ជាតិ
«​បាភ្នំ​» ជា​រមណីយដ្ឋាន​ធម្មជាតិ និង​ជាទីគោរព​សក្ការ​របស់​អ្នកស្រុក​បាភ្នំ​
01, Aug 2020 , 10:59 pm        
រូបភាព
ដោយ:
«​បាភ្នំ​» ជា​រមណីយដ្ឋាន​ធម្មជាតិ​មិនទាន់​កែច្នៃ  និង​ជា​គោលដៅ​ទេសចរណ៍​មួយកន្លែង​ដែល​ស្ថិតនៅ​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ក្នុង​ខេត្តព្រៃវែង ដែលមាន​សម្រស់​ស្រស់ស្អាត និង​ជាទី​កន្លែង​សក្ការ​របស់​អ្នកស្រុក​នៅ​ទីនោះ​។ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា បាភ្នំ​ត្រូវបាន​ចុះ​នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។


​បើតាម​ក្រសួងបរិស្ថាន​ដដែល នៅ​ខាងលើ​ភ្នំ​នេះ មាន​ចេតិយ ខ្ទម​អ្នកតា ទួល​ភ្នៀស និង​ល្អាង ត​ជាប់​គ្នា​ជា​ជួរ ដែល​អ្នកស្រុក​នៅ​ទីនោះ​មានជំនឿថា គឺជា​ទីកន្លែង​ដែលមាន​បារមី ស័​ក្ដ​សិទ្ធិ​សម្រាប់​ការ​បន់​ផ្សង​ផ្សេងៗ​។ លើសពីនេះ នៅក្បែរ​បាភ្នំ មាន​ទួល​មួយកន្លែង​ដែលមាន​រឿងព្រេង​ដំណាល​ថា ជា​កន្លែង​ដែល​នេន​ទុំ​លាចាក​សិក្ខាបទ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​វត្ត​វិហារ​ធំ​។ ក្រៅពីនេះ​ក៏មាន​ទួល​អ្នកតា និង​ព្រះវិហារ​មួយចំនួនទៀត​ដែល​អ្នកស្រុក​មាន​ជំនឿ និង​គោរពបូជា​។


​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​ខេត្ត កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង លើកឡើងថា​៖ «​នៅក្នុង​ខេត្តព្រៃវែង​មាន​តំបន់​ទេសចរណ៍​ចំនួន​៧​កន្លែង ដែល​ក្នុងនោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មាន​១​កន្លែង រមណីយដ្ឋាន​វប្បធម៌​ចំនួន​៣​កន្លែង និង​រមណីយដ្ឋាន​ធម្មជាតិ​មាន​៣​កន្លែង​។​»



លោក ជា សុ​មេធី បានបញ្ជាក់​ទៀតថា កាលពី​ឆ្នាំ​២០១៩​កន្លងមក ខេត្ត​នេះ​ទទួលបាន​ភ្ញៀវទេសចរ​សរុប ៥២​ម៉ឺន​៧​ពាន់​៩១៦​នាក់ ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​៥២​ម៉ឺន​៤​ពាន់​២៣៤​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​មានតែ​៣,៦៨២​នាក់​ទេ​៕  


 

© រក្សាសិទ្ធិដោយ thmeythmey.com