្រោះយើងរស់នៅប្រទេសណាក៏ដោយ ត្រូវតែមានច្បាប់លម្លាប់ច្បាស់លាស់មួយ។ បើតាមខ្ញុំពិនិត្យ ការតាក់តែច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា មិនមែនជាការគាបសង្កត់ ឬដាក់ទណ្ឌកម្មនោះទេ តែវាជាការរៀបចំឲ្យការគ្រប់គ្រងកាន់តែមានតម្លាភាព និងមានសិទ្ធិពេញលេញក្នុងការជួយគ្នាទៅវិញទៅមករវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមួយក្រសួងអប់រំ និងសហព័ន្ធទៅវិញទេ»។
ដ្បិតសេចក្តីព្រាងច្បាប់នេះ អាចជាចំណុចចាប់ផ្ដើមមួយល្អ ប៉ុន្តែក៏វានៅមានចំណុចខ្វះខាតដែរ។នេះជាការមើលឃើញរបស់អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី ដែលស្នើឱ្យគណៈកម្មសេចក្តីព្រាងច្បាប់ គួរស្វែងរកនីតិវិធីសមស្របណាមួយបន្ថែមទៀត ក្នុងការបំពេញចំណុចខ្វះខាត ដើម្បីបញ្ចៀសផលប៉ះពាល់រវាងអ្នកអនុវត្ត និងអ្នកតាក់តែងច្បាប់។
បើតាមលោក ហែម គីរី សហព័ន្ធកីឡាជាតិ ដែលមានការយល់ដឹងផ្នែកច្បាប់ គួរចូលរួមផ្តល់គំនិត និងលើកពីផលប៉ះពាល់ដល់ការងាររបស់សហព័ន្ធខ្លួន ទៅកាន់គណៈកម្មសេចក្តីព្រាងច្បាប់ ជាជាងរិះគន់ថា សេចក្តីព្រាងច្បាប់នេះឡើងហាក់ដាក់បន្ទុក ឬគំនាប និងប៉ះពាល់ដល់ស្វ័យភាពខ្លួនជាដើម។ លោក ហែម គីរី យល់ថា ក្រសួងតាក់តែងច្បាប់នេះឡើង មិនមែនដើម្បីបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍរបស់សហព័ន្ធនោះឡើយ។
«អ្វីដែលយើងគិតថា ជាការប៉ះពាល់សូមសហព័ន្ធកីឡាជាតិទាំងអស់ ក៏ដូចជាអ្នកចេះច្បាប់ជួយផ្តល់គំនិត ដើម្បីឲ្យគាត់មានការកែប្រែ ឬពិភាក្សាបន្ត ជៀសវាងលើកឡើងថា ក្រសួងចង់ក្តោបក្តាប់ ឬប៉ះពាល់ដល់ស្វ័យភាពរបស់សហព័ន្ធ។ រឿងនេះបើយើងគិតលើចំណុចវិជ្ជមានវិញ គឺក្រសួងទទួលយកអ្វី ដែលយើងបានលើកឡើង ហើយយើងគួរតែបញ្ចេញ បានន័យថា អ្វីដែលប៉ះពាល់ដល់ការងាររបស់យើង ឬអ្វីដែលមិនអាចទៅរួមយើងជជែកគ្នា»។ នេះជាការលើកឡើងរបស់លោក ហែម គីរី។
សេចក្តីព្រាងច្បាប់នេះមាន៨ជំពូក ១៥១មាត្រា។ ប៉ុន្តែគេសង្កេតឃើញថា ត្រង់មាត្រា៣ក្នុងជំពូកទី១នៃសេចក្តីព្រាងច្បាប់នេះ ហាក់ផ្ទុយពីធម្មនុញ្ញអូឡាំពិកត្រង់ចំណុចស្វ័យភាពរវាងអង្គការកីឡា និងរដ្ឋអំណាចសាធរណៈ។
មាត្រា៣ស្តីពីវិសាលភាពអនុវត្តរបស់ច្បាប់ថ្មីនេះចែងថា ច្បាប់នេះមានវិសាលភាពគ្រប់គ្រង ចាត់ចែងសកម្មភាពអប់រំកាយនិងកីឡា និងសកម្មភាពហាត់ប្រាណ និងលេងកីឡា ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អង្គការរដ្ឋ អង្គការសង្គមកីឡា អង្គការសង្គមវិជ្ជាជីវៈកីឡា និងស្ថាប័នផ្សេងៗដែលពាក់ព័ន្ធនៅកម្ពុជា។ ត្រង់មាត្រា៨ក្នុងជំពូកទី២ចែងថា អង្គការសង្គមកីឡាសំដៅលើសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យមានការលើកឡើងថា ក្រសួងអប់រំយុវជន និងកីឡា តាក់តែងច្បាប់នេះឡើងដើម្បីក្តោបក្តាប់ការងារ និងធ្វើឲ្យប៉ះពាល់ស្វ័យភាពរបស់សហព័ន្ធ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាដើម។ ឆ្លើយតបនឹងការរិះគន់នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានចេញមកអះអាងថា ក្រសួងតាក់តែងច្បាប់នេះឡើង មិនមែនដើម្បីក្តោបក្តាប់ការងារ ឬដាក់សម្ពាធលើស្ថាប័នណាមួយនោះឡើយ។ ផ្ទុយទៅវិញ វាជាយន្តការមួយក្នុងការកំណែទម្រង់វិស័យអប់រំកាយនិងកីឡាឲ្យកាន់តែមានភាពត្រឹមត្រូវ និងងាយស្រួលគ្រប់គ្រងតែប៉ុណ្ណោះ។
ក្រោយច្បាប់នេះត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ លោក ជឿជាក់ថា វានឹងក្លាយជាប្រទីបបំភ្លឺផ្លូវក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាពេលចូលរួមបិទសិក្ខាសាលាស្តីពីការប្រមូលធាតុចូលសម្រាប់តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«វាជាយន្តការនៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រុមការងារគ្រប់វិស័យអប់រំកាយនិងកីឡា ក្រោយច្បាប់នេះត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ នោះរចនាសម្ព័ន្ធចាត់តាំងមួយចំនួនត្រូវបានបង្កើត ហើយរចនាសម្ព័ន្ធមួយចំនួនទៀតត្រូវបានកែលម្អ ធ្វើឲ្យការគ្រប់គ្រងវិស័យកីឡាកាន់តែមានភាពត្រឹមត្រូវ និងខិតទៅកាន់តែជិតនិយាមនៃស្តង់ដាអន្តរជាតិ»។
លោក ស សុខា ជឿជាក់ថា នៅពេលច្បាប់នេះ ចូលជាធរមានវានឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងទម្លាប់មួយចំនួនរបស់មន្ត្រីសហព័ន្ធណាមួយឡើយ ប៉ុន្តែវានឹងពង្រឹងសមត្ថភាពពួកគេឲ្យចេះទទួលខុសត្រូវដោយខ្លួនឯង។ «សហព័ន្ធកីឡាជាតិខ្លះនៅពេលក្រសួងរឹតបណ្តឹងនឹងការងារមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងរបាយការណ៍ រត់ទៅរកគណៈកម្មាធិការជាតិអូឡាំពិក ដើម្បីគាត់ជួយ ពេលខ្លះ NOCC រឹតបណ្តឹង រត់មកឲ្យក្រសួងជួយ។ ខ្ញុំគិតថា ច្បាប់នេះបន្តិចទៀតនេះ យើងនឹងបង្ខំឲ្យមានភាពទទួលខុសត្រូវរៀងខ្លួន។ សហព័ន្ធធ្វើអី? ក្រសួងអប់រំធ្វើអី? និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើអី? បែងចែកឲ្យច្បាស់ ការប្រកួតក្នុងស្រុក បង្កើតធនធាន បង្កើតក្រុមកីឡាករ គឺក្រសួង រីឯការដឹកនាំកីឡាករទៅប្រកួតនៅក្រៅប្រទេស គឺ NOCC»។ នេះជាការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងអប់រំ។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា រដ្ឋាភិបាលតាក់តែងច្បាប់នេះឡើង ដើម្បីគ្រប់គ្រងសកម្មភាពអប់រំកាយ និងកីឡា ការហាត់ប្រាណ និងលេងកីឡានៅកម្ពុជា។ ជាពិសេសដើម្បីចូលរួមកំណែទម្រង់ និងអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យកីឡាឲ្យកាន់តែរីកចម្រើន ក៏ដូចជាលើកស្ទួយកិត្យានុភាពកីឡាជាតិនៅលើឆាកអន្តរជាតិ។ ច្បាប់នេះ ក៏នឹងចូលរួមទប់ស្កាត់និងបង្ការ និងដោះស្រាយបញ្ហានានាក្នុងវិស័យកីឡានៅកម្ពុជាផងដែរ៕