ជាតិ
មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដាំ​កូនឈើ​ចម្រុះ​៤​ពាន់​ដើម​លើ​ខ្នងភ្នំ​គូលែន​
01, Aug 2020 , 11:59 pm        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
ដោយ:
​ភ្នំពេញ​៖ មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣០ ខែកក្កដា​កន្លងទៅ បានរៀបចំ​ដាំ​កូនឈើ​ចម្រុះ​ចំនួន​៤​ពាន់​ដើម នៅលើ​ផ្ទៃដី​ជាង​៣​ហិកតា ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​«​ភ្នំ​គូលែន​» ខាងជើង​ស្ទឹងធំ តំបន់​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​ស្ដារ​គម្រប​បៃតង និង​អភិរក្ស​ធនធានធម្មជាតិ ពិសេស​នៅក្នុង​តំបន់​ស្ដារ​ព្រៃ​ឡើងវិញ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​។​

 
​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​បាន​និយាយថា​៖ «​កន្លងមក មន្ទីរ​បរិស្ថាន​ខេត្ត​ធ្លាប់បាន​ដាំ​កូនឈើ​នៅទីនេះ​ចំនួន​ពីរលើក​មកហើយ ដោយ​សរុប​បាន​៥៦០០​ដើម ហើយ​នេះ​គឺជា​លើក​ទី​បី​ដែល​មន្ទីរ​បានរៀបចំ​ដាំ​កូនឈើ​នៅលើ​ខ្នងភ្នំ​គូលែន​»​។​
 
​លោក​បាន​បញ្ជាក់ថា ការដាំ​កូនឈើ​នេះ​ទទួលបាន​ការគាំទ្រ​ពី​គម្រោង​មូលនិធិ​ភាពជា​ដៃគូ​កាបូន​ព្រៃឈើ​របស់​អង្គការ​UNDP គម្រោង​ស្ដារ​តំបន់​ទេសភាព​ព្រៃឈើ​ឡើងវិញ​របស់​អង្គការ​FAO និង​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​គោលបំណង​ដើម្បី​ស្ដារ​គម្រប​បៃតង និង​គម្រប​ព្រៃឈើ​ឡើងវិញ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​។​


 កូនឈើភ្នំគូលែន

​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក៏បាន​លើកឡើង​ដែរ​ថា ការដាំ​កូនឈើ​ឡើងវិញ​នេះ​ពិត​ជាមាន​សារៈប្រយោជន៍ សម្រាប់​បំផុសស្មារតី​ប្រជាពលរដ្ឋ ឱ្យ​ចេះ​ស្រលាញ់​ព្រៃឈើ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។ 
 
​លោក​បាន​បន្តទៀតថា ក្រសួងបរិស្ថាន​កំពុង​ការពារ ទប់ស្កាត់ និង​អនុវត្ត​វិធានការណ៍​នានា ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ និង​ការកាប់​ទន្ទ្រាន​ដី​ខុសច្បាប់ ក៏ដូចជា​ជំរុញ​ការស្ដារ​ព្រៃឈើ​វិញ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ភ្នំ​គូលែន​មាន​ភាពល្អប្រសើរ​ឡើងវិញ ជាពិសេស​ធានាបាន​នូវ​និរន្តរភាព​ទឹក​សម្រាប់​តំបន់​អង្គរ​៕
 

Tag:
 Thmey Thmey25
  ​ព្រៃឈើ
  ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com