ជាតិ
ភ្នំក្រោម ទីតាំងគយគន់មើលផ្ទៃបឹងទន្លេសាប និងថ្ងៃអស្តង្គតដ៏ពេញនិយម
× ភ្នំពេញ៖ ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅខេត្តសៀមរាប ភាគច្រើនតែងសំដៅទៅមើលប្រាង្គប្រាសាទ ប៉ុន្តែអ្នកទេសចរ មិនគួរខកខាន ទិដ្ឋភាពថ្ងៃអស្តង្គតពីភ្នំក្រោម នោះទេ។ អ្នកទេសចរក៏អាចទស្សនា វាស្រែរាប់ពាន់ហិកតា ផ្ទៃបឹងទន្លេសាបដ៏ល្វឹងល្វើយ និងភូមិឋានប្រជាពលរដ្ឋ ពីលើកំពូលភ្នំក្រោមបានដែរ។ នៅទីនោះ ក៏ប្រាសាទបុរាណមួយ សង់ពីថ្មភក់ នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ទៀតផង។
ភ្នំក្រោម មានចម្ងាយប្រហែល១០គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ ទេសចរ អាចធ្វើដំណើរទៅលើភ្នំ តាមរយៈការដើរដោយថ្មើរជើងតាមជណ្តើរ ឬ អាចម៉ូតូ ឬរថយន្តឡើងឡើងតាមផ្លូវកៅស៊ូ រហូតដល់កំពូលភ្នំតែម្ដងក៏បាន ប្រសិនបើមិនចង់ចំណាយកម្លាំងច្រើន។
ភ្នំក្រោម គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយ នៅក្នុងខេត្តសៀមរាម ក្រៅតែពីប្រាង្គប្រាសាទ។ ក្រសួងទេសចរណ៍ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្នំក្រោម ជាកន្លែងល្អបំផុតសម្រាប់ទស្សនាព្រះអាទិត្យអស្ដង្គត ពីលើកំពូលភ្នំ ជាមួយសម្រស់ធម្មជាតិនៃវាលស្រែដ៏ធំល្វឹងល្វើយផុតកន្ទុយភ្នែកនៅខាងក្រោម ផ្ទៃបឹងទន្លេសាបដ៏អស្ចារ្យ និងភូមិឋានប្រជាពលរដ្ឋក្រោមភ្នំ។ ខ្យល់អាកាសដ៏បរិសុទ្ធ ពីកំពូលភ្នំក្រោម ក៏នឹងជួយឲ្យទេសចរស្បើយទុក្ខកង្វល់ដែរ។
ក្រៅពីខ្យល់អាកាសដ៏សែនមនោរម្យ និងទិដ្ឋភាពទាំងឡាយពីកំពូលភ្នំ អ្នកទេសចរ ក៏អាចទស្សនាប្រសាទបុរាណមួយ ដែលសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ទៀតផង។ នេះបើតាមក្រសួងទេសចរណ៍៕
រូបភាពពីលើភ្នំក្រោម ដោយលោក ទូច សុវណ្ណឌី
Tag:
ភ្នំក្រោម
សៀមរាប
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com